COVID-19
អន្តរជាតិ
ប្រធានាធិបតី​ហ្គា​ណា ប្រកាស​រឿង​កម្មករ​រោងចក្រ​ត្រី​ម្នាក់​ចម្លង​COVID-19​គេ​ជាង​៥០០​នាក់​
11, May 2020 , 11:19 pm        
រូបភាព
លោក Nana Akufo-Addo ប្រធានាធិបតីហ្គាណា (AFP)
លោក Nana Akufo-Addo ប្រធានាធិបតីហ្គាណា (AFP)
ដោយ:
​កម្មករ​រោងចក្រ​ត្រី​ម្នាក់​ក្នុង​ទីក្រុង Tema ប្រទេស ហ្គា​ណា បាន​ចម្លងជំងឺ​COVID-19 ដល់​កម្មករ​ផ្សេងទៀត​សរុប ៥៣៣​នាក់ ដែល​បម្រើការ​នៅ​រោងចក្រ​តែមួយ​។ លោក Nana Akufo-Addo ប្រធានាធិបតី​ប្រទេស​ក្នុង​តំបន់​អាហ្វ្រិក​មួយ​នេះ បញ្ជាក់​បែបនេះ​តាមរយៈ​ទូរទស្សន៍ កាលពី​ថ្ងៃទី ១០ ខែឧសភា ។​

 
​អាជ្ញាធរ​សុខាភិបាល​ប្រទេស​ហ្គា​ណា បាន​រាយការណ៍​ពី​ការផ្ទុះ​រាលដាល​COVID-19 ក្នុង​ទីតាំង​រោងចក្រ​មួយ​នេះ កាលពី​យប់​ថ្ងៃទី ៨ ខែឧសភា ក៏ប៉ុន្តែ​ពុំ​ផ្ដល់ព័ត៌មាន​លម្អិត​។​
 
«​មនុស្ស​ទាំងអស់ ៥៣៣​នាក់ ឆ្លង​ពី​មនុស្ស​ម្នាក់​»​។ លោក​ប្រ​ធានា​ធីប​តី Akufo-Addo បញ្ជាក់​បែបនេះ តែ​ពុំ​ផ្ដល់ព័ត៌មាន​លម្អិត​ជុំវិញ​របៀប​នៃ​ចម្លង​ទ្រង់ទ្រាយ​ធំ​ក្នុង​រោងចក្រ​នេះ ឬ​ប្រសិនបើ​ខាង​រោងចក្រ ឬ​រដ្ឋាភិបាល ដាក់ចេញ​ចំណាត់ការ​សុវត្ថិភាព​ណាមួយ​។​
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Akufo-Addo លើកឡើងថា ករណី​វិជ្ជមាន​ទាំង​៥៣៣​ករណី ស្មើនឹង​១១,៣​ភាគរយ​នៃ​ករណី​ឆ្លង​COVID-19​សរុប​របស់​ប្រទេស​ហ្គា​ណា​។ ជាមួយ​តួលេខ​ថ្មី​នេះ ករណី​ឆ្លង​សរុប​នៅ​ប្រទេស​នេះ ឡើង​សរុប​ដល់ ៤៧០០ គិត​ចាប់ពី​ករណី​ដំបូង​រកឃើញ​កាលពី​ពាក់កណ្ដាល​ខែមីនា​។ នេះ​ជា​តួលេខ​ខ្ពស់បំផុត ក្នុង​តំបន់​អាហ្វ្រិក​ភាគ​ខាងលិច​។​
 
​បើតាម​លោក​ប្រធានាធិបតី មនុស្ស​២២​នាក់ បាន​បាត់​បង់ជីវិត​ដោយសារ​COVID-19 ខណៈ​អ្នកជា​សះស្បើយ​មាន ៤៩៤​នាក់​។ ជាមួយ​ការធ្វើ​តេស្ត​មនុស្ស​សរុប ១៦០ ៥០១​នាក់ គិត​ចាប់ពី​ផ្ទុះ​រាលដាល​មក លោក Akufo-Addo បញ្ជាក់ថា ប្រទេស​លោក​បានធ្វើ​តេស្ត​មនុ​ស្សរក​COVID-19 លើស​ប្រទេស​ណាៗ​ទាំងអស់​ក្នុង​តំបន់​អាហ្វ្រិក​ទាំងមូល​។ 
 
«​ការអនុវត្ត​យុទ្ធសាស្ត្រ​របស់​យើង រួមមាន ការតាមដាន ធ្វើតេស្ត និង​ព្យាបាល គឺជា​វិធីសាស្ត្រ​ច្បាស់លាស់​បំផុត​ក្នុងការ​ស្វែងរក​ប្រភព​នៃ​វីរុស​នេះ​»​។ លោក Akufo-Addo សង្កត់ធ្ងន់​បែបនេះ​។ 
 
​ម្យ៉ាងវិញទៀត លោក​ប្រ​ធានា​ធិ​ប​តិ​ហ្គា​ណា​រូបនេះ បានប្រកាស​ពន្យារពេល​លើ​បម្រាម​ប្រមូលផ្ដុំ​មនុស្ស​ជា​សាធារណៈ រហូតដល់​ចុងខែ​ឧសភា  ហើយ​សាលារៀន និង​សាកលវិទ្យាល័យ នឹង​បន្ត​បិទទ្វារ​ដដែល​។ យ៉ាងណាមិញ លោក​បាន​បន្ធូរបន្ថយ​បទបញ្ជា​បិទ​ប្រទេស​ក្នុង​ទីក្រុង​សំខាន់​២ រួមមាន ទីក្រុង Accra និង ទីក្រុង Kumasi កាលពី​ថ្ងៃទី​១៩ ខែមេសា ដោយ​បារម្ភ​ពី​ហានិភ័យ​លើ​សេដ្ឋកិច្ច​ដោយសារ​ការបិទ​ប្រទេស​យូរពេក​៕ 

Tag:
 ហ្គា​ណា​
  COVID-19
  Nana Akufo-Addo
© រក្សាសិទ្ធិដោយ thmeythmey.com