ជាតិ
សម្ដេច ស ខេង ព្រមាន​ស្នងការ និង​ស្នងការរង​ខេត្តកំពង់ធំ​៤​រូប ពាក់ព័ន្ធ​ការធ្វេសប្រហែស​ការងារ​
12, May 2020 , 11:33 am        
រូបភាព
​ភ្នំពេញ​៖ សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចេញ​លិខិត​ព្រមាន​ស្នងការ និង​ស្នងការរង រួមទាំង​នាយក​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្តកំពង់ធំ ចំនួន​៥​រូប ជុំវិញ​ការធ្វេសប្រហែស​លើ​ការងារ​។ នេះ​បើតាម​លិខិត​ព្រមាន​លើក​ទី​១​របស់​សម្ដេច ស ខេង ដែល​ចេញ​កាលពី​ថ្ងៃទី​២៦ មីនា ហើយ​ទើប​បែកធ្លាយ​ពេលនេះ​។​


 
​សម្ដេច ស ខេង បាន​រកឃើញ​កំហុស លោក អ៊ុក កុសល ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ពាក់ព័ន្ធ​នឹង​ការ​«​ខ្វះ​ការយកចិត្តទុកដាក់​លើ​ការគ្រប់គ្រង និង​ដឹកនាំ​»​។ 
 
​ចំណែក​លោក វ៉ា ចាន់​កុសល ស្នងការរង​ទទួល​ផែនការ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច , លោក អ៊ឹម សុ​គឿន ស្នងការរង​ទទួល​ផែន​ការងារ​ធនធានមនុស្ស , លោក ទិ​ត សំណាង ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​លោក រុំ សុវិជ្ជា នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក សុទ្ធតែ​ពាក់ព័ន្ធ នឹង​ការ​«​ធ្វេសប្រហែស​ក្នុងការ​អនុវត្ត​ភារកិច្ច​របស់ខ្លួន​។ នេះ​បើតាម​លិខិត​សម្ដេច ស ខេង​។​
 
​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានបញ្ជាក់​នៅក្នុង​លិខិត​ដូច្នេះ​ថា​៖«​សាមីខ្លួន​ដែលមាន​ឈ្មោះ​ក្នុង​ប្រការ​១ ត្រូវ​កែប្រែ​នូវ​កំហុសឆ្គង និង​របៀបរបប​ការងារ​ដឹកនាំ​ឱ្យបាន​ត្រឹមត្រូវ​។ ក្នុងករណី​នៅតែ​ប្រព្រឹត្ត​ផ្ទុយ​ពី​ការណែនាំ​ទៀត​នោះ នឹង​ចាត់វិធានការ​តាម​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ​»​។​
 
​សារព័ត៌មាន​ថ្មីៗ មិនទាន់​អាចទាក់ទង​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​បកស្រាយ​បន្ថែម​ជុំវិញ​ករណី​ព្រមាន​ស្នងការ និង​ស្នងការរង​ខេត្តកំពង់ធំ​នេះឡើយ​៕

Tag:
 ស ខេង​
  នគរបាល
© រក្សាសិទ្ធិដោយ thmeythmey.com