COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ៥នាក់នៅលីគអេស្ប៉ាញតេស្តវិជ្ជមាន COVID-19 ខណៈរដ្ឋបន្ធូរការរឹតបន្តឹង la-liga
× កីឡាករបាល់ទាត់ចំនួន៥រូបដែលប្រកបអាជីពក្នុងក្របខណ្ឌ La Liga និងលីគកម្រិតទីពីរអេស្ប៉ាញធ្វើតេស្តចេញលទ្ធផលវិជ្ជមានជំងឺ COVID-19។ ពួកគេមិនត្រូវបានបញ្ចេញអត្តសញ្ញាណឡើយ ហើយត្រូវដាក់ឲ្យស្ថិតនៅដាច់ដោយឡែក និងមានការត្រួតពិនិត្យជាប្រចាំ។
La Liga បានចាប់ផ្តើមធ្វើតេស្តរក COVID-19 លើកីឡាករកាលពីសប្តាហ៍មុន ស្របពេលលីគត្រូវបានអនុញ្ញាតឲ្យមានការត្រឡប់ចូលហ្វឹកហាត់វិញ បន្ទាប់ពីមានការបន្ធូរបន្ថយការរឹតបន្តឹងមួយចំនួន ពីសំណាក់រដ្ឋាភិបាលអេស្ប៉ាញ។
អ្នករៀបចំការប្រកួតក្របខណ្ឌកំពូលអេស្ប៉ាញ មានបំណងចាប់ផ្តើមលីគឡើងវិញ នៅខែមិថុនាខាងមុខនេះ បន្ទាប់ពីផ្អាកដោយគ្មានកំណត់កាលពីនៅខែមីនា ដោយសារការរាតត្បាតខ្លាំងនៃជំងឺរលាកសួតបង្កដោយកូរ៉ូណាប្រភេទថ្មី។ កីឡាករទាំងអស់ ដែលមកពីលីគកំពូល និងទីពីរតម្រូវឲ្យធ្វើតេស្ត មុនពេលពួកគេត្រឡប់ទៅកន្លែងហ្វឹកហាត់វិញ ដោយមានការផ្ទៀងផ្ទាត់អាការជាមួយអាជ្ញាធរកីឡា និងសុខភាពអេស្ប៉ាញ ដែលធានាសុវត្ថិភាពដល់កីឡាករ និងបុគ្គលិក។
កីឡាកររបស់ក្លិបមួយចំនួននៅអេស្ប៉ាញ រួមទាំងម្ចាស់ការពារតំណែងជើងឯក Barcelona ផងសុទ្ធតែត្រូវបានធ្វើតេស្តរក COVID-19 និងចាប់ផ្តើមហ្វឹកហាត់នៅក្នុងទីលានដោយគោរពតាមគោលការគម្លាតសុវត្តិភាព។ ក្រោយការពិនិត្យ La Liga បានបង្ហាញលទ្ធផលថាមានកីឡាករចំនួន៥នាក់បានផ្ទុកជំងឺរលាកសួតបង្កដោយកូរ៉ូណាវីរុសប្រភេទថ្មីនេះ។
អេស្ប៉ាញ ជាប្រទេសមួយដែលរងគ្រោះខ្លាំងជាងគេនៅអឺរ៉ុប ដោយសារ COVID-19 ក្នុងនោះមានអ្នកស្លាប់ចំនួនជិត ២៧០០០ នាក់ ក្នុងចំណោមអ្នកឆ្លងជាង២៦ម៉ឺនករណី គិតត្រឹមថ្ងៃទី១១ ខែឧសភា។
ដោយឡែកនៅលីគកំពូលអង់គ្លេស Premier League វិញ ក្លិប Brighton បានប្រកាសថាកីឡាករទី៣របស់ខ្លួន បានឆ្លង COVID-19 នេះផងដែរ។ អង់គ្លេស ក៏នឹងត្រូវបើកកិច្ចប្រជុំនៅថ្ងៃទី១១ ខេឧសភានេះ ជុំវិញការបើករដូវកាលឡើងវិញ ដើម្បីបញ្ចប់លីគរបស់ខ្លួនរដូវកាលនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com