Bundesliga អនុញ្ញាតឲ្យកីឡាករប្រើវិធីអបអរគ្រាប់បាល់ដោយប្រើកែងដៃ ឬជើងប៉ះគ្នាប៉ុណ្ណោះនៅពេលក្របខណ្ឌកីឡាបាល់ទាត់អាល្លឺម៉ង់ចាប់ផ្តើមឡើងវិញ។ នេះជាវិធីបង្កាមួយចំណោមវិធីផ្សេងៗទៀត ដើម្បីកាត់បន្ថយការឆ្លងជំងឺ COVID-19។ នេះបើតាមការផ្សាយរបស់កាសែតអាល្លឺម៉ង់ Bild។
ក្របខណ្ឌលីគកំពូលអាល្លឺម៉ង់ បានតម្រូវឲ្យត្រឡប់ទៅកាន់ការប្រកួតវិញនៅថ្ងៃទី១៦ ខែឧសភា បន្ទាប់ពីអធិការបតីអាល្លឺម៉ង អែនជែឡា មឺហ្គែល (Angela Merkel) អនុញ្ញាត ក្រោយកិច្ចប្រជុំជាមួយអភិបាលរដ្ឋនានា កាលពីថ្ងៃទី៦ ខែឧសភា។
ដោយស្រង់ព័ត៌មានសម្ងាត់ផ្ទៃក្នុងរបស់សហព័ន្ធកីឡាបាល់ទាត់អាល្លឺម៉ង់ (DFL) ការចាប់ដៃគ្នា ឬឱបគ្នាដើម្បីអបអរគ្រាប់បាល់ស៊ុតបញ្ចូលទី និងស្តោះទឹកមាត់នៅលើទីលានអំឡុងពេលប្រកួតសុទ្ធតែត្រូវបានហាម នៅពេលលីគត្រឡប់ចូលប្រកួតវិញ ក្រោយការផ្អាកជិត២ខែ ដោយសារជំងឺរាតត្បាតសាកល។
មិនត្រឹមតែប៉ុណ្ណោះ គ្មានឡើយក្មេងៗដែលត្រូវចាប់ដៃកីឡាករដើរចូលតារាងប្រកួត ហើយការចាប់ដៃគ្នា និងថតរូបជាក្រុម ក៏ត្រូវលុបចេញដែរ។ ដោយឡែក គ្រូបង្វឹក អ្នកចាត់ការ កីឡាករដែលអង្គុយនៅកៅអីបម្រុងតម្រូវឲ្យពាក់ម៉ាស់ និងមានគ្លាតឆ្ងាយពីគ្នា។
តាមរយៈព័ត៌មានសម្ងាត់របស់ DFL ដែល Bild ទទួលបាន នៅពេលគ្រូបង្វឹកចង់ស្រែកប្រាប់ទៅកាន់កូនក្រុម ឬជំនួយការគឺអាចដកម៉ាស់ចេញពីមាត់បាន តែត្រូវរក្សាគម្លាតឲ្យបានយ៉ាងតិច ១,៥ ម៉ែត្រពីអ្នកដទៃ។ នៅពេលមានការស៊ុតបញ្ចូលទី កីឡាទាំងអស់ត្រូវអនុញ្ញាតត្រឹមយកកែងដៃ ឬចុងជើងប៉ះគ្នាប៉ុណ្ណោះសម្រាប់ការអបអរគ្រាប់បាល់របស់ពួកគេ។
Bild បន្ថែមថាពេលវេលាដែលស្ថិតក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់នឹងត្រូវកំណត់ត្រឹមយ៉ាងយូរ ៣០ ទៅ ៤០នាទីសម្រាប់កីឡាករ និងបុគ្គលិកដែលពាក់ព័ន្ធ។
លីគកំពូលអាល្លឺម៉ង់ ដែលមាន១៨ក្រុមចូលរួម បានឆ្លងកាត់ការប្រកួតចំនួន២៥លើករួចមកហើយ ពោលគឺនៅសល់៩ប្រកួតទៀតប៉ុណ្ណោះ នឹងបញ្ចប់រដូវកាល ២០១៩-២០២០នេះ។ Bayern Munich ជាក្រុមនាំមុខគេក្នុងតារាង Bundesliga ដោយរកបាន៥៥ពិន្ទុ នាំមុខគូប្រជែង Borussia Dortmund ចំនួន៤ពិន្ទុ។
គិតត្រឹមថ្ងៃទី១១ ខែឧសភា នេះ អាល្លឺម៉ង់មានករណីឆ្លងថ្មីនៃជំងឺរលាកសួតបង្កដោយកូរ៉ូណាប្រភេទថ្មី (COVID-19) ជាង១៧ម៉ឺនករណី ដោយក្នុងនោះស្លាប់ជាង៧៥០០នាក់ និងសះស្បើយជាង១៤ម៉ឺននាក់៕