COVID-19
អន្តរជាតិ
ម៉ិ​ក​ស៊ិ​ក និង​ប្រេ​ស៊ី​ល រួមគ្នា​ផលិត​រថយន្ត​បានតែ​ជាង​៥​ពាន់​គ្រឿង​ប៉ុណ្ណោះ​ក្នុង​ខែមេសា​
11, May 2020 , 7:39 pm        
រូបភាព
ដោយ: ធីតា
​ម៉ិ​ក​ស៊ិ​ក និង​ប្រេ​ស៊ី​ល ដែលជា​ទីតាំង​ផលិត​យានយន្ត​ធំជាងគេ​នៅ​អាមេរិក​ឡាទីន បាន​ថយចុះ​ចង្វាក់​ផលិតកម្ម​របស់ខ្លួន​ដល់​ទៅ​៩៩​ភាគរយ​នា​អំឡុង​ខែមេសា ដោយសារតែ​វិបត្តិ COVID-19​។ យោងតាម​ការផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន​អា​ត្ល​ង់​ទិ​ក​ខាងត្បូង MercoPress ប្រទេស​ទាំងពីរ​ផលិត​រថយន្ត​បានតែ​៥ ៥៦៩​គ្រឿង​ប៉ុណ្ណោះ​កាលពី​ខែ​មុន​។​

 
​ជាទូទៅ ម៉ិ​ក​ស៊ិ​ក និង​ប្រេ​ស៊ី​ល ផលិត​រថយន្ត​បាន​ជាង​កន្លះ​លាន​គ្រឿងក្នុង​១​ខែ ដោយ​សហគ្រាស​យានយន្ត​ផ្តល់ឱកាស​ការងារ​រាប់រយ​ពាន់​កន្លែង និង​រួមចំណែក​ខ្ពស់​ដល់​ផលទុនជាតិ​សរុប​នៅក្នុង​ប្រទេស​រៀងៗ​ខ្លួន​។ 
 
​លោក Luiz Carlos Moraes ប្រធាន​សមាគម​ក្រុមហ៊ុន​ផលិត​យានយន្ត​ប្រេ​ស៊ី​ល បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា ស្ថានភាព​សព្វថ្ងៃ​ពិតជា​ពិបាក​វេទនា​ខ្លាំងណាស់ ដោយ COVID-19 បង្កបញ្ហា​គ្រប់បែបយ៉ាង ជាពិសេស​បណ្តាញ​ផ្គត់ផ្គង់​អន្តរជាតិ​។ 
 
​ដោយ​ព្រួយបារម្ភ​ពី​ការបាត់បង់​ដៃគូ ដោយ​មួយចំនួន​សម្រេច​វិល​ទៅរក​ចិន​វិញ​នោះ បណ្តា​សហគ្រាស​ផលិត​យានយន្ត​នៅ​អាមេរិក​ឡាទីន ត្រូវការ​ជំនួយ​គាំទ្រ​ជា​ចាំបាច់​ពី​សំណាក់​រដ្ឋាភិបាល​របស់​ខ្លួន​។ 
 
​ម៉ិ​ក​ស៊ិ​ក​គ្រោង​ដំណើរការ​ចង្វាក់​ផលិតកម្ម​ពេញលេញ​វិញ​នៅ​ថ្ងៃទី​១៨ ខែឧសភា នេះ ខណៈ​ប្រេ​ស៊ី​ល​ត្រៀមខ្លួន​នៅ​ខែមិថុនា​៕

© រក្សាសិទ្ធិដោយ thmeythmey.com