COVID-19
អន្តរជាតិ
រដ្ឋាភិបាល​អាមេរិក ពិចារណា​ចេញ​ជំនួយ​បន្ថែម ក្រោយ​ការបាត់បង់​ការងារ​មាន​សភាព​អាក្រក់​ខ្លាំង​ដោយសារ​COVID-19
11, May 2020 , 9:19 pm        
រូបភាព
លោក Steven Mnuchin រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក។រូបភាពAFP
លោក Steven Mnuchin រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក។រូបភាពAFP
ដោយ:
​សេត​វិមាន​អាមេរិក បានចាប់ផ្តើម​ពិភាក្សា​ក្រៅផ្លូវការ​ជាមួយ​សមាជិកសភា​មកពី​គណបក្ស​ប្រជាធិបតេយ្យ និង​សាធារណរដ្ឋ ដើម្បី​កំណត់​ជំនួយ​បន្ថែម ក្នុង​ការចេញ​ច្បាប់​ជាថ្មី​ម្តងទៀត​ដើម្បី​ផ្តល់ជំនួយ​ទប់ទល់​ផលប៉ះពាល់​ដោយសារ COVID-19​។ ការគិតគូរ​បែបនេះ ធ្វើ​ឡើងខណៈ​មានការ​រំពឹងថា នឹងមាន​ការបាត់បង់​ការងារ​បន្ថែមទៀត នៅ​ប៉ុន្មាន​ខែ​ខាង​មុន​។

 
​មន្ត្រី​ក្នុង​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​អះអាង​ឲ្យ​ដឹងថា លោក Steven Mnuchin រដ្ឋមន្ត្រីក្រសួង​រតនា​គារ និង​លោក Larry Kudlow ទីប្រឹក្សា​សេដ្ឋកិច្ច​ប្រចាំ​សេត​វិមាន បាន​ជួបពិភាក្សា​ជាមួយ​សមាជិកសភា ទៅលើ​បញ្ហា​ជាច្រើន ដែល​ក្នុងនោះ​ក៏​រួមមាន​ផងដែរ​ការ​ជំនួយ​ចាំបាច់​សម្រាប់​រដ្ឋ​ដែល​ទទួលរង​ការខូចខាត​វិស័យ​ហិរញ្ញវត្ថុ​យ៉ាងដំណំ ដោយសារ​ជំងឺឆ្លង​COVID-19​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​ចំណែកឯ ទីប្រឹក្សា​សេដ្ឋកិច្ច​ប្រចាំ​សេត​វិមាន​ម្នាក់ទៀត​គឺ​លោក Kevin Hasset និយាយថា​ច្បាប់​ស្តីពី​ជំនួយ​សង្គ្រោះ​លើក​ក្រោយ អាច​នឹង​បញ្ចូល​ជំនួយ​ស្បៀង​ដល់​អ្នក​ដែល​រងគ្រោះ​អត់ឃ្លាន អំឡុងពេល​បាត់បង​ការងារ​ដែល​ប៉ះពាល់​ដល់​ហិរញ្ញវត្ថុ​របស់​មនុស្ស​ជាច្រើន​។ លោក​ក៏​បន្ថែម​ផងដែរ​ថា ជំនួយ​ថ្មី​នេះ​ក៏​អាច​រួមបញ្ចូល​ការទទួលបាន​អ៊ីនធឺណិត​សម្រាប់​អ្នក​ដែល​ខ្វះខាត​ផងដែរ​។​
 
​ខណៈពេលដែល គណបក្ស​ប្រជាធិបតេយ្យ​ដែល​គ្រប់គ្រង​សភា​តំណាង កំពុង​រៀបចំ​បង្ហាញ​ច្បាប់​ជំនួយ​សង្គ្រោះ​នៅ​សប្តាហ៍​ក្រោយ រដ្ឋការ​លោក​ប្រធានាធិបតី​ត្រាំ​ឯនេះ​វិញ បង្ហាញ​សញ្ញា​ថា​គេ​មិនគួរ​ប្រញាប់ប្រញាល់​អនុម័ត​ច្បាប់​ថ្មី​ឡើយ​។ ដោយ​លោក Mnuchin រដ្ឋមន្ត្រីក្រសួង​រតនា​គារ និយាយថា​គេ​គួរ​ណាស់​តែ​រងចាំ​ប៉ុន្មាន​សប្តាហ៍​ទៀត​។​
​លោក​រដ្ឋមន្ត្រី​បន្ថែមថា យើង​ចង់​ច្បាស់លាស់ មុននឹង​ចាយលុយ​របស់​អ្នក​បង់ពន្ធ​ទ្រី​លាន​ដុល្លារ ហើយ​យើង​នឹង​ចាយ​ដោយ​ប្រុងប្រយ័ត្ន​។ លោក​អះអាង​ទៀតថា ច្បាស់​ណាស់​ថា​យើង​នឹងមិន​ធ្វើ​រឿង​ដូចជា​ជួយ​រដ្ឋ ដែលមាន​ការគ្រប់គ្រង​អន់​ឡើយ​។​
 
​តាំងតែ​ពី​ដើម ខែមីនា​មក សភា​អាមេរិក​បានអនុម័ត​ថវិកា​៣​ពាន់​លាន​ដុល្លារ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​រាតត្បាត​COVID-19 ដែល​ផ្តល់ប្រាក់​ដល់​ក្រុមហ៊ុន និង​បុគ្គល ដើម្បី​សម្រាល​ផលប៉ះពាល់​សេដ្ឋកិច្ច​។ ទោះជា​យ៉ាងណាក្តី អត្រា​អ្នក​អត់​ការងារ​ធ្វើ​កើន​ដល់​១៤,៧​ភាគរយ ដែលជា​តួរ​លេខ​ដែល​ពុំ​ធ្លាប់មាន​តាំងតែ​ពី​មាន​វិបត្តិ​សេដ្ឋកិច្ច​ទសវត្សរ៍​ឆ្នាំ​១៩៣០​មក​។​
 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍​CBS លោក​Hasset ទីប្រឹក្សា​សេដ្ឋកិច្ច​ប្រចាំ​សេត​វិមាន និយាយថា​ចំនួន​អ្នក​អត់​ការងារ​ធ្វើ​អាច​កើន​ឡើងដល់​ខ្ទង់​២០​ភាគរយ ក្នុង​ខែឧសភា​ឫ​មិថុនា​។​ចំណែកឯ លោក Mnuchin រដ្ឋមន្ត្រីក្រសួង​រតនា​គារ​និយាយថា អត្រា​អ្នកគ្មានការងារ​ធ្វើ​អាច​នឹង​កើន​ដល់​២៥​ភាគរយ ដោយ​រាប់បញ្ចូល​អ្នក​បាត់បង់​ការងារ អ្នក​មិន​ស្វែងរក​ការងារ និង​អ្នកគ្មានការងារ​សមរ​ម្យ​៕

Tag:
 សហរដ្ឋអាមេរិក​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com