អន្តរជាតិ
នាវា​យោធា​អ៊ីរ៉ង់ បាញ់​មី​ស៊ី​ល​ភ្លាត់ស្នៀត​សម្លាប់​នា​វឹក​១៩​នាក់​នៅ​ឈូង​សមុទ្រ​អូ​ម៉​ង់​
11, May 2020 , 4:34 pm        
រូបភាព
រូបតំណាង
រូបតំណាង
ដោយ:
នា​វឹក ១៩​នាក់ ត្រូវបាន​សម្លាប់ និង​១៥​នាក់​ទៀត រងរបួស​ក្នុង​ហេតុការណ៍​បាញ់​មី​ស៊ី​ល​ភ្លាត់ស្នៀត ពាក់ព័ន្ធ​នាវា​យោធា​អ៊ីរ៉ង់ ២ គ្រឿង​។ ទាហានជើងទឹក​អ៊ីរ៉ង់ ចេញមុខ​ប្រកាស​បែបនេះ​។

 
​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អ៊ីរ៉ង់ បាន​រាយការណ៍​ថា មី​ស៊ី​ល​ប្រឆាំង​នាវា​ថ្មី​មួយ ដែល​បាន​បាញ់​សាកល្បង​ចេញពី​នាវា​យោធា​មួយគ្រឿង​ឈ្មោះថា Jamaran ហើយ​គ្រាប់​មី​ស៊ី​ល​បាន​ហោះ​ទៅបុក​នាវា​ជំនួយ​ធុន​ស្រាល​មួយគ្រឿង ឈ្មោះ Konarak កាលពី​ថ្ងៃទី ១០ ខែឧសភា ក្នុង​ឈូង​សមុទ្រ​អូ​ម៉​ង់​។ 
​ឧបទ្ទវ​ហេតុនេះ បាន​កើតឡើង​អំឡុង​ការធ្វើ​សមយុទ្ធ​មួយ នៅក្បែរ​ច្រក​សមុទ្រ Hormuz ។ មែនទែនទៅ កងទ័ព​អ៊ីរ៉ង់ ជា​ទៀត​ទាត់ តែង​ធ្វើ​សមយុទ្ធ​យោធា​ក្នុង​ផ្លូវទឹក​យុទ្ធសាស្ត្រ​នេះ​។ 
 
​បើតាម​ការចុះផ្សាយ​រប​ស់​ទូរទស្សន៍​រដ្ឋ​អី​រ៉ង់ នាវា​នេះ ត្រូវបាន​បាញ់ ក្រោយ​បើកចូលទៅ​តំបន់​គោលដៅ​សាកល្បង ហើយ​ពុំបាន​បង្កើត​គម្លាត​ចម្ងាយ​គ្រប់គ្រាន់​រវាង​ខ្លួនឯង និង​គោលដៅ​។ ហេតុការណ៍​នេះ​បានកើត​ឡើង នៅក្បែរ​កំពង់ផែ Jask ចម្ងាយ​ប្រមាណ ១២៧០​គីឡូម៉ែត្រ ពី​ភាគ​អាគ្នេយ៍​រដ្ឋធានី តេ​អេ​រ៉ង់ ក្នុង​ឈូង​សមុទ្រ​អូ​ម៉​ង់​។ 
 
​នាវា Jamaran និង​នាវា Konarak ត្រូវបាន​បញ្ជាក់ថា ជា​កម្មសិទ្ធិ​របស់​កង​ទ័ពជើងទឹក​អ៊ីរ៉ង់​៕ 

Tag:
 អ៊ីរ៉ង់​
  នាវា​យោធា​
© រក្សាសិទ្ធិដោយ thmeythmey.com