COVID-19
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រៀន​តាម​អន​ឡាញ​! តើ​សិស្ស អាណាព្យាបាល និង​គ្រូ ជួប​បញ្ហា​អ្វីខ្លះ​?
12, May 2020 , 10:22 am        
រូបភាព
​ភ្នំពេញ​៖ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​កូ​វីដ-​១៩ ដែល​ផ្ទុះឡើង​ភ្លាមៗ​នោះ ក្រសួង​អប់រំ យុវជន និង​កីឡា បានដាក់​ចេញ​ឱ្យមាន​ការបង្រៀន​និង​រៀន តាម​អន​ឡាញ​នៅ​កម្រិត​ថ្នាក់ជាតិ ក្នុង​បំណង​ឱ្យ​សិស្សានុសិស្ស​នៅតែ​អាច​បន្ត​ការសិក្សា​របស់ខ្លួន​។ ទោះជា​យ៉ាងណា ទម្រង់​សិក្សា​បែប​ថ្មី​នេះ ទាមទារ​ឱ្យ​អាណាព្យាបាល លោកគ្រូ​អ្នកគ្រូ និង​សិស្ស​និស្សិត ដើរ​ឱ្យទាន់​បច្ចេកវិទ្យា​។ ស្របពេល​នៃ​ការផ្លាស់ប្ដូរ​របត់​សិក្សា សេវា​អ៊ីនធឺណិត​រអាក់រអួល ក៏បាន​ក្លាយជា​ឧបសគ្គ​បន្ថែម ដល់​ការសិក្សា​តាម​អន​ឡាញ​នៅ​តំបន់​ខ្លះ​។ អ្នកវិភាគ​យល់ឃើញថា ក្រសួង​ពាក់ព័ន្ធ​នានា និង​ក្រុមហ៊ុន​ទូរ​សព្ទ រួមទាំង​ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត គួរ​សហការគ្នា​ដើម្បី​ជួយ​សម្រួល​ដល់​ការសិក្សា​តាម​អន​ឡាញ ឱ្យបាន​រលូន​និង​កាត់បន្ថយ​ការចំណាយ​។


 
​លោក ប៉ា ចាន់​រឿន អ្នកសិក្សា​ស្រាវជ្រាវ​ផ្នែក​ទស្សនវិជ្ជា និង​ការអភិវឌ្ឍ​សង្គម បាន​លើកឡើងថា ការសិក្សា​តាម​អន​ឡាញ អាចឱ្យ​សិស្ស​បន្ត​ការសិក្សា​ដោយ​ខ្លួនឯង និង​ជាមួយ​គ្រូ​បាន​។ តែ​ទោះជា​យ៉ាងណា លោក ប៉ា ចាន់​រឿន បាន​មើលឃើញថា ការសិក្សា​ក្នុង​ទម្រង់​ថ្មី​នេះ ទាំង​សិស្ស​និង​គ្រូ​ភាគច្រើន​មិនទាន់​ចេះ ឬ​មិនទាន់​ដឹង​ពីរ​បៀ​បរៀន ​និង​បង្រៀន​តាម​អន​ឡាញ​នៅឡើយ​។ លោក​ក៏បាន​មើលឃើញ​ដែរ​ថា គ្រូ​ភាគច្រើន​នៅ​មិនទាន់​ចេះ ឬ​ដឹង​ពី​គរុកោសល្យ ក្នុងការ​បង្រៀន​តាម​អន​ឡាញ  ខណៈពេល​សិស្ស​ភាគច្រើន​នៅ​កម្ពុជា មិនទាន់មាន​ទម្លាប់​ស្វ័យ​សិក្សា​ដោយ​ខ្លួនឯង​នោះ​។​
 
​លោក ប៉ា ចាន់​រឿន បញ្ជាក់បន្ថែម​ដូច្នេះ​៖«​ការបង្រៀន​ផ្ទាល់​ងាយស្រួល​គ្រប់គ្រង​ដំណើរការ​សិក្សា គ្រូ​អាច​មើលឃើញ​ឥរិយាបទ​របស់​សិស្ស​ ថា​ប្រឹងប្រែង​រៀន​ឬក៏​អត់​? តែបើ​បង្រៀន​តាម​អន​ឡាញ គ្រូ​មិនដឹងថា​សិស្ស​ណា​រៀន ហើយ​សិស្ស​ណា​មិន​រៀន​នោះទេ​។ ក្នុងដំណាក់កាល​នេះ ​គ្រូ​ត្រូវ​សម្របសម្រួល​កំណត់​ចំនួន​សិស្ស​ឱ្យ​រៀន ក្នុង​ចំនួន​ណាមួយ​ដើម្បី​ងាយស្រួល​គ្រប់គ្រង​។ 
 
​ការរៀន​តាម​អន​ឡាញ ចាប់ពី​កម្រិត​វិទ្យាល័យ​ឡើងទៅ​សក្តិ​សម ព្រោះ​ពួកគាត់​អាច​គ្រប់គ្រង​ការរៀន​របស់ខ្លួន​បាន បើ​ចំពោះ​សិស្ស​ម​ត្តេ​យ្យ ឬ​នៅ​ថ្នាក់​បឋម គឺ​ដូច​ចាប់​ក្ដាម​ដាក់​ចង្អេរ​អ៊ីចឹង​។ រៀន​តាម​អន​ឡាញ​ក្មេង​អាចមាន​បញ្ហា​ភ្នែក ព្រោះ​ពួកគេ​ត្រូវ​នៅមុខ​ទូរ​សព្ទ ឬ​កំ​ព្យូ​ទ័​រ​ច្រើន​ម៉ោង​»​។ 
 
​ងាក​ចេញពី​បញ្ហា​ប្រឈម​របស់​គ្រូ ​និង​សិស្ស មាតាបិតា​និង​អាណាព្យាបាល​មួយចំនួនធំ ក៏​ជួប​ឧបសគ្គ​ខ្ពស់ ទៅលើ​ចំណេះដឹង​បច្ចេក​ក​វិទ្យា​ដែរ​។ ម្យ៉ាង​អាណាព្យាបាល​ភាគច្រើន មិនមាន​លទ្ធភាព​ទិញ​ទូរ​សព្ទ កំ​ព្យូ​ទ័​រ ឬ​ទូរទស្សន៍​ឱ្យ​កូន ដើម្បី​រៀន​តាម​អន​ឡាញ​នោះទេ​។ ទាំងនេះ​គឺជា​ការមើលឃើញ របស់លោក ប៉ា ចាន់​រឿន​។ 
 
​លោក​ពន្យល់​បន្ថែម​ដូច្នេះ​៖«​ម្ដាយ​ឪពុក​ខ្លះ​ត្អូញត្អែរថា គាត់​មិនដឹង​ពី​របៀប​រក​ឆា​នែ​ល​(​បណ្ដាញ​)​បង្រៀន​។ ម្ដាយ​ឪពុក​ដែលមាន​កូន​រៀន​នៅ​ថ្នាក់​ម​ត្តេ​យ្យ គាត់​ត្អូញត្អែរ​ដែរ​ថា គាត់​ត្រូវ​នៅ​ជាមួយ​កូន និង​ជួយ​ពន្យល់​ពួកគេ​ក្នុងពេល​រៀន ដោយ​មិនអាច​ចេញទៅ​ធ្វើ​អ្វី​ផ្សេង​បាន​។ ទោះ​កូន​រៀន​ក្នុង​កម្រិតណា ឬ​កូន​អាច​រៀន​តាម​អន​ឡាញ​ដោយ​ខ្លួនឯងបាន​ក៏ដោយ ម្ដាយ​ឪពុក​ត្រូវតែ​ឱ្យ​ពួកគេ​រៀន​នៅ​ជិត​ខ្លួន ដើម្បី​តាមដាន​ការសិក្សា​របស់​កូន​។ ម្ដាយ​ឪពុក​ក៏ត្រូវ​តាមដាន​កាលវិភាគ​របស់​កូន​ដែរ ធ្វើបែបនេះ​ពួកគេ​នឹងមាន​វិន័យ​ក្នុងការ​គ្រប់គ្រង​ការសិក្សា ក៏ដូចជា​ពេលវេលា​ក្នុងការ​រៀនសូត្រ​»​។​
 
​មិន​ខុសគ្នា​ប៉ុន្មាន​ដែរ លោក​បណ្ឌិត ឈ​ត ប៊ុន​ថង ប្រធាន​ផ្នែក​ទំនាក់ទំនង​វប្បធម៌ អប់រំ និង​ទេសចរណ៍​ នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភាកម្ពុជា ក៏បាន​មើលឃើញ​ដែរ​ថា ការមិន​បានរៀបចំ​ទុក​មុន​ព្រោះ​ស្ថាន​ការណ៍​រុញច្រាន ធ្វើឱ្យមាន​ការខ្វះខាត​មួយចំនួន ក្នុង​ដំណើរ​ការរៀន​តាម​អន​ឡាញ​។ ទោះជា​យ៉ាងណា​លោក​បណ្ឌិត​រូបនេះ ក៏បាន​កោតសរសើរ​ដ​ល់​ក្រសួង​អប់រំ ដែល​ប្រឹង​ប្រែ​ជំរុញ​ការសិក្សា​របស់​សិស្ស​។ 
 
​លោក​ពន្យល់​ដូច្នេះ​៖«​សិស្ស​ខ្លះ​មិនមាន​សម្ភារ​សម្រាប់​រៀន​។ អ៊ី​ន​ធឺ​ណិ​ត​ខ្សោយ​។ សិស្ស​និង​ម្ដាយ​ឪពុក​មិនសូវ​ប្រសប់​ប្រើ​បច្ចេកវិទ្យា​។ គ្រូ​មិនអាច​តាមដាន​សកម្មភាព​សិក្សា​របស់​សិស្ស​គ្រប់​ជ្រុងជ្រោយ​។ ម្ដាយ​ឪពុក​មិនបាន​នៅ​ជាមួយ​កូន​ក្នុងពេល​រៀន ជាហេតុ​នាំឱ្យ​សិស្ស​ខ្លះ​រៀន​តិច លេង​ហ្គេម​ច្រើន​។ ទោះជា​យ៉ាងណា ម្ដាយ​ឪពុក​គួរ​មាន​លេខ​សម្ងាត់​សម្រាប់​ទូរ​សព្ទ​និង​កំ​ព្យូ​ទ័​រ នេះ​ជា​វិធីសាស្ត្រ​មួយ​ជ្រុង​តូច​ប៉ុណ្ណោះ ដើម្បី​ទប់ស្កាត់​កូន​បើក​លេង​ហ្គេម​»​។​
 
​ឆ្លើយតប​ទៅនឹង​បណ្ឌិត​ទាំងពីរ​ខាងលើ លោក គាង ដាវី ជា​គ្រូបង្រៀន​ថ្នាក់​អនុវិទ្យាល័យ នៅ​ខេត្តកំពង់ចាម ថា​គ្រូ​មួយចំនួន​បាន​ត្អូញត្អែរ​ពី​ផល​លំបាក​ក្នុងការ​បង្រៀន​សិស្ស​តាម​អន​ឡាញ ព្រោះតែ​កម្សោយ​បច្ចេកវិទ្យា​។ មាន​តួនាទី​ចុះទៅ​ជួយ​ជំរុញ​ដំណើរការ ការសិក្សា​របស់​សិស្ស​នៅតាម​ផ្ទះ លោកគ្រូ គាង ដាវី មាន​ភារកិច្ច​ណែនាំ​ម្ដាយ​ឪពុក​របស់​សិស្ស ឱ្យ​តាមដាន​ និង​ជំរុញ​ការសិក្សា​របស់​កូន​តាម​អន​ឡាញ​។​
 
​គ្រូបង្រៀន​នៅ​ខេត្តកំពង់ចាម​រូបនេះ យល់ឃើញថា ការបង្រៀន​តាម​អន​ឡាញ កម្ពុជា​ទើបតែ​បាន​អនុវត្តន៍​ជា​លើកដំបូង ដូច្នេះ​ទំនង​លទ្ធផល​អាច​ទទួលបាន​តិច ព្រោះ​នៅមាន​ឧបសគ្គ​ច្រើន​។ លោក​បន្ថែមថា ម្ដាយ​ឪពុក​នៅតាម​ស្រុកស្រែ​ចម្ការ​ភាគច្រើន មិនមាន​ពេលវេលា​គ្រប់គ្រាន់ ក្នុងការ​នៅ​មើល​ការសិក្សា​របស់​កូន​ឡើយ​។ 
 
«​ខ្ញុំ​បាន​ជួប​គ្រូ​មួយចំនួន គាត់​បាន​និយាយថា ឱ្យ​គាត់​ទៅ​បង្រៀន​សិស្ស​យ៉ាងម៉េច បើ​គាត់​មិនដឹង​សូម្បីតែ​វេ​ប​សាយ​នោះ​ជា​អ្វី​ផង​។ សូម្បី​ខ្លួន​ខ្ញុំ ក៏​មិនសូវ​ដឹង​ពី​ការបង្រៀន​តាម​អន​ឡាញ​ដែរ​។ តែ​ទោះជា​យ៉ាងណា ខ្ញុំ​គិតថា​ទឹក​ចិត្តជា​គ្រូ បើ​គាត់​មាន​សេចក្ដី​ព្យាយាម​ និង​ប្តេជ្ញាចិត្ត គាត់​គង់​នឹង​ចេះ​ទេ​។ យើង​មើល​ម្ដាយ​ឪពុក គាត់​អាច​ធ្វើការ​គ្រប់បែបយ៉ាង​ដើម្បី​បាន​ប្រាក់​ចិញ្ចឹម​កូន មកពី​គាត់​មានការ​តាំងចិត្ត ការបង្រៀន​តាម​អន​ឡាញ​ដូចគ្នា​។ កន្លងមក​ក្រសួង​អប់រំ បានធ្វើ​ការងារ​ច្រើន ដើម្បី​ជួយ​ជំរុញ​ការសិក្សា​របស់​សិស្ស​ក្នុងពេល​មាន​កូ​វីដ​១៩​នេះ​»​។ នេះ​ជាការ​ពន្យល់​បន្ថែម​រប​ស់លោក គាង ដាវី​។​
 
​ងាក​មក​លោក ប៉ា ចាន់​រឿន វិញ​។ លោក​ក៏បាន​លើកឡើង​ពី​បញ្ហា​សេវា​អ៊ី​ន​ធឺ​ណិ​ត​ដែរ​។ លោក​ថា ការសិក្សា​តាម​អន​ឡាញ ទាមទារ​ចាំបាច់​ឱ្យ​សេវា​អ៊ី​ន​ធឺ​ណិ​ត​ដើរ​លឿន មិន​ដាច់ និង​មិន​រអាក់រអួល ព្រមទាំង​ឱ្យមាន​តម្លៃ​សមរម្យ​។ លោក​ស្នើ​ដល់​រដ្ឋាភិបាល ក្រសួង​អប់រំ​ យុវជន និង​កីឡា ព្រមទាំង​ក្រុមហ៊ុន​ទូរ​សព្ទ និង​ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ី​ន​ធឺ​ណិ​ត គួរ​រួមគ្នា​ធ្វើ​លក្ខខណ្ឌ​អនុគ្រោះ​ណាមួយ ដើម្បី​បញ្ចុះតម្លៃ​អ៊ី​ន​ធឺ​ណិ​ត ឬ​លើកលែង​ពន្ធ​ក្នុង​ចំនួន​ណាមួយ ដើម្បី​ត្រៀន​ខ្លួន​ដល់​ការរៀបចំ​សេវា​អ៊ី​ន​ធឺ​ណិ​ត សម្រាប់​វិស័យ​អប់រំ ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​។ 
 
​លោក​ពន្យល់​បន្ថែម​៖«​គ្រួសារ​ភាគច្រើន​នៅ​កម្ពុជា ប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​តាម​ទូរ​សព្ទ ដូច្នេះ​ម្ដាយ​ឪពុក​ខ្លះ គាត់​ត្អូញត្អែរថា គាត់​ត្រូវ​ចំណាយ​ប្រាក់​ច្រើន ក្នុងការ​បញ្ចូល​ប្រាក់​ទូរ​សព្ទ ដោយ​ក្រុមហ៊ុន​ទូរ​សព្ទ​កាត់​លឿន​ពេក ដូច្នេះ​ម្ដាយ​ឪពុក​ខ្លះ​គាត់​ខ្វះ​លទ្ធភាព​»​។​
 
​ដូចគ្នា​ដែរ​លោក បណ្ឌិត ឈ​ត ប៊ុន​ថង ក៏​ផ្ដោតលើ​សេវា​អ៊ី​ន​ធឺ​ណិ​ត ធ្វើឱ្យប៉ះពាល់​ដល់​ដំណើរ​ការរៀន​តាម​អន​ឡាញ​ដែរ ដោយ​លោក​បញ្ជាក់​ដូច្នេះ​៖«​សិស្ស​ខ្លះ​គាត់​ត្អូញត្អែរថា គាត់​ត្រូវ​ចំណាយ​ប្រាក់​ច្រើន ដើម្បី​បញ្ចូល​កាត​ទូរ​សព្ទ​។ ក្រុមហ៊ុន​ទាំងអស់​ដែល​បម្រើសេវា​ទូរ​សព្ទ និង​អ៊ី​ន​ធឺ​ណិ​ត រួមទាំង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ គួរតែមាន​ការបន្ធូរបន្ថយ​ជាក់លាក់​ណាមួយ តើ​គួរ​ចុះ​បាន​ប៉ុន្មាន​ភាគរយ​? តើ​ពួកគេ​អាចរួមចំណែក​បាន​ក្នុង​កម្រិតណា ដើម្បី​ជួយ​សម្រួល​ដល់​ការសិក្សា​តាម​អន​ឡាញ ខណៈពេល​មាន​វិបត្តិ​កូ​វីដ​-១៩​នេះ​»?៕
 
 

Tag:
 សិក្សា​
  អប់រំ​
 ​អន​ឡាញ​
  ឧបសគ្គ​
  រៀន​
© រក្សាសិទ្ធិដោយ thmeythmey.com