ជាតិ
សង្គមជាតិ
នគរបាលជាន់ខ្ពស់៖ ការរឹតបន្តឹងច្បាប់ចរាចរណ៍ ធ្វើឲ្យពលរដ្ឋ កែប្រែឥរិយាបថ នាយឧត្តមសេនីយ ហ៊ឹម យ៉ាន អគ្គស្នងការនគរបាលជាតិ
× នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកផ្នែកចរាចរណ៍ បានលើកឡើងពីលទ្ធផលវិជ្ជមានមួយចំនួន ដែលទទួលពីការអនុវត្តអនុក្រឹត្យថ្មីស្តីពីផាកពិន័យបទល្មើសចរាចរណ៍។ លោក បង្ហាញលទ្ធផលវិជ្ជមានសំខាន់២យ៉ាង គឺ ទី១ ប្រជាពលរដ្ឋ កែប្រែឥរិយាបថក្នុងការបើកបរ និង ទី២ គ្រោះថ្នាក់ចរាចរណ៍ ថយចុះច្រើន។
លោក ហ៊ឹម យ៉ាន នគរបាលជាន់ខ្ពស់ម្នាក់ ដែលដឹកនាំការអនុវត្តអនុក្រឹត្យថ្មីស្តីពីការផាកពិន័យបទល្មើសចរាចរណ៍ វាយតម្លៃថា អ្នកបើកបរភាគច្រើន បានពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវាត់ការពារ និង គោរពសញ្ញាចរាចរណ៍។ លោក និយាយទៀតថា ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋ រូតរះនាំគ្នាយកយានយន្ត ទៅត្រួតពិនិត្យលក្ខណបច្ចេកទេស ធ្វើបណ្ណបើកបរ និងបំពេញលិខិតស្នាមផ្សេងៗដែលច្បាប់តម្រូវ។ លោក បន្ថែមថា លើសពីនេះ ប្រជាពលរដ្ឋ ព្យាយាមចង់ដឹង-ចង់យល់ពីច្បាប់និងបញ្ហាចរាចរណ៍ ដោយហៅទូរស័ព្ទទៅសួរតាមរយៈលេខ ១១៧ (Hotline) និង សួរតាមបណ្តាញសង្គមនានារបស់សមត្ថកិច្ច។
ក្នុងសន្និសីទសារព័ត៌មានស្តីពីការអនុវត្តអនុក្រឹត្យថ្មីពាក់ព័ន្ធនឹងការរឹតបន្តឹងចរាចរណ៍ លោក ហ៊ឹម យ៉ាន ថ្លែងដូច្នេះថា៖«...អស់លោក បានឃើញស្រាប់ ការធ្វើដំណើរ បានកែប្រែឥរិយាបថ [របស់ប្រជាពលរដ្ឋ]។ ឥរិយាបថនេះ ជាឥរិយាបថមួយថ្មី ខុសពីពេលមុន»។ លោក បន្តថា៖«យើងសង្ឃឹមថា ឥទ្ធិពលនៃការរឹតបន្តឹងនេះ នឹងទទួលបាននូវភាពវិជ្ជមាន តទៅអនាគតយូរអង្វែងទៅទៀត ធ្វើឲ្យស្ថានភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា មានភាពល្អប្រសើរ»។
បើធៀបនឹងរយៈពេល១សប្តាហ៍ដើមខែឧសភា ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល១សប្តាហ៍ដើមខែឧសភា ឆ្នាំ២០២០ បានថយចុះដល់ទៅ៥៤,៧៣ភាគរយ ពោលគឺ ថយពី៩៥លើក មកនៅសល់ត្រឹម៤៣លើក ដោយក្នុងនោះ អ្នកស្លាប់ ថយចុះពី៤០នាក់ មកនៅ២៤នាក់ ហើយអ្នករបួស ថយចុះពី១១៥នាក់ មកនៅ៥៦នាក់។ នេះបើតាមរបាយការណ៍ ដែលលោក ហ៊ឹម យ៉ាន បានអានក្នុងសន្និសីទសារព័ត៌មាន។
លោក ប្រាប់អ្នកកាសែតថា ក្នុងឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍ កើតឡើងយ៉ាងគំហុក ដោយមានអ្នកស្លាប់ដល់ទៅ២២០នាក់ ហើយអ្នករបួស មានដល់ទៅជាង១,៣ពាន់នាក់។ លោក ចាត់ទុក គ្រោះថ្នាក់ចរាចរណ៍ ថា មានគ្រោះថ្នាក់ លើសពីគ្រោះថ្នាក់សង្គមនានា។ លោក អះអាងថា ដោយសារតែមើលឃើញមហន្តរាយពីគ្រោះថ្នាក់ចរាចរណ៍នេះហើយ ទើបបានជារដ្ឋាភិបាល កែប្រែអនុក្រឹត្យ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ចាប់ពីឆ្នាំ២០២០នេះទៅ។
របាយការណ៍ពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា រយៈពេលមួយសប្តាហ៍នៃការអនុវត្តអនុក្រឹតថ្មី នគរបាលចរាចរណ៍ បានឃាត់យានយន្តប្រមាណ១,៤ម៉ឺនគ្រឿង ដោយក្នុងនោះ ទោចក្រយានយន្តនិងត្រីចក្រយានយន្ត មានជាង១ម៉ឺនគ្រឿង ហើយរថយន្ត មានជាង៣ពាន់គ្រឿង។ អនុក្រឹត្យថ្មីនេះ បានបង្កើនប្រាក់ផាកពិន័យពី៣ដល់៥ដង បើធៀបនឹងការផាកពិន័យកាលពីមុន។ រដ្ឋាភិបាល ចាប់ផ្តើមអនុវត្តអនុក្រឹត្យថ្មីនេះ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០៕
© រក្សាសិទ្ធិដោយ thmeythmey.com