COVID-19
អន្តរជាតិ
កូរ៉េខាងត្បូង នឹងចាត់វិធានការតឹងរ៉ឹងលើអ្នកទៅលេងក្នុងក្លឹបកម្សាន្ត ក្នុងតំបន់Itaewon លោកនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក Chung Sye-kyun។ រូបភាព៖ Yonhap
× រដ្ឋាភិបាលទីក្រុងសេអ៊ូល នឹងចាត់វិធានការដ៏តឹងរ៉ឹង ប្រសិនបើអ្នកដែលបានទៅកម្សាន្តនៅក្នុងក្លឹប នាតំបន់ពហុវប្បធម៌ Itaewon ដ៏ល្បីឈ្មោះប្រចាំរដ្ឋធានីសេអ៊ូល មិនចូលរួមសហការធ្វើតេស្ត ដើម្បីរកមើលជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19)។ នេះបើតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោកChung Sye-kyun នាថ្ងៃទី១១ ខែឧសភា។ ការបញ្ជាក់របស់នាយករដ្ឋមន្ត្រីបែបនេះ ធ្វើឡើងបន្ទាប់ពីកូរ៉េខាងត្បូង បានរកឃើញករណីឆ្លងជាថ្មី។
បន្ទាប់ពីស្ថានភាពជំងឺឆ្លង COVID-19 នៅក្នុងប្រទេសបានថមថយមួយរយៈ កូរ៉េខាងត្បូងនាពេលថ្មីៗនេះ បានរាយការណ៍ពីការកើនឡើងករណីឆ្លងជាថ្មី។ ភាគច្រើននៃករណីថ្មីទាំងនេះ គឺមានពាក់ព័ន្ធនឹងករណីឆ្លងនៅក្នុងតំបន់ពហុវប្បធម៌ Itaewon ដ៏ល្បីឈ្មោះប្រចាំរដ្ឋធានីសេអ៊ូល។ មកទល់ពេលនេះ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានរកឃើញអ្នកជំងឺCOVID-19 ចំនួន ៧៥នាក់ហើយ មានពាក់ព័ន្ធនឹងតំបន់ពហុវប្បធម៌ Itaewon ។
ដោយមើលឃើញពីបញ្ហាប្រឈមនៃការកើនឡើងករណីឆ្លងជាថ្មី នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោកChung Sye-kyun នាកិច្ចប្រជុំអាជ្ញាធរឆ្លើយតបនឹងកូរ៉ូណាវីរុស ព្រមានពីការចាត់វិធានការដ៏តឹងរ៉ឹងលើបុគ្គលដែលបានទៅកម្សាន្តនៅក្នុងក្លឹបនាតំបន់ Itaewon ទាំងអស់ បើមិនចូលរួមសហការជាមួយរដ្ឋាភិបាលកូរ៉េខាងត្បូង ក្នុងការធ្វើតេស្តរកមើលCOVID-19។ ការព្រមាននេះធ្វើឡើងបន្ទាប់ពីកូរ៉េខាងត្បូង បានធ្វើតេស្តមនុស្សតិចជាងពាក់កណ្តាល នៃអ្នកដែលពាក់ព័ន្ធនឹងករណីឆ្លងក្នុងតំបន់ Itaewon។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។
បន្ថែមពីលើនេះ កូរ៉េខាងត្បូង ក៏ត្រៀមចាត់វិធានការធ្វើតេស្តទ្រង់ទ្រាយធំនៅក្នុងទីក្រុងសេអ៊ូល និងតំបន់ជុំវិញទីក្រុងផងដែរ។
បើតាមកិច្ចសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក KBS លោកអភិបាលក្រុងសេអ៊ូល បានបញ្ជាក់ថា មនុស្សចំនួន ៥៥១៧នាក់ បានទៅកម្សាន្តនៅក្នុងក្លឹបដែលអ្នកជំងឺCOVID-19 បានទៅ។ ក្នុងនោះមនុស្សចំនួន ២៤០៥ គឺមានការពាក់ព័ន្ធជាមួយអ្នកជំងឺ។
សូមបញ្ជាក់ថា ដោយសារតែមានករណីឆ្លងនៅក្នុងក្លឹបបែបនេះ អាជ្ញាធរក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង បានបញ្ជាឲ្យបិទក្លិបកម្សាន្ត និងរង្គសាលទាំងអស់ ដោយព្រួយបារម្ភពីការឆ្លងCOVID-19 ដ៏គំហុកកើតមានសារជាថ្មីម្តងទៀត។ គិតមកត្រឹមពេលនេះ កូរ៉េខាងត្បូងមានករណីCOVID-19 សរុបចំនួន ១០៩០៩ករណី អ្នកស្លាប់ចំនួន ២៥៦នាក់ អ្នកជាសះស្បើយមានចំនួន ៩៦៣២នាក់៕
Tag:
កូរ៉េខាងត្បូង
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com