ជាតិ
ក្រសួងប្រាប់ឲ្យប្រយ័ត្នចំពោះផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ខណៈរដូវវស្សានឹងចាប់ផ្តើមនៅថ្ងៃទី១៥ ឧសភា
× ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា រដូវវស្សានឹងចាប់ផ្តើមនៅថ្ងៃទី១៥ ខែឧសភានេះ ជាមួយយនឹងរបបខ្យល់មូសុងនិរតីបក់មកលើកម្ពុជាដែរ។ ទន្ទឹមនឹងនេះ ក៏មានជ្រលងសម្ពាធទាបបង្កើនឥទ្ធិពលមកលើភាគពាយ័ព្យ និងខាងជើងកម្ពុជាផងដែរ។ នេះបើយោងតាមសេចក្តីជូនដំណឹងប្រចាំសប្តាហ៍បស់ក្រសួងធនធានទឹក និងឧតុនិយម។
តាមក្រសួងធនធានទឹក ឥទ្ធិពលនេះ ធ្វើឲ្យស្ថានភាពអាកាសធាតុ ពីថ្ងៃ១៣-១៥ ឧសភា នៅបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា ពី២៥-២៨អង្សា និងសីតុណ្ហភាពអតិបរមា ពី៣៦-៣៩អង្សា។ ចំណែកបណ្ដាខេត្តនៅផ្នែកពាយព្យ អាចភ្លៀងពីខ្សោយទៅបង្គួរ ហើយផ្នែកផ្សេងទៀត អាចមានភ្លៀងពីខ្សោយទៅមធ្យម។ ដោយឡែកចាប់ពីពីថ្ងៃទី ១៥-១៩ ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយក្នុងកម្រិតតិចទៅបង្គួរ។
រីឯបណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងសីតុណ្ហភាពអប្បបរមា ពី ២៥-២៧អង្សា និងសីតុណ្ហភាពមានពី ៣៤-៣៨អង្សា ចាប់ពីថ្អៃទី១៣-១៥ ឧសភា។ ហើយបណ្ដាខេត្តនៅជាប់ជួរភ្នំដងរែកអាចមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ។ ចាប់ពីថ្ងៃទី១៥ -១៩ ឧសភា ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយ ពីតិចទៅបង្កួរ។
ដោយឡែកខេត្តជាប់សមុទ្រវិញ គឺមានសីតុណ្ហភាពអប្បបរមាពី ២៥-២៨អង្សា និងសីតុណ្ហភាពអតិបរមាពី ៣៣-៣៦អង្សា ហើយនឹងមានភ្លៀងពីតិច ទៅបង្គួរ។
នៅក្នុងសេចក្តីជូនដំណឹងប្រចាំសប្តាហ៍នេះដែរ ក្រសួងក៏អំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ផងដែរ ក៏ដូចជាការកើនឡើងសីតុណ្ហភាព ដែលអាចនឹងកើតមានឡើងពិសេសបណ្ដាខេត្តនៅតំបន់វាលទំនាប ដូចជាខេត្តបន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ បាត់ដំបង សៀមរាប ឧត្តរមានជ័យ និងព្រះវិហារ៕
Tag:
អាកាសធាតុ
រដូវវស្សា
© រក្សាសិទ្ធិដោយ thmeythmey.com