COVID-19
អន្តរជាតិ
ហ្វីលីពីន ពន្យារពេល​បិទ​ប្រទេស​ដោយ​ផ្នែក ២​សប្តាហ៍​ថែមទៀត រហូតដល់​ដើមខែ​មិថុនា​
12, May 2020 , 9:39 pm        
រូបភាព
លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ។ រូបភាព៖ Reuters
លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ។ រូបភាព៖ Reuters
​ហ្វីលីពីន នឹង​ពន្យារពេល​បិទ​ប្រទេស​មួយផ្នែក​រយៈពេល ២​សប្តាហ៍​បន្ថែមទៀត ដើម្បី​ទប់ស្កាត់​ការរីក​សាយភាយ COVID-19 នៅក្នុង​ប្រទេស​។ លោក​ប្រធានាធិបតី​ហ្វី​លី​ពី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បានបញ្ជាក់​បែបនេះ នា​ព្រឹក​ថ្ងៃទី​១២ ខែឧសភា​។


​ស្របពេល​ប្រទេស​មួយចំនួន កំពុងតែ​បន្ធូរបន្ថយ​ការ​រឹតត្បិត​នៅក្នុង​ប្រទេស ហ្វីលីពីន​បែរជា​ចេញ​វិធាន​ការបិទ​ប្រទេស​រយៈ ពីរ​សប្តាហ៍​បន្ថែមទៀត ពីលើ​រយៈពេល​បិទ​ប្រទេស​រយៈពេល ៩​សប្តាហ៍​កន្លងមក​។ តាមរយៈ​កិច្ចប្រជុំ​ក្រុម​ឆ្លើយតប​COVID-19 ដែល​ត្រូវបាន​ចាក់ផ្សាយ​នៅលើ​ទូរទស្សន៍​រដ្ឋ ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បានលើកឡើង​ពី​ការពន្យារពេល​បិទ​ប្រទេស​ដោយ​ផ្នែក​នេះ​រយៈពេល​ពីរ​សប្តាហ៍​ប​ន្ថែ​ម​ទៀត ដែល​ក្នុងនោះ​មាន​ទីក្រុង​ម៉ានីល និង​តំបន់​ផ្សេងទៀត​។ 
 
​យ៉ាងណាក៏ដោយ លោក​ប្រធានាធិបតី​មិនបាន​បញ្ជាក់​តំបន់​ក្រៅពី​ទីក្រុង​ម៉ានីល​ឲ្យ​បានច្បាស់លាស់​ឡើយ ថា​តើ​នឹងមាន​តំបន់​ណា​ផ្សេងទៀត ដែល​ត្រូវ​បិទ​។ សេចក្តីលម្អិត​ព័ត៌មាន​ជុំវិញ ការពន្យារ​រយៈពេល​បិទ​ប្រទេស​នេះ នឹង​ចេញ​នៅពេល​ក្រោយ​។ ចំណែក​លោក Harry Roque អ្នកនាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន​វិញ បាន​អះអាងថា រដ្ឋាភិបាល នឹង​បិទ​ទីក្រុង​ម៉ានីល និង ទីក្រុង​Cebu​។ 
 
​តាមរយៈ​កិច្ចប្រជុំ​ក្រុម​ឆ្លើយតប​COVID-19  ដដែល​នេះ លោក ឌូ​ទើ​តេ បាន​ជំរុញ​ឲ្យ​ប្រជាជន​ហ្វីលីពីន​រស់នៅក្នុង​តំបន់​បន្ធូរបន្ថយ​ការ​រឹតត្បិត ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ជាង​មុន ដើម្បី​ចៀសវាង​ការបង្ក​ឲ្យ​មាន​រលក​ឆ្លង​ទី​២ ឬ​ទី​៣ នៃ​កូ​រ៉ូ​ណាវី​រុស​នៅលើ​ទឹកដី​មួយ​នេះ ជាពិសេស​លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា ការពាក់​ម៉ាស់ គឺជា​រឿង​ចាំបាច់​។​
 
​សូមបញ្ជាក់ថា ហ្វីលីពីន បាន​បិទ​តំបន់ តាំងពី​ថ្ងៃទី​១៦ ខែមីនា​មក​ម្លេះ និង​ត្រូវអស់​សុពលភាព​នៅ​ថ្ងៃទី​១៥ ខែឧសភា​។ ដោយ​បន្ថែម​រយៈពេល​ពីរ​សប្តាហ៍​ទៀត ហ្វីលីពីន អាច​នឹងត្រូវ​បិទ​តំបន់​រហូតដល់​ថ្ងៃទី​១ ខែមិថុនា​។ គិត​ត្រឹម​ថ្ងៃទី​១១ ខែឧសភា ហ្វីលីពីន មាន​ករណី​ឆ្លង COVID-19 សរុប​ចំនួន ១១០៨៦​ករណី អ្នកស្លាប់​ចំនួន ៧២៦​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ១៩៩៩​ករណី​៕ 

Tag:
 ហ្វីលីពីន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com