ជាតិ
សង្គមជាតិ
អតីត​បុគ្គលិក​១៤២​នាក់​នៃ​សណ្ឋាគារ The Great Duke នាំគ្នា​ទៅ​ទារ​សំណង​លើក​ទី​៧
11, May 2020 , 3:50 pm        
រូបភាព
សកម្មភាព​អតីតបុគ្គលិកដែល​មកទាមទារឲ្យ​ម្ចាស់សណ្ឋាគារ​ផ្តល់សំណង​ក្រោយបញ្ឈប់ការងាររបស់ពួកគេកាលពីខែធ្នូ ឆ្នាំ​២០១៩
សកម្មភាព​អតីតបុគ្គលិកដែល​មកទាមទារឲ្យ​ម្ចាស់សណ្ឋាគារ​ផ្តល់សំណង​ក្រោយបញ្ឈប់ការងាររបស់ពួកគេកាលពីខែធ្នូ ឆ្នាំ​២០១៩
ដោយ:
ភ្នំពេញ​៖ អតីត​បុគ្គលិក​១៤២​នាក់ លើកគ្នា​ទៅ​តវ៉ា​នៅមុខ​សណ្ឋាគារ​ផ្កាយ​៥ The Great Duke Phnom Penh  នា​ព្រឹក​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២០ ដើម្បី​ទាមទារ​ឲ្យ​ម្ចាស់​សណ្ឋាគារ ផ្តល់​សំណង​ទៅតាម​ការសន្យា ក្រោយ​សណ្ឋាគារ ប្រកាស​បិទទ្វារ និង​បញ្ឈប់​ការងារ​របស់​ពួកគេ កាលពី​ខែធ្នូ ឆ្នាំ​២០១៩ កន្លងទៅ​។

 
 
​លោក តូច កុសល អតីត​ប្រធាន​សហជីព​កម្មករនិយោជិត​វិស័យ​ទេសចរណ៍ នៅ​សណ្ឋាគារ The Great Duke Phnom Penh និង​ជា​អ្នកតំណាង​ឲ្យ​បុគ្គលិក​ដែល​ទៅ​តវ៉ា បាន​អះអាងថា នេះ​ជា​លើក​ទី​៧​ហើយ ដែល​ពួកគេ ទៅ​តវ៉ា​ឲ្យ​ម្ចាស់​សណ្ឋាគារ​ដោះស្រាយ​។ លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា រយៈពេល​៥​ខែ​ហើយ ដែល​ម្ចាស់​សណ្ឋាគារ មិនទាន់​ចូលខ្លួន​មក​ដោះស្រាយ​ជូន​បុគ្គលិក​១៤២​នាក់ ទៅតាម​កិច្ចសន្យា ក្រោយ​បញ្ឈប់​ការងារ​របស់​ពួកគេ​។ 
 

លោក តូច កុសល អតីតប្រធានសហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៅThe Great Duke Phnom Penh និងជាអ្នកតំណាងឲ្យបុគ្គលិកទាំង១៤២នាក់ដែលទាមទារឲ្យ​សណ្ឋាគារ​ផ្តល់សំណង​ក្រោយពេល​សណ្ឋាគារបញ្ឈប់ការងាររបស់ពួកគេ​

​លោក បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ម្ចាស់​សណ្ឋាគារ​អត់​បាន​ដោះស្រាយ​ទេ ព្យាយាម​គេចវេស​។ កើតមាន​បញ្ហា​នៅ​កន្លែង​នេះ គឺ​យើង​បាន​ណាត់ជួប​ខាង​និ​យោក​ជក ចរចា​គ្នា ប៉ុន្តែ​ជាច្រើនលើក​នៃ​ការចរចា​នេះ គេ នៅតែ​និយាយថា គេ​អត់​មាន​លុយ​បង់​ឲ្យ​កម្មករ​...»​។ 
 
​លោក បន្តថា​៖«​បន្ទាប់ពី​យើង​ជជែក​គ្នា​អត់​ត្រូវ បាន​យើង​រុញ​ទៅ​ក្រសួង​ការងារ​២​ទៅ​៣​ដង ដើម្បី​ឲ្យ​គាត់​ដោះស្រាយ ប៉ុន្តែ​ក្រសួង​ការងារ អត់​ទាន់​ដោះស្រាយបាន​។ អ៊ីចឹង​បាន​បញ្ជូនទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ហើយ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​បាន​កាត់សេចក្តី​ថា ឲ្យ​ម្ចាស់​សណ្ឋាគារ​បង់​សំណង​ឲ្យ​កម្មករ​។ កាត់សេចក្តី​ហើយ​សណ្ឋាគារ​នៅតែ​មិន​គោរព​ទៅតាម​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ហើយ​ព្យាយាម​គេចវេស​ទៀត​»​។​
 
​បើតាម​លោក តូច កុសល រហូតមកដល់​ពេលនេះ បុគ្គលិក​ទាំង​១៤២​នាក់​នោះ គឺ​សុទ្ធតែ​គ្មាន​ការងារ​ធ្វើ​ទាំងអស់ ក្រោយ​ម្ចាស់​សណ្ឋាគារ​បញ្ឈប់​ការងារ​។    
 
​លោក បញ្ជាក់ថា កាលពី​អំឡុង​ខែកក្កដា ឆ្នាំ​២០១៩ បុគ្គលិក​ជាង​១០០​នាក់ ក៏បាន​ទៅ​តវ៉ា​ឲ្យ​ម្ចាស់​សណ្ឋាគារ​បើក​ប្រាក់ខែ​សម្រាប់​ប្រចាំខែ​នីមួយៗ​ឲ្យ​បាន​ទៀងទាត់​ផងដែរ​។ ពេលនោះ​ម្ចាស់​សណ្ឋាគារ​ក៏បាន​ដោះស្រាយ​ជូន​រួចរាល់​ហើយ​ដែរ​។ ប៉ុន្តែ​ការតវ៉ា​លើក​នេះ គឺ​ពួកគេ​ទាមទារ​ឲ្យ​សណ្ឋាគារ​គោរព​ទៅតាម​កិច្ចសន្យា ដែលថា​ផ្តល់​សំណង​ជូន​ដល់​បុគ្គលិក​ដែល​បាត់បង់​ការងារ​។ 


 សកម្មភាព​អតីតបុគ្គលិកដែល​មកទាមទារឲ្យ​ម្ចាស់សណ្ឋាគារ​ផ្តល់សំណង​ក្រោយបញ្ឈប់ការងាររបស់ពួកគេកាលពីខែ​ឆ្នូ ឆ្នាំ​២០១៩
 
​ឆ្លើយតប​នឹង​បញ្ហា​នេះ លោក អ៊ូ រតនា អគ្គលេខា​រង​នៃ​គណៈកម្មការ​ដោះស្រាយ​បាតុកម្ម កូដកម្ម នៅ​គ្រប់​មុខសញ្ញា​នៃ​ក្រសួង​ការងារ លើកឡើងថា ក្រសួង​ការងារ នឹង​ហៅ​តំណាង​កម្មករនិយោជិត និង​ម្ចាស់​គ្រប់គ្រង​សណ្ឋាគារ​ឲ្យ​ទៅ​ពិភាក្សាគ្នា ដើម្បី​រក​ដំណោះស្រាយ​ជូន​បុគ្គលិក​សណ្ឋាគារ​នៅ​ថ្ងៃទី​១២ ខែឧសភា​។ 
 

 សកម្មភាព​អតីតបុគ្គលិកដែល​មកទាមទារឲ្យ​ម្ចាស់សណ្ឋាគារ​ផ្តល់សំណង​ក្រោយបញ្ឈប់ការងាររបស់ពួកគេកាលពីខែ​ឆ្នូ ឆ្នាំ​២០១៩
 
​លោក អ៊ូ រតនា ដែលមាន​វត្ត​មាននៅ​សណ្ឋាគារ The Great Duke Phnom Penh ដែរនោះ មានប្រសាសន៍ថា​៖«​បន្ទាប់ពី​ភាគី​ទាំងសងខាង​អនុវត្ត​ទៅតាម​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ដល់​ថ្ងៃនេះ និយោជក មិនទាន់​អនុវត្តតាម ដូច្នេះ ក្រសួង​ការងារ ក៏បាន​ដាក់​កំហិត​ហើយ មិនមែន​ព្រងើយកន្តើយ​ទេ​។ ស្អែក យើង​ហៅ​គាត់​ទៅ​ជួប​ទៀត បើ​គាត់​នៅតែ​មិន​អនុវត្តតាម គឺ​ក្រសួង​នឹង​ចាត់វិធានការ​តាមច្បាប់​»៕


 សកម្មភាព​អតីតបុគ្គលិកដែល​មកទាមទារឲ្យ​ម្ចាស់សណ្ឋាគារ​ផ្តល់សំណង​ក្រោយបញ្ឈប់ការងាររបស់ពួកគេកាលពីខែ​ឆ្នូ ឆ្នាំ​២០១៩
 

Tag:
 សណ្ឋាគារ​
 ​បុគ្គលិក
© រក្សាសិទ្ធិដោយ thmeythmey.com