ជាតិ
ជនបរទេស ក៏​អាច​ប្ដូរ ឬ​ធ្វើ​បណ្ណ​បើកបរ​នៅ​កម្ពុជា​បានដែរ​
13, May 2020 , 7:59 am        
រូបភាព
សកម្មភាពប្រឡងយកបណ្ណបើកបរ (រូបពីទំព័រហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន)
សកម្មភាពប្រឡងយកបណ្ណបើកបរ (រូបពីទំព័រហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន)
​ភ្នំពេញ​៖ ជនបរទេស ដែល​ស្នាក់នៅ​ស្របច្បាប់​នៅ​កម្ពុជា ក៏​អាច​ប្រឡង​យក​បណ្ណ​បើកបរ​បានដែរ ហើយ​អ្នក​ដែលមាន​បណ្ណ​បើកបរ​ពី​ក្រៅប្រទេស ក៏​អាច​ប្ដូរ​ជា​បណ្ណ​បណ្ណ​បើកបរ​កម្ពុជា​បាន​ដូចគ្នា​។ នេះ​បើ​យោងតាម​មាត្រា​៤៥ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដែល​បានបញ្ជាក់​ពី​ករណី​លើកលែង ចំពោះ​បណ្ណ​បើកបរ​បរទេស​ដែលមាន​កិច្ចព្រមព្រៀង ឬ​អនុ​ញ្ញា​អន្តរជាតិ​ទទួលស្គាល់​បណ្ណ​បើកបរ​ទៅវិញទៅមក​ជា​ទ្វេភាគី ឬ​ពហុភាគី​ជាមួយ​ប្រទេស​កម្ពុជា​។

 
​បើតាម​មាត្រា​៤៥ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី នៅ​កម្ពុជា ជនបរទេស​ដែល​ចូលមក​ស្នាក់នៅ​ស្របច្បាប់ ហើយ​មានបំណង​បើកបរ​យានយន្ត ត្រូវមាន​បណ្ណ​បើកបរ​កម្ពុជា តាម​មធ្យោបាយ​២​យ៉ាង​គឺ​ទី​១ ត្រូវ​ប្រឡង​យក​បណ្ណ​បើកបរ​ដូច​ពលរដ្ឋ​ខ្មែរ​។ ទី​២ ត្រូវយក​បណ្ណ​បើកបរ​របស់​ប្រទេស​ខ្លួន យក​ប្តូរ​យក​បណ្ណ​បើកបរ​កម្ពុជា ដោយ​ដាក់​ពាក្យសុំ​នៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ត្រូវបំពេញ​លក្ខខណ្ឌ​មួយចំនួន​ដូចជា​៖ 
 
​ក​. ត្រូវមាន​លិខិតឆ្លងដែន និង​ទិដ្ឋាការ​មាន​សុពលភាព​។​
 
​ខ​. ត្រូវមាន​បណ្ណ​បើកបរ​មាន​សុពលភាព​។​
 
​គ​. មាន​អាសយដ្ឋាន​ស្នាក់នៅ​ច្បាស់លាស់ ដោយមាន​បញ្ជាក់​ពី​មេឃុំ ឬ​ចៅសង្កាត់​។​
 
​ឃ​. មាន​លិខិតបញ្ជាក់​កាយសម្បទា​។​
 
​ង​. ក្នុងករណី​ដែល​បណ្ណ​បើកបរ​មិន​សរសេរ​ជា​ភាសា​អង់គ្លេស ឬ​ភាសា​បារាំង ត្រូវតែ​បកប្រែ​ជា​ភាស​ខ្មែរ អង់គ្លេស ឬ​បារាំង ដោយមាន​ការបញ្ជា​ក់ទ​ទួល​ស្គាល់​ពី​ស្ថានទូត ឬ​ស្ថាន​កុងស៊ុល ឬ​ទី​ស្ថាន​របស់​បេសកកម្ម​របស់ខ្លួន​។ សុពលភាព​បណ្ណ​បើកបរ​របស់​ជនបរទេស ដែល​ត្រូវបាន​ប្តូរ​យក​បណ្ណ​បើ​កករ​កម្ពុជា មាន​រយៈពេល​១​ឆ្នាំ​។ សុពលភាព​បណ្ណ​របស់​ជនបរទេស​ដែល​បាន​ប្រឡង​ជាប់​មាន​រយៈពេល​ដូចគ្នា នឹង​ពលរដ្ឋ​ខ្មែរ​ដែរ​។ 
 
​ជនបរទេស​ដែលមាន​បណ្ណ​បើកបរ​ប្រភេទ គ ឃ និង​ង មិនអាច​ប្តូរ​យក​បណ្ណ​បើកបរ​កម្ពុជា​ដូចគ្នានេះ​ទេ តែ​អាច​ប្តូរ​យក​បណ្ណ​បើកបរ​ប្រភេទ ក និង​ខ បាន​។ នេះ​បើតាម​មាត្រា​៤៥ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​៕
 


តម្លៃប្រឡងយកបណ្ណបើកបរ (រូបពីទំព័រហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន)


Tag:
 ចរាចរណ៍​
  បណ្ណ​បើកបរ​
© រក្សាសិទ្ធិដោយ thmeythmey.com