ជាតិ
ទូតអាល្លឺម៉ង់ ចាត់ទុកជំនួបរវាងសម្ដេច ហ៊ុន សែន និងលោក កឹម សុខា ជារឿងវិជ្ជមាន លោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ជួបសួរសុខទុក្ខលោក កឹម សុខា មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ នៅគេហដ្ឋាន នៅព្រឹកថ្ងៃទី១១ ឧសភា
× ភ្នំពេញ៖ ជំនួបរវាងសម្ដេច ហ៊ុន សែន និងលោក កឹម សុខា នៅក្នុងពិធីបុណ្យសពរបស់ម្ដាយក្មេកសម្ដេច កាលពីថ្ងៃទី៥ ឧសភាកន្លងមក អាចជាសញ្ញាវិជ្ជមានមួយ នៅក្នុងក្រសែភ្នែកលោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា។
លោក Christian Berger គាំទ្រចំពោះជំនួបរវាងអ្នកនយោបាយទាំងពីរនេះ។ លោក មុត ចន្ថា មនុស្សស្និទលោក កឹម សុខា បានស្រង់សម្ដីលោក Christian Berger ដែលបានជួបសួរសុខទុក្ខលោក កឹម សុខា នៅគេហដ្ឋាន នៅព្រឹកថ្ងៃទី១១ ឧសភាថា ៖«លោកឯកអគ្គរដ្ឋទូតក៏បានបង្ហាញនូវការគាំទ្រចំពោះការជួបនេះដោយចាត់ទុកថាជារឿងវិជ្ជមាន»។
សារព័ត៌មានថ្មីៗ មិនអាចទាក់ទងលោក មុត ចន្ថា មនុស្សស្និទលោក កឹម សុខា ដើម្បីសុំព័ត៌មានលម្អិតជុំវិញកិច្ចពិភាក្សាក្នុងជំនួបនេះឡើយ។
ប៉ុន្តែលោក មុត ចន្ថា បានបញ្ជាក់លើហ្វេសប៊ុកថា ក្រៅពីពិភាក្សារឿងជំនួបនយោបាយរវាងថ្នាក់ដឹកនាំទាំងពីរនេះ លោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ក៏បាននិយាយគ្នាអំពីសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងស្ថានភាពកូវីដ-១៩ និងអំពីស្ថានភាពអនាគតទៀតផង។
បន្ទាប់ពីជួបឯកអគ្គរដ្ឋទូតអាល្លឺម៉ង់នេះ លោក កឹម សុខា ដែលកំពុងរងបទចោទ«គប់គិតជាមួយបរទេស» ហើយស្ថិតនៅក្នុងដំណើរការជំនុំជម្រះក្នុងតុលាការនេះ ក៏មានគម្រោងជួបបណ្ដាអង្គទូតនានា បន្ថែមទៀតដែរ។
«ក្នុងសប្តាហ៍នេះ ខ្ញុំនឹងទទួលជួបជាមួយនឹងឯកអគ្គរដ្ឋទូត-ឯកអគ្គរាជទូត នៃប្រទេសកាន់លទ្ធិប្រជាធិបតេយ្យសំខាន់ៗមួយចំនួន ដែលមានស្ថានទូតនៅភ្នំពេញ ដោយផ្ទាល់នៅគេហដ្ឋានរបស់ខ្ញុំជាបន្តបន្ទាប់។ ដោយឡែកឯកអគ្គរដ្ឋទូត-ឯកអគ្គរាជទូត នៃប្រទេសជាមិត្តប្រចាំព្រះរាជាណាចក្រកម្ពុជាមួយចំនួនទៀត ដែលមិនមានទីតាំងស្ថានទូតនៅក្នុងទឹកដីកម្ពុជា ស្របពេលមានជំងឺកូវីដ-១៩ មិនអាចមកជួបខ្ញុំផ្ទាល់បាន ក៏បានផ្ញើសារ និងទំនាក់ទំនងតាមបណ្តាញសង្គមមកសួរសុខទុក្ខខ្ញុំផងដែរ»។ នេះជាការបញ្ជាក់របស់លោក កឹម សុខា មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com