COVID-19
អន្តរជាតិ
UNICEF ស្វែងរក​មូលនិធិ​១,៦​ពាន់​លាន​ដុល្លារ​ជួយ​កុមារ​រងគ្រោះ​ព្រោះ​COVID-19
12, May 2020 , 2:25 pm        
រូបភាព
អង្គការUNICEF។រូបភាពAFP
អង្គការUNICEF។រូបភាពAFP
ដោយ:
​អង្គការ UNICEF នៅ​ថ្ងៃទី​១១ ខែឧសភា បាន​អំពាវនាវ​សុំ​ទឹកប្រាក់​១,៦​ពាន់​លាន​ដុល្លារ ដែល​កើនឡើង​ទ្វេដង ប្រៀប​ទៅនឹង​សំណើ​ដំបូង​កាលពី​២​ខែ​មុន​។ អង្គការ​អន្តរជាតិ​នេះ ត្រូវការ​លុយ​មូលនិធិ​ទាំងអស់នេះ ដើម្បី​ជួយ​កុមារ​ដែល​កំពុង​រងគ្រោះ​ដោយសារ​ជំងឺ​រាតត្បាត​សកល COVID-19 និង​វិបត្តិ​មនុស្ស​ធ​ម៌​បណ្តាលមកពី​ជម្លោះ​ប្រដាប់អាវុធ​។

 
​ចាប់តាំងពី​ប្រកាស​ការអំពាវនាវ​កាលពី​ចុងខែ​មីនា​មក អង្គការ UNICEF ទើបតែ​ទទួលបាន​ទឹកប្រាក់​ចំនួន​ ២១៥​លាន​ដុល្លារ​ប៉ុណ្ណោះ​។ យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters លោកស្រី Henrietta Fore នាយក​ប្រតិបត្តិ​របស់​UNICEF បាន​លើកឡើងថា​៖«​យើង​បានឃើញ​ហើយពី​អ្វីដែល​កើតឡើង ​បណ្តាលមកពី​ជំងឺឆ្លង​នៅ​ប្រទេស​ដែលមាន​ប្រព័ន្ធ​សុខាភិបាល​ទំនើប ហើយ​យើង​ព្រួយបារម្ភ​ ចំពោះ​អ្វីដែល​នឹង​កើតឡើង​ នៅ​ប្រទេស​ដែលមាន​ប្រព័ន្ធ​សុខាភិបាល​ទន់ខ្សោយ និង​មាន​ធនធាន​តិច​»​។ 
 
UNICEF នៅពេលនេះ កំពុង​ផ្តោត​ការយកចិត្តទុកដាក់ ទៅលើ​ការឆ្លើយតប​នឹង​ជំងឺ​រាតត្បាត​សកល ​COVID-19 នៅ​ប្រទេស​ដែល​កំពុងមាន​វិបត្តិ​មនុស្ស​ធ​ម៌​ស្រាប់​ ដោយ​ផ្តោតទៅលើ ការបង្ការ​ការឆ្លង និង​កាត់បន្ថយ​ការប៉ះពាល់​ ទៅលើ​ការទទួលបាន​សេវា​សុខាភិបាល អាហារូបត្ថម្ភ ទឹកស្អាត​ និងអនាម័យ ការអប់រំ និង​ការការពារ​។ 
 
«​ជំងឺ​រាតត្បាត​សកល​ ដែលជា​វិបត្តិ​សុខាភិបាល បានប្រែក្លាយ​យ៉ាង​រហ័ស​ទៅជា​វិបត្តិ​សិទ្ធិ​កុមារ​»​។ នេះ​ជាការ​បន្ថែម​របស់លោក​ស្រី Fore ប្រមុខ​UNICEF​។ លោកស្រី Fore អះអាងថា មូលនិធិ​ទាំងអស់នោះ នឹង​ជួយ​ពិភពលោក ​ក្នុងការ​ឆ្លើយតប​ទៅនឹង​វិបត្តិ ជួយ​ឲ្យ​ងើប​ឡើងវិញ​ក្រោយ​វិបត្តិ និង​ការពារ​កុមារ​ពី​ផលប៉ះពាល់​ទាំងនោះ​។​
 
​យោងតាម​ការវិភាគរ​បស់ UNICEF កុមារ​ប្រមាណ​៧៧​ភាគរយ ក្នុងប្រទេស​ចំនួន​១៣២ ដែលមាន​ចំនួន​ស្មើនឹង​ ១,៨​ ពាន់​លាន​នាក់​ កំពុងតែ​រស់នៅ​មួយកន្លែង ដោយសារតែ​មានការ​រឹតត្បិត​នូវ​ការ​បម្លាស់​ទី​។ ចំណែកឯ អង្គការសហប្រជាជាតិ កាលពី​សប្តាហ៍​មុន​ ក៏បាន​បង្កើន​ការអំពាវនាវ​របស់ខ្លួន មួយ​ជា​បី​ផងដែរ ដើម្បី​ស្វែងរក​ទឹកប្រាក់ ​៦,៧​ ពាន់​លាន​ដុល្លា ក្នុង​ការជួយ​ប្រទេស​ចំនួន​៦៣ នៅ​អាហ្វ្រិក និង​អាមេរិក​ឡាទីន ដែល​សុទ្ធសឹងតែ​ជា​ប្រទេស​ងាយ​រងគ្រោះ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺឆ្លង និង​រក្សា​ស្ថិរភាព​ដែល​បណ្តាលមកពី​ជំងឺ ​COVID-19​។​
 
​ប្រមុខ​អង្គការសហប្រជាជាតិ លោក António Guterres បានលើកឡើង​ពី​កង្វល់ ជុំវិញ​ការគាំទ្រ​មិន​គ្រប់គ្រាន់​សម្រាប់​ប្រទេស​ក្រីក្រ និង​សោកស្តាយ​ចំពោះ​កង្វះខាត​ភាពជា​អ្នកដឹកនាំ​របស់​ប្រទេស​មហាអំណាច ក៏ដូចជា​ការ​ប្រេះស្រាំ​របស់​សហគមន៍​អន្តរជាតិ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺឆ្លង​។​
 
​បន្ថែម​ពីនេះ ​ក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការសហប្រជាជាតិ ពុំទាន់​អាច​ច​រចា​បាន ​សេចក្តីសម្រេចចិត្ត​ស្តី​ពីបទ​ឈប់​បាញ់​សកល​ឡើយ ក្រោយពេល​ជួប​ចរ​ចា​ជាង​៦​សប្តាហ៍​មកហើយ​។ គួរបញ្ជាក់​ផងដែរ​ថា មកដល់ពេលនេះ​ជំងឺ COVID-19 បាន​ចម្លង​មនុស្ស​ជាង ​៤,១​លាន​នាក់ និង​សម្លាប់​មនុស្ស​ជាង​ ២៨២,០០០ នាក់​៕

© រក្សាសិទ្ធិដោយ thmeythmey.com