កីឡាជាតិ
ជាតិ
ក្រសួង​អប់រំ បង្កើត​នាយកដ្ឋាន​ពីរ ដើម្បី​គ្រប់គ្រង​ព្រឹត្តិការណ៍​កីឡា និង​ទិន្នន័យ​ព័ត៌មាន​
13, May 2020 , 8:59 am        
រូបភាព
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា
ដោយ:
​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រេច​បង្កើត​នាយកដ្ឋាន និង​មជ្ឈមណ្ឌល​កីឡា​ចំនួន​ពីរ​បន្ថែម ដើម្បី​ជួយ​សម្រួល​បន្ទុក​ការងារ​ក្នុងការ​អភិវឌ្ឍ​វិស័យ​កីឡា​នៅ​កម្ពុជា​។ នាយកដ្ឋាន​ទាំងពីរ មាន​តួនាទី​រៀបចំ​និង​គ្រប់គ្រង​ព្រឹត្តិការណ៍​កីឡា និង​ទិន្នន័យ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​សកម្មភាព​កីឡា​ទាំង​ថ្នាក់ជាតិ និង​អន្តរជាតិ​។

 
​នាយកដ្ឋាន​រៀបចំ និង​គ្រប់គ្រង​ព្រឹត្តិការណ៍​កីឡា និង​មជ្ឈមណ្ឌល​ជាតិ​ព័ត៌មានវិទ្យា និង​ស្ថិតិ​កីឡា ត្រូវបាន​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ សម្រេច​បង្កើតឡើង ដើម្បី​ជួយ​សម្រួល​បន្ទុក​ការងារ និង​ដំណើរការ​ផ្សេងៗ ​ពាក់ព័ន្ធ​វិស័យ​កីឡា​។ នេះ​បើ​យោងតាម​អនុក្រឹត្យ ដែល​ចុះហត្ថលេខា​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២០​។ 
 
​អនុក្រឹត្យ​ដដែល​បាន​បញ្ជាក់ថា នាយកដ្ឋាន ​និង​មជ្ឈមណ្ឌល​ទាំងពីរ​ខាងលើ ស្ថិតក្រោម​ចំណុះ​របស់​អគ្គនាយកដ្ឋាន​កីឡា ដែលមាន​តួនាទី​ផ្សេងៗ​។ ក្នុងនោះ​នាយកដ្ឋាន​រៀបចំ និង​គ្រប់គ្រង​ព្រឹត្តិការណ៍​កីឡា ​មាន​តួនាទី​រៀបចំ គ្រប់គ្រង​ព្រឹត្តិការណ៍​កីឡា ​និង​ការប្រកួត​, សិក្សា ស្រាវជ្រាវ វាយតម្លៃ និង​រៀបចំ​យន្តការ​ការប្រកួត​កីឡា និង​ព្រឹត្តិការណ៍​កីឡា​ទាំង​ជាតិ និង​អន្តរជាតិ​, រៀបចំ​ផែនការ​ប្រកួត និង​ព្រឹត្តិការណ៍​កីឡា និង​សហការ​ជា​ស្ថា​ប័​ន អង្គការ​សង្គម​កីឡា ដើម្បី​រៀបចំ​ការប្រកួត និង​ព្រឹត្តិការណ៍​កីឡា​ជាដើម​។  
 
​ចំណែក​មជ្ឈមណ្ឌល​ជាតិ​ព័ត៌មានវិទ្យា និង​ស្ថិតិ​កីឡា​ មាន​តួនាទី​ប្រមូល​ទិន្នន័យ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការហ្វឹកហាត់ ការប្រកួត គុណ​ផល​កីឡា និង​សុខភាព​របស់​កីឡា​, រៀបចំ​កម្មវិធី​ប្រព័ន្ធ​ព័ត៌មានវិទ្យា និង​វិទ្យាសាស្ត្រ​កុំព្យូទ័រ ដើម្បី​ស្រង់​ស្ថិតិ គ្រប់គ្រង​ព័ត៌មាន​ពាក់ព័ន្ធ​ការហ្វឹកហាត់​កីឡា​ដើម្បី​សុខភាព​, រៀបចំ​ផ្សព្វផ្សាយ​ព័ត៌មាន និង​រៀបចំ​កម្មវិធី​វិទ្យាសាស្ត្រ​កុំព្យូទ័រ ដើ​ម្ប​ចូលរួម​ក្នុងការ​ហ្វឹកហាត់ និង​ប្រកួត​លក្ខណៈ​ជាតិ ​និង​អន្តរជាតិ​។ អង្គភាព​ទាំងពីរ ត្រូវធ្វើ​កិច្ចការងារ​ផ្សេងៗ​ទៀត ដែល​អគ្គនាយកដ្ឋាន​ប្រគល់​ឲ្យ​។  
 
​បច្ចុប្បន្ន អគ្គនាយកដ្ឋាន​កីឡា​មាន​នាយកដ្ឋាន និង​មជ្ឈមណ្ឌល​ចំណុះ​ចំនួន​៤​ រួមមាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​, នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​សិស្ស និស្សិត​, មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា និង​វិទ្យាស្ថាន​ជាតិ​អ​ប់​រំ​កាយ និង​កីឡា​៕ 
 

Tag:
 ក្រសួង​អប់រំ​យុវជន​និង​កីឡា
© រក្សាសិទ្ធិដោយ thmeythmey.com