មេធាវី ប្តឹងឧទ្ធរណ៍ ជំទាស់សាលាដំបូង ដែលទទួលភស្តុតាងបន្ថែមដាក់បន្ទុកលោក កឹម សុខា
ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
មេធាវី ប្តឹងឧទ្ធរណ៍ ជំទាស់សាលាដំបូង ដែលទទួលភស្តុតាងបន្ថែមដាក់បន្ទុកលោក កឹម សុខា
12, May 2020 , 1:38 pm        
រូបភាព
ក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា (រូបពីមេធាវី ចាន់ ចេន)
ក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា (រូបពីមេធាវី ចាន់ ចេន)
ដោយ: ថ្មីៗ
សាលាឧទ្ធរណ៍ នឹងបើកសវនាការនៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ តាមបណ្តឹងរបស់ក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ។ នេះបើតាមសេចក្តីជូនដំណឹងរបស់សាលាឧទ្ធរណ៍ ដែលផ្ញើជូនមេធាវីការពារក្តីឲ្យលោក កឹម សុខា។



ក្រុមមេធាវី ប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ ព្រោះមិនសុខចិត្តនឹងចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ ដែលទទួលភស្តុតាងបន្ថែមពីតំណាងអយ្យការ (ព្រះរាជអាជ្ញា) ដើម្បីដាក់បន្ទុកលើលោក កឹម សុខា។

លោក ចាន់ ចេន មេធាវីម្នាក់របស់លោក កឹម សុខា ប្រាប់សារព័ត៌មានថ្មីៗតាមបណ្តាញទំនាក់ទំនង WhatsApp នៅព្រឹកថ្ងៃទី១២ ខែឧសភាថា ការដែលចៅក្រមជំនុំជម្រះ ទទួលយកភស្តុតាងបន្ថែម ក្នុងអំឡុងសំណុំរឿងកំពុងដំណើរការជំនុំជម្រះបែបនេះ «គឺមិនត្រឹមត្រូវឡើយ»។ ម្យ៉ាងទៀត លោក យល់ថា ការធ្វើដូច្នេះ គឺប៉ះពាល់ផលប្រយោជន៍របស់លោក កឹម សុខា។

លោកមេធាវី បន្តថា ភស្តុតាងបន្ថែម ដែលតំណាងអយ្យការដាក់ជូនចៅក្រម គឺជាវីដេអូ។ តែលោក មិនបញ្ជាក់ឡើយថា ជាវីដេអូអ្វី។

យ៉ាងណា អ្នកស្រី ម៉េង សុភារី មេធាវីម្នាក់របស់លោក កឹម សុខា ដែរនោះ ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ កាលពីថ្ងៃទី៦ ខែឧសភាថា វីដេអូនោះ គឺពាក់ព័ន្ធនឹងការតវ៉ានៅទីលានប្រជាធិបតេយ្យនិងនៅផ្លូវវេងស្រេង កាលពីឆ្នាំ២០១៣។ អ្នកស្រី មានប្រសាសន៍ថា ការប្តឹងជំទាស់នេះ គឺដើម្បីសុំឲ្យសាលាឧទ្ធរណ៍ច្រានចោលការយកវីដេអូនេះ ធ្វើជាភស្តុតាងបន្ថែម ខណៈសំណុំរឿងរបស់លោក កឹម សុខា កំពុងដំណើរការជំនុំជម្រះ។

សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះលើសំណុំរឿងរបស់លោក កឹម សុខា បានប៉ុន្មានសប្តាហ៍រួចមកហើយ តែក្រោយមក លោក ស្នើឲ្យផ្អាក ដោយរង់ចាំជំងឺកូវីដ-១៩ នៅកម្ពុជា ធូរស្បើយសិន៕

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com