ជាតិ
សង្គមជាតិ
ថ្នាក់លើ​ដាស់តឿន​៖ ប៉ូលិស​ចរាចរណ៍ ដែល​អនុវត្ត​លើស​គោលការណ៍ នឹងរង​ពិន័យ​
12, May 2020 , 9:19 pm        
រូបភាព
​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ដឹកនាំ​ប្រជុំ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ​នានា នា​ព្រឹក​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២០ ជុំវិញ​ការអនុវត្ត​អនុក្រឹត្យ​ថ្មី​ស្តីពី​ការផាកពិន័យ​បទល្មើស​ចរាចរណ៍​។ ក្នុងចំណោម​បញ្ហា​និង​ប្រធានបទ ដែល​លើកឡើង​ក្នុង​អង្គប្រជុំ ក៏មាន​ការលើកឡើង​ពី​នគរបាល​ចរាចរណ៍ ដែល​ចុះ​អនុវត្ត​ផ្ទាល់​ផងដែរ​។     

 
​គេហទំព័រ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ស្រង់​សម្តី​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ​ទទួលបន្ទុក​ផ្នែក​ចរាចរណ៍ ដែល​ថ្លែង​ក្រោយ​ចប់​កិច្ចប្រជុំ ទៅ​ចុះផ្សាយ​ថា នគរបាល (​ចរាចរណ៍​) ដែល​អនុវត្ត​លើស​គោលការណ៍​ណែនាំ ប្រើប្រាស់​សម្តី និង​អាកប្បកិរិយា​មិន​សមរម្យ «​នឹងត្រូវ​បានដាក់​វិន័យ ឬ​ទទួល​ការអប់រំ​»​។ លោក បន្តថា កងកម្លាំង​សមត្ថកិច្ច ត្រូវ​ធ្វើជា​គំរូ ដូចជា ពាក់មួក​សុវត្ថិភាព ពាក់​ខ្សែក្រវ៉ាត់​ការពារ ជាដើម ហើយ​បើ​ប្រព្រឹត្តិ​ខុស នឹងត្រូវ​អនុវត្តតាម​ច្បាប់ ដូច​ប្រជាពលរដ្ឋ​ដែរ​។​
 
​យ៉ាងណា កិច្ចប្រជុំ បាន​សរសើរ​កម្លាំង​នគរបាល​ចរាចរណ៍​ថា បាន​ខិតខំ​អនុវត្ត​វិធានការ តាម​អនុ​ក្រឹ​ត​ថ្មី​ស្តីពី​ការផាកពិន័យ​បទល្មើស​ចរាចរណ៍​។ នេះ​បើតាម​ប្រសាសន៍​របស់លោក ហ៊ឹម យ៉ាន ដដែល ដោយ​លោក បន្ថែមថា ការចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ការគោរព​ច្បាប់​ចរាចរណ៍ មានការ​កើនឡើង ហើយ​នគរបាល​ចរាចរណ៍ ក៏មាន​ការដកពិសោធន៍​កាន់តែច្រើន និង​មានការ​យល់ដឹង​ពី​បញ្ហា​ទាំងឡាយ​នៅលើ​ផ្លូវ ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​។ 
 
​លោក សង្កត់ធ្ងន់ថា​៖«​អង្គប្រជុំ បានសម្រេច​ថា ការ​រឹតបន្តឹង​អនុវត្ត​ច្បាប់ ត្រូវតែ​បង្កើន​ឲ្យ​បាន​ខ្លាំងក្លា​ថែមទៀត រហូត​ទាល់តែ​សម្រេច​ឲ្យ​បាន​នូវ [​ការកាត់បន្ថយ​] គ្រោះថ្នាក់ [​ចរាចរណ៍​] ជា​អតិបរមា ឲ្យ​មាន​ការគោរព​ច្បាប់​ស្តីពី​ចរាចរណ៍​កាន់តែ​ផុលផុស និង ធានាបាន​នូវ​សណ្តាប់ធ្នាប់ សុវត្ថិភាព​ចរាចរណ៍​ទូទាំងប្រទេស​ផងដែរ​»​។​
 
​គិត​ត្រឹម​រយៈពេល​១​សប្តាហ៍​ដំបូង នៃ​ការចាប់ផ្តើម​អនុវត្ត​អនុក្រឹត្យ​ថ្មី នគរបាល​ចរាចរណ៍ ឃាត់​យន្ត​យន្ត នគរបាល​ចរាចរណ៍ បាន​ឃាត់​យានយន្ត​ប្រមាណ​១,៤​ម៉ឺន​គ្រឿង ដោយ​ក្នុងនោះ ទោចក្រយានយន្ត​និង​ត្រីចក្រយានយន្ត មាន​ជាង​១​ម៉ឺន​គ្រឿង ហើយ​រថយន្ត មាន​ជាង​៣​ពាន់​គ្រឿង​៕
 

Tag:
 ​ចរាចរណ៍​
  នគរបាល
© រក្សាសិទ្ធិដោយ thmeythmey.com