Cristiano Ronaldo ខ្សែប្រយុទ្ធឆ្នើមក្រុម Juventus ជាកំពូលកីឡាករបាល់ទាត់ម្នាក់ដែលមានប្រជាប្រិយភាព និងមានអ្នកស្គាល់ច្រើននៅជុំវិញពិភពលោក។ ដោយសារភាពលេចធ្លោក្នុងវិស័យនេះបានធ្វើឲ្យ Ronaldo ក្លាយជាសេដ្ឋីមានប្រាក់រយលានដុល្លារ។ រូបគេ ក៏បានចំណាយប្រាក់យ៉ាងច្រើនសន្ធឹកទៅលើសម្ភារប្រើប្រាស់ ពិសេសរថយន្តទំនើបដែលមានតម្លៃថ្លៃៗ។
បើទោះជាមានវ័យ ៣៥ ឆ្នាំក៏ដោយ ប៉ុន្តែអតីតសមាជិក Sporting Lisbon និង Manchester United និង Real Madrid រូបនេះ នៅតែបង្ហាញទម្រង់លេងនៅលើទីលានប្រកបដោយគុណភាពដដែល។ មិនត្រឹមតែល្បីក្នុងវិស័យកីឡាបាល់ទាត់ឡើយ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាលរូបនេះថែមទាំងមានអាជីវកម្មផ្ទាល់ច្រើនមួយចំនួនផង។
នៅឆ្នាំ ២០១៩ ទស្សនាវដ្តី Forbes បានបង្ហាញតួលេខប្រាក់ចំណូលសរុបរបស់ Ronaldo ដែលរកបានពីស្លាកយីហោ «CR7» របស់ខ្លួនក្នុងរយៈពេលពេញមួយឆ្នាំប្រមាណ ១០៩ លានដុល្លារអាមេរិក។ នេះមិនទាន់គិតពីទឹកប្រាក់ជាង ៦០០ លានដុល្លារដែលរកបានក្នុងអាជីពកីឡាបាល់ទាត់ផង។ ដើម្បីបំពេញចំណង់របស់ខ្លួន Ronaldo បានចំណាយលុយទិញផ្ទះ កោះសម្រាប់លម្លែកាយ ជាពិសេសរថយន្តទំនើបជាច្រើនគ្រឿងដែលមានតម្លៃរហូតដល់លានដុល្លារនោះ។
ខាងក្រោមនេះយើងនឹងបង្ហាញរថយន្តពិសេសៗចំនួន១៥គ្រឿងដែល Ronaldo ជិះសព្វថ្ងៃ៖
១- Bugatti Centodieci ផលិតឆ្នាំ២០១៩ តម្លៃ ៩លានដុល្លារអាមេរិក
២- Maserati GranCabrio ឆ្នាំ២០១៩ តម្លៃជាង ៣៥ម៉ឺនដុល្លារអាមេរិក
៣- Rolls Royce Cullinan តម្លៃ ៣៣ម៉ឺនដុល្លារអាមេរិក
៤- Chevrolet Camaro SS តម្លៃប្រមាណ៥ម៉ឺនដុល្លារអាមេរិក
៥- Bugatti Veyron ឆ្នាំ២០១៦ តម្លៃជាង២លានដុល្លារអាមេរិក
៦- Lamborghini Aventador តម្លៃជិត៣០ម៉ឺនដុល្លារអាមេរិក
៧- Ferrari F12 TDF តម្លៃជាង១លានដុល្លារអាមេរិក
៨- McLaren Senna ឆ្នាំ២០១៩ តម្លៃ១លានដុល្លារអាមេរិក
៩- Bugatti Chiron ឆ្នាំ២០១៧ តម្លៃ ២,៥លានដុល្លារអាមេរិក
១០- Ferrari 599 GTO ឆ្នាំ២០១០ តម្លៃជិត១លានដុល្លារអាមេរិក
១១- Mercedes Benz S65 AMG Coupe តម្លៃជិត២៥ម៉ឺនដុល្លារអាមេរិក
១២- Rolls Royce Phantom Drophead ឆ្នាំ២០០៨ តម្លៃជាងកន្លះលានដុល្លារអាមេរិក
១៣- Porsche 911 Turbo S ឆ្នាំ២០១៧ តម្លៃជិត៧ម៉ឺនដុល្លារអាមេរិក
១៤- Mercedes Benz GLE63s AMG តម្លៃ១១ម៉ឺនដុល្លារអេមេរិក
១៥- Audi RS7 ឆ្នាំ២០១៧ តម្លៃជិត១៨ម៉ឺនដុល្លារអាមេរិក