COVID-19
អន្តរជាតិ
ថៃ ពិចារណា​ឲ្យ​ជនបរទេស​បង់ពន្ធ​៩​ដុល្លារ​ពេល​មកលេង​កម្សាន្ត​ប្រទេស​ខ្លួន​
12, May 2020 , 7:39 pm        
រូបភាព
ព្រលានយន្តហោះអន្តរជាតិ សុវណ្ណភូមិ ថៃ (កាសែតបាងកកប៉ុស្តិ៍)
ព្រលានយន្តហោះអន្តរជាតិ សុវណ្ណភូមិ ថៃ (កាសែតបាងកកប៉ុស្តិ៍)
ដោយ:
ក្រសួងទេសចរណ៍ និង​កីឡា​ថៃ កំពុង​ពិចារណា​ដាក់​ពន្ធ ៣០០​បាត (​ប្រមាណ​៩,៣​ដុល្លារ​) ឬ​ទាប​ជាង​នេះ លើ​ភ្ញៀវទេសចរ​បរទេស​ម្នាក់ៗ ដែល​ចូលមក​កម្សាន្ត​ក្នុងប្រទេស​ខ្លួន កាលណា​សកម្មភាព​ទេសចរណ៍ និង​ជើងហោះហើរ ដំណើរការ​ឡើងវិញ​។

 
​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ថៃ Phiphat Ratchakitprakarn នៅ​ថ្ងៃទី​១២ ខែឧសភា គូសបញ្ជាក់ថា ពន្ធ​នេះ នឹងត្រូវ​ប្រមូលយក កាលណា​ជនបរទេស​មកដល់​ប្រទេស​ថៃ ទាំង​តាមរយៈ​ផ្លូវអាកាស ផ្លូវគោក ឬ​ផ្លូវទឹក​។ តាម​កាសែត​បាងកក​ប៉ុ​ស្ត៍ ការយកពន្ធ​បែបនេះ គឺជា​ផ្នែក​មួយ​នៃ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​រយៈពេល​២០​ឆ្នាំ ដែល​តម្រូវ​ឲ្យ​ភ្នាក់ងារ​រដ្ឋាភិបាល​ពង្រឹង​ការយក​ចំណូល​ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ចជាតិ​មាន​ស្ថិរភាព​និង​ចីរភាព​។ 
 
​លុយ​ពន្ធ​ដែល​ប្រមូលបាន​នេះ នឹង​ប្រគល់​ទៅ​ឲ្យ​មូលនិធិ​វិស័យ​ទេសចរណ៍ ដែល​ចាត់ចែង​ដោយ​ក្រសួងទេសចរណ៍​ថៃ ហើយ​មាន​គោលដៅ​អភិវឌ្ឍ និង​កសាង​ឡើងវិញ​នូវ​សង្វាក់​ផ្គត់ផ្គង់​វិស័យ​ទេសចរណ៍ ក៏ដូចជា​ផ្ដល់ជូន​កិច្ច​គាំពារ​ផ្នែក​សន្តិសុខ​និង​សុវត្ថិភាព​ចំពោះ​ភ្ញៀវទេសចរ​។ 
 
«​គំនិត​នេះ ត្រូវបាន​ផ្ដួចផ្ដើមឡើង កាលពី​ឆ្នាំមុន តែ​ត្រូវ​ពន្យារពេល​ព្រោះ​ជំងឺ​រាតត្បាត COVID-19​។ ឥឡូវនេះ គឺជា​ពេលវេលា​ល្អ​សម្រាប់​ផ្ដើម​គិតគូរ​ការប្រមូល​ហើយ​»​។ លោក​រដ្ឋមន្ត្រី Phiphat បញ្ជាក់​បែបនេះ ដោយ​បន្ថែមថា គោលដៅ​គឺ​ចង់យក​ពន្ធ​លើ​ភ្ញៀវទេសច​ដែល​ចូលមកក្នុង​ប្រទេស​ថៃ​តាមរយៈ​ផ្លូវអាកាស ដោយ​គិតលុយ​បន្ថែម​លើ​សំបុត្រ​យន្តហោះ​ពួកគេ​តែម្ដង​។ យ៉ាងណាមិញ រដ្ឋាភិបាល​ថៃ ពុំទាន់​សម្រេច​លើ​ការប្រមូល​លុយ​តាមរយៈ​ផ្លូវទឹក និង​ផ្លូវគោក​នៅឡើយ​ទេ​។ 
 
«​ជំងឺ​រាតត្បាត​សកល COVID-19 មាន​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​ទំនុកចិត្ត​វិស័យ​ទេសចរណ៍ ហើយ​មូលនិធិ​ទេសចរណ៍ គួរ​ដាក់​មួយអន្លើ​ដើម្បី​ជួយ​ដល់ទី​ភ្នាក់ងាររដ្ឋ​យកទៅ​ប្រើប្រាស់ ដើម្បី​ជួយ​គាំទ្រ​ភ្ញៀវទេសចរ​ដែល​រងគ្រោះ​ដោយសារ COVID-19»​។ លោក រដ្ឋមន្ត្រី​ថៃ បញ្ជាក់​បែបនេះ​។ 
 
​សូម​បញ្ជាក់ដែរថា នៅ​ថ្ងៃទី​១១ ខែឧសភា អាជ្ញាធរ​ទេសចរណ៍​ថៃ (TAT) បាន​ព្យាករ​ថា ចំនួន​ភ្ញៀវទេសចរ​បរទេស​ក្នុងប្រទេស​ថៃ ប្រហែល​ធ្លាក់ចុះ​ច្រើន​រហូតដល់ ២៥,៨​ភាគរយ មក​ត្រឹម​១៤​លាន​នាក់​សម្រាប់​ឆ្នាំ​២០២០​។ តួលេខ​ទេសចរណ៍​នេះ គឺជា​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​១៤​ឆ្នាំ​ចុងក្រោយ ដែល​រងគ្រោះ​ព្រោះ​ជំងឺ​COVID-19​។ ដោយឡែក អ្នកទេសចរ​បរទេស​ដែល​មកកាន់​ប្រទេស​ថៃ​កាលពី​ឆ្នាំមុន មាន​៣៩,៨​លាន​នាក់​៕ 

Tag:
 ថៃ​
  ក្រសួងទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com