ជាតិ
យានយន្ត​ជាង​៦​លាន​គ្រឿង បាន​ចុះបញ្ជី​ធ្វើ​ស្លាក​លេខ​យានជំនិះ
12, May 2020 , 9:59 pm        
រូបភាព
រថយន្តសម្រុកទៅធ្វើឆៀក (ThmeyThmey)
រថយន្តសម្រុកទៅធ្វើឆៀក (ThmeyThmey)
​ភ្នំពេញ​៖ បច្ចុប្បន្ន​មាន​យានយន្ត​ជាង​៦​លាន​គ្រឿង​នៅ​កម្ពុជា បាន​ចុះបញ្ជី​ស្លាក​លេខ​យានជំនិះ ដែល​ក្នុងនោះ​មាន​ជាង​៨០​ភាគរយ​ជា​ម៉ូតូ​។ នេះ​បើតាម​ការប៉ាន់ប្រមាណ របស់ លោក ឈួន វ៉ន់ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​។​


 
​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​ការអនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោ កនៅ​រសៀល​ថ្ងៃទី​១២ ឧសភា​នេះ លោក ឈួន វ៉ន់ ថ្លែងថា​៖ «​យានយន្ត​ដែល​បានមក​ចុះបញ្ជី​ទាំងអស់ ទាំង​ម៉ូតូ​ឡាន ប្រមាណ​ចូល​ជិត​៦​លាន​គ្រឿង​ហើយ​។ ហើយ​ក្នុង​ហ្នឹង​មាន​ជាង​៨០​ភាគ ជា​ទោចក្រយានយន្ត​ដែលជា​ម៉ូតូ ហើយ​ឡាន​ប្រហែលជា​ជិត​១​លាន​គ្រឿង​ហើយ​»​។ 
​លោក ឈួន វ៉ន់ បាន​បញ្ជាក់ថា រថយន្ត​ជិត​១​លាន​គ្រឿង​នេះ មាន​ប្រមាណ​៤០​ភាគរយ​ប៉ុណ្ណោះ​ដែល​បានធ្វើ​ឆៀក ហើយ​៦០​ភាគរយ​គឺ​មិនមាន​ឆៀក​។ 
 
​ជាមួយគ្នានេះដែរ ចាប់តាំងពី​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាំងពីដើម​ខែឧសភា​មក ពលរដ្ឋ​បាន​សម្រុក​យក​រថយន្ត​របស់ខ្លួន​ទៅ​ឆៀក ដោយបាន​កើនឡើង​៤​ដង នៃ​ចំនួន​ធម្មតា ដែល​ទូទៅ​មាន​ប្រមាណ​៨០០​គ្រឿង ក្នុង​មួយថ្ងៃ​។ ការ​សម្រុក​ទៅ​ឆៀក​នេះ ធ្វើ​ឲ្យ​ក្រុមការងារ​បន្ថែម​ម៉ោង​ធ្វើការ ដើម្បី​ព​ន្លឿ​ន​ការងារ​ឲ្យ​ទាន់ពេលវេលា​ន​។ នេះ​ជាការ​បញ្ជាក់​របស់លោក ឈួន វ៉ន់ ដែល​បន្តថា រថយន្ត​ដែល​ហួស​សុពលភាព​ឆៀក នឹងត្រូវ​ពិន័យ​មួយថ្ងៃ​២០០០​រៀល នៅពេល​ទៅធ្វើ​ឆៀក​ថ្មី ដោយ​អនុវត្ត​ចាប់ពី​ថ្ងៃទី​១ កក្កដា ឆ្នាំ​២០២០​ទៅ​៕ 

Tag:
 ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com