COVID-19
អន្តរជាតិ
WHO ទទូច​ឲ្យ​ប្រទេស​ដែល​ប្រញាប់​បន្ធូរ​ការ​រឹតត្បិត​COVID-19 «​ប្រុងប្រយ័ត្ន​ខ្ពស់​»
12, May 2020 , 11:16 am        
រូបភាព
នាយកប្រតិបត្តិអង្គការសុខភាពពិភពទទួលបន្ទុកកម្មវិធីអាសន្ន លោក Michael Ryan (ខាងឆ្វេង) និងនាយកអង្គការសុខភាពពិភពលោក លោក Tedros  Adhanom Ghebreyesus។ រូបភាព៖ AFP
នាយកប្រតិបត្តិអង្គការសុខភាពពិភពទទួលបន្ទុកកម្មវិធីអាសន្ន លោក Michael Ryan (ខាងឆ្វេង) និងនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus។ រូបភាព៖ AFP
អង្គការ​សុខភាព​ពិភពលោក (WHO) នា​ថ្ងៃទី​១១ ខែឧសភា បាន​សាទរ​លើ​លទ្ធផល​នៃ​ការទប់ស្កាត់ និង​បង្ការ COVID-19 កន្លងមក​របស់​បណ្តា​ប្រទេស​មួយចំនួន ដែលមាន​តួលេខ​អ្នក​ឆ្លង និង​អ្នកស្លាប់​បាន​ធ្លាក់ចុះ​ជា​លំដាប់​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ WHO បាន​ទទូច​ឲ្យ​ប្រទេស​មួយចំនួន​ដែល​ប្រញាប់​បើក​ប្រទេស​ឡើងវិញ មាន «​ការប្រុងប្រយ័ត្ន​ខ្ពស់​» ដើម្បី​ការពារ​ការកើនឡើង​ក​រ​ណី​ឆ្លង​សារជាថ្មី​នៅក្នុង​ប្រទេស​។


 
​បណ្តា​ប្រទេស​អឺរ៉ុប ក៏ដូចជា​ប្រទេស​មួយចំនួន បាន​បន្ធូរបន្ថយ​ការ​រឹតត្បិត​នៅក្នុង​ប្រទេស​ជា​បណ្តើរៗ​ហើយ​គិត​មក​ត្រឹម​ពេលនេះ ។ ការសម្រេច​បែបនេះ ធ្វើឡើង​បន្ទាប់ពី​ស្ថានភាព​ឆ្លង និង​ស្លាប់​ដោយសារ​កូ​រ៉ូ​ណាវី​រុស បាន​ធ្លាក់ចុះ​។ ទាក់ទង​នឹង​បញ្ហា​នេះ លោក Tedros Adhanom Ghebreyesus នាយក​អង្គការ​សុខភាព​ពិភពលោក បាន​សរសើរ​ថា វា​គឺជា​រឿង​ល្អ​សម្រាប់​ប្រទេស​ទាំងអស់ ដែលមាន​ដំណោះស្រាយ​ល្អ ក្នុងការ​កាត់បន្ថយ​អត្រា​ឆ្លង និង​ការពារ​អាយុជីវិត​ប្រជាជន​។ 
 
​យ៉ាងណាក៏ដោយ បើទោះបី​ជាមាន​ករណី​ឆ្លង និង​ស្លាប់​ធ្លាក់ចុះ​ក៏ពិតមែន អង្គការ WHO នៅតែ​ជំរុញ​ឲ្យ​ប្រទេស​មួយចំនួន មានការ​ប្រុងប្រយ័ត្ន​ជាង​មុន​ផងដែរ ដើម្បី​បង្ការ​ការកើនឡើង​ករ​ណី​ឆ្លង​ជាថ្មី​។ បើតាម​លោក Michael Ryan នាយក​ប្រតិបត្តិ​WHO​ទទួលបន្ទុក​កម្មវិធី​អាសន្ន ក៏បាន​សាទរ​ការធ្លាក់ចុះ​នៃ​តួលេខ​អ្នក​ឆ្លង​ដែរ និង​បញ្ជាក់ថា ស្ថានភាព​ដ៏​ល្អ​នេះ គឺជា​សញ្ញា​នៃ​ក្តីសង្ឃឹម​។ យ៉ាងណាក៏ដោយ លោក Ryan ក៏បាន​ស្នើ​ប្រទេស​ទាំងអស់​ឲ្យ​មាន «​ការប្រុងប្រយ័ត្ន​ខ្ពស់​» ព្រោះ​វីរុស​មួយ​នេះ អាច​ឆ្លងទៅ​មនុស្ស​ជាច្រើន​ឡើងវិញ ក្នុងអំឡុងពេល​បើក​ប្រទេស និង​ការបន្ធូរបន្ថយ​ការ​រឹតត្បិត​ការធ្វើដំណើរ​។ 
 
​បន្ថែម​ពីលើ​នេះ WHO ក៏បាន​អំពាវនាវ​ឲ្យ​មានការ​ព​ន្លឿ​ន​ការឆ្លើយតប​ប្រឆាំង​កូ​រ៉ូ​ណាវី​រុស ការធានា​ពី​ការរកឃើញ​ករណី​ឆ្លង​ថ្មីៗ និង​ការព្យាយាម​ស្វែងរក​មនុស្ស​មួយចំនួន ដែលមាន​ការពាក់ព័ន្ធ​នឹង​អ្នកជំងឺ COVID-19​។ ចំណាត់ការ​បែបនេះ គឺ​ដើម្បី​ទប់ស្កាត់​រលក​ឆ្លង​លើក​ទី​ពីរ នៃ COVID-19​។ ទោះជា​បែបនេះ​ក្តី អង្គការ​សុខភាព​ពិភពលោក ក៏បាន​ទទួលស្គាល់​ផងដែរ​ថា មាន​ប្រទេស​មួយចំនួន បាន​ចាត់វិធានការ​ពារ និង​ស្វែងរក COVID-19 ខណៈ​ប្រទេស​មួយចំនួន មិន​អនុវត្ត​វិធាន​ស្រាវជ្រាវ​ឡើយ​។ 
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​១១ ខែឧសភា ពិភពលោក​មាន​ករណី COVID-19 សរុប​ចំនួន ៤,២៥​លាន​ករណី អ្នកស្លាប់​មាន​ចំនួន​ជិត ២៩​ម៉ឺន​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន​ជាង ១,៥​លាន​នាក់​៕ 

Tag:
 WHO
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com