ពីនេះ ពីនោះ
សុខភាព
កុំ​រំលង​! អាហារ​អ្វីខ្លះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន D?
13, May 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​វីតាមីន D គឺ​ចាំបាច់​ណាស់​សម្រាប់​សុខភាព​រាងកាយ​។​សារធាតុចិញ្ចឹម​នេះ គឺ​សំខាន់​សម្រាប់​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ ពង្រឹង​សុខភាព​ឆ្អឹង និង​ទប់ស្កាត់​ការ​រលាក​។ មួយ​ក្នុងចំណោម​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​ទទួលបាន​វីតាមីន D គឺ​ការដាក់ឱ្យ​ស្បែក​ត្រូវ​ពន្លឺព្រះអាទិត្យ​។ ទោះជា​យ៉ាងណា​ការរួមបញ្ចូល​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន D ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ក៏​ជា​អ្វីដែល​អ្នក​គួរ​ធ្វើ​ផងដែរ​។ ប៉ុន្តែ​ថា​តើ​អាហារ​អ្វី​ខ្លះទៅ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន D ? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ទាំងនោះ ៖

 
១. ត្រី​សាល​ម៉ុ​ន​
 
​ការទទួល​ទាន​ត្រី​សាល​ម៉ុ​ន​ផ្ដល់ឱ្យ​រាងកាយ​នូវ​វីតាមីន D ច្រើន​ដល់​ទៅ ២២៧ ភាគរយ​នៃ​តម្រូវការ​ប្រចាំថ្ងៃ​។ អ្វីដែល​កាន់តែ​ប្រសើរ​ទៀត​នោះ គឺ​ត្រី​សាល​ម៉ុ​ន​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប្រូតេអ៊ីន​និង​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ដែល​ល្អ​ណាស់​សម្រាប់​សុខភាព​សាច់ដុំ ខួរក្បាល និង​បេះដូង​។​
 
២. ត្រី​សា​ឌី​ន​
 
​ត្រី ១០០ ក្រាម​នៃ​ត្រី​សា​ឌី​ន​អាច​ផ្ដល់ឱ្យ​រាងកាយ​នូវ​វីតាមីន D ចាំបាច់​ប្រចាំថ្ងៃ​ដល់​ទៅ ១២០ ភាគរយ​។ ហើយក៏​ដូចនឹង​ត្រី​សាល​ម៉ុ​ន​ដែរ ត្រី​សា​ឌី​ន​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​និង​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ។ ការទទួល​ទាន​ត្រី​សា​ឌី​ន​កំប៉ុង​អាច​ផ្ដល់​កាល់ស្យូម​បន្ថែម​ដល់​រាងកាយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​។​
 
៣. អ័យ​ស្ទរ​
 
​ក្រៅពី​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​មួយ​នៃ​វីតាមីន D ហើយ​នោះ អាហារ​សមុទ្រ​នេះ​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ដែក​ដែល​ជួយ​ផលិត​កោសិកា​គ្រាប់​ឈាមក្រហម ព្រមទាំង​ម៉ាញ៉េ​ស្យូ​ម​ដែល​ល្អ​សម្រាប់​ស​សៃ​ប្រសាទ​និង​សាច់ដុំ​ផងដែរ​។​
 
៤. ឈី​ស​
 
​វីតាមីន D មាន​ផ្ទុក​នៅក្នុង​ឈី​ស​ច្រើនជាង​ទឹកដោះគោ​។ ការទទួល​ទាន​ឈី​ស​ក្នុង​កម្រិត​មធ្យម គឺ​ល្អ​ណាស់​ដើម្បី​បំពេញតម្រូវការ​វីតាមីន D ប្រចាំថ្ងៃ​។ ឈី​ស​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​ប្រូតេអ៊ីន កាល់ស្យូម ម៉ាញ៉េ​ស្យូ​ម ផូស្វ័រ ស័ង្កសី វីតាមីន A វីតាមីន B2 និង​វីតាមីន B12 ផងដែរ​។​
 
៥. តៅហ៊ូ​
 
​ប្រភព​ដ៏​ល្អ​បំផុត​មួយទៀត​នៃ​វីតាមីន D គឺ​តៅហ៊ូ​។ ត្រឹម ១០០ ក្រាម​នៃ​តៅហ៊ូ​អាច​ផ្ដល់ឱ្យ​រាងកាយ​នូវ​វីតាមីន D ចាំបាច់​ប្រចាំថ្ងៃ​ដល់​ទៅ ២៦ ភាគរយ​។ តៅហ៊ូ​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន កាល់ស្យូម ជាតិ​ដែក ផូស្វ័រ សេ​លេ​ញ៉ូ​ម ម៉​ង់​កា​ណែ​ស ទង់ដែង ម៉ាញ៉េ​ស្យូ​ម និង​ស័ង្កសី​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com