ភ្នំពេញ៖ លោក កើត រិទ្ធ ដែលទើបឡើងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានគិតគូរដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅតាមតុលាការមុនគេ។ លោក បានបង្កើតក្រុមការងារថ្មីមួយ ហៅថា គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងរាធានី-ខេត្ត (គ.យ.ក.ស.)។ លោក ធ្វើជាប្រធាននៃគណៈកម្មការនេះដោយខ្លួនឯងតែម្តង។
សេចក្តីសម្រេច ដែលរដ្ឋមន្ត្រីយុត្តិធម៌ ចេញនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ បានកំណត់ថា តួនាទីរបស់ គ.យ.ក.ស. គឺដឹកនាំ និងសម្របសម្រួលការងាររួមលើការអនុវត្តយុទ្ធនាការដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត។
សេចក្តីសម្រេច កំណត់ទៀតថា គ.យ.ក.ស. ដាក់ចេញនូវគោលការណ៍ណែនាំ វិធានការនានា និង ផែនការសកម្មភាពចាំបាច់ ដើម្បីអនុវត្តយុទ្ធនាកាឲ្យមានប្រសិទ្ធភាព សំដៅរួមចំណែកលើកកម្ពស់សមត្ថភាពស្ថាប័ន ក្នុងការបម្រើសេវាយុត្តិធម៌ឲ្យបានល្អប្រសើរ និងរួមចំណែកកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ និងតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធនាការ។
សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍កន្លងមកថា បច្ចុប្បន្ន ការកកស្ទះសំណុំរឿងនៅតាមតុលាការ កាត់តែមានភាពស្មុគស្មាញ ហើយអ្នកជាប់ឃុំជាច្រើន មិនទាន់ត្រូវបានដោះស្រាយ (មិនទាន់ជំនុំជម្រះ)។
របាយការណ៍ពីក្រសួងមហាផ្ទៃ បានឲ្យដឹងថា បច្ចុប្បន្ន កម្ពុជា មានអ្នកជាប់ឃុំសរុបជាង៣,៨ម៉ឺននាក់ ដោយក្នុងនោះ ស្ត្រី មានជាង២,៥ពាន់នាក់។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ធ្លាប់លើកឡើងថា ក្រសួងមហាផ្ទៃ កំពុងជំរុញគម្រោងសាងសង់និងជួសជុលកែលម្អអគារឃុំឃាំងនានាក្នុងពន្ធនាគារ ដើម្បីដោះស្រាយបញ្ហាចង្អៀតណែននេះ។
ចំណែក លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ធ្លាប់អះអាងថា ក្រសួងយុត្តិធម៌ កំពុងប្រឹងប្រែងពង្រីកអគារបន្ថែមនៅតាមតុលាការ ជាពិសេសសាលសវនាការ (បន្ទប់ជំនុំជម្រះ) ដើម្បីដោះស្រាយការកកស្ទះសំណុំរឿង ព្រោះតែខ្វះសាលសវនាការ។
លើសពីនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានផ្តល់យោបល់ដល់ក្រសួងយុត្តិធម៌ ឲ្យជួលបន្ទប់នៅសណ្ឋាគារ ធ្វើជាសាលសវនាការ បើតុលាការ ខ្វះសាលសវនាការកាត់ក្តី ដើម្បីពន្លឿនដោះស្រាយសំណុំរឿង ជាពិសេសំណុំរឿងរបស់ស្ត្រី។
អង្គការសង្គមស៊ីវិលនានា តែងអំពាវនាវឲ្យរដ្ឋាភិបាល ដោះស្រាយការកកស្ទះក្នុងពន្ធនាគារនិងការកកស្ទះសំណុំរឿងនៅតាមតុលាការ។ រដ្ឋាភិបាលខ្លួនឯង ក៏ទទួលស្គាល់ដែរថា ពន្ធនាគារកម្ពុជា ពិតជាមានការកកស្ទះ ដោយសារតែអ្នកជាប់ឃុំ កើនឡើងច្រើន ហើយនៅតាមតុលាការ ក៏មានការកកស្ទះសំណុំរឿងដែរ៕