COVID-19
អន្តរជាតិ
ម៉ាឡេស៊ី រាយការណ៍​ករណី​COVID-19​ទាប​បំផុត ចាប់ពី​អនុវត្ត​បញ្ជា​បិទ​ប្រទេស​
13, May 2020 , 9:52 am        
រូបភាព
ទាហានម៉ាឡេស៊ីម្នាក់ពាក់ម៉ាស់ ឈរយាមកកបែររបងលួសក្នុងតំបន់បិទទប់ស្កាត់COVID-19 នៃទីក្រុង Petaling Jaya នៅថ្ងៃទី១០ ខែឧសភា ២០២០ (AP)
ទាហានម៉ាឡេស៊ីម្នាក់ពាក់ម៉ាស់ ឈរយាមកកបែររបងលួសក្នុងតំបន់បិទទប់ស្កាត់COVID-19 នៃទីក្រុង Petaling Jaya នៅថ្ងៃទី១០ ខែឧសភា ២០២០ (AP)
ដោយ:
​ម៉ាឡេស៊ី បាន​រាយការណ៍​ករណី​ឆ្លង​COVDI-19​ថ្មី ១៦​ករណី កាលពី​ថ្ងៃទី​១២ ខែឧសភា ។ នេះ​ជា​តួលេខ​ឆ្លង​ប្រចាំថ្ងៃ​ទាប​បំផុត ចាប់តាំងពី​បទបញ្ជា​គ្រប់គ្រង​ការ​ចល័ត (MCO) បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី​១៨ ខែមីនា មក​។​

 
​ក្នុងចំណោម​ករណី​ឆ្លង​ថ្មី​ទាំង​១៦​នាក់ ៣​ករណី​ជា​ករណី​នាំចូល ខណៈ​១៣​ករណី​ផ្សេងទៀត​គឺជា​ករណី​ឆ្លង​ក្នុងស្រុក​។ ហើយ​ក្នុងចំណោម​ឆ្លង​ក្នុងស្រុក​ថ្មី ៩​នាក់​ពុំមែន​ជា​ជនជាតិ​ម៉ាឡេស៊ី​។ នេះ​បើតាម​ការបញ្ជាក់​របស់​អគ្គនាយក​សុខាភិបាល​ម៉ាឡេស៊ី Hisham Abdullah ។ 
 
​គ្មាន​ករណី​ស្លាប់​ថ្មី ត្រូវបាន​រាយការណ៍​ឡើយ ខណៈ​ករណី​ស្លាប់​COVID-19​សរុប​នៅ​ប្រទេស​ម៉ាឡេស៊ី ឈ​នៅ​ចំនួន ១០៩​នាក់​។ តាម​ទីភ្នាក់ងារ​ព័ត៌មាន Bernama អ្នកជំងឺ​១១០​នាក់​បន្ថែម ត្រូវបាន​រាយការណ៍​ថា​ជាសះស្បើយ ដែល​ធ្វើ​ឲ្យ​ករណី​អ្នកជា​សះស្បើយ​សរុប ៥២២៣​នាក់ ឬ​៧៧,៥​ភាគរយ​។ គិត​ត្រឹម​ថ្ងៃទី​១២ ខែឧសភា ករណី​ឆ្លង​សរុប​នៅ​ម៉ាឡេស៊ី មាន​៦៧៤២​ករណី​។ 
 
​ទោះបីជា​ករណី​ឆ្លង​ធ្លាក់ចុះ លោក​វេជ្ជបណ្ឌិត Hisham បាន​ទទូច​ឲ្យ​សាធារណជន​កុំ​ធ្វេសប្រហែស​។ ដោយ​លើកឡើង​ការផ្ទុះ​ករណី​ឆ្លង​ជាថ្មី​នៅ​ប្រទេស​ចិន​និង​កូរ៉េខាងត្បូង លោក​ប្រាប់​ឲ្យ​ពលរដ្ឋ​ត្រូវអនុវត្ត​កាតព្វកិច្ច​ពួកគេ ដើម្បី​ធានាថា និន្នាការ​ដូចគ្នានេះ ពុំ​កើតឡើង​ក្នុងប្រទេស​ម៉ាឡេស៊ី ជាពិសេស នៅពេល​រដ្ឋាភិបាល​ផ្ដើម​បន្ធូរបន្ថយ​ចំណាត់ការ​ក្រោម​បទបញ្ជា​គ្រប់គ្រង​ការ​ចល័ត (MCO)​។​
 
​មុនពេល​ការ​រឹតបណ្ដឹង COVID-19 អាច​ត្រូវ​ដកហូត​ទាំងស្រុង លោក​អគ្គនាយក Hisham គូសបញ្ជាក់ថា ម៉ាឡេស៊ី​ត្រូវ​យកចិត្តទុកដាក់​លើ​ផ្នែក​សំខាន់​ចំនួន​៦ រួមមាន ការគ្រប់គ្រង​ព្រំដែន សមត្ថភាព​ប្រព័ន្ធ​សុខាភិបាល សមត្ថភាព​ការពារ​ក្រុម​ប្រឈម​ហានិភ័យ​ខ្ពស់ ក៏ដូចជា​សមត្ថភាព​ប្រជាជន​សម្រប​ខ្លួន​ជាមួយ​របៀបរបប​រស់​នៅ​ថ្មី​។ 
 
​ខណៈ​ប្រទេស​ម៉ាឡេស៊ី រាយការណ៍​ពី​ការ​ថមថយ​ករណី​ឆ្លង​COVID-19 ប្រទេសជិតខាង​ខ្លួន សិង្ហ​បុរី បន្ត​គ្មាន​សញ្ញា​ធូរស្រាល​ករណី​ឆ្លង​។ នៅ​ថ្ងៃទី​១២ ខែឧសភា សិង្ហ​បុរី រាយការណ៍​ករណី​ឆ្លង​COVID-19​ថ្មី ៨៨៤​ករណី​បន្ថែម ដែល​ធ្វើ​ឲ្យ​ករណី​ឆ្លង​សរុប​ឡើងដល់ ២៤ ៦៧១​។ ករណី​ឆ្លង​ថ្មី​ភាគច្រើន​គឺជា​ពលករ​បរទេស​ធ្វើការ​ក្នុងប្រទេស​នេះ​៕ 
 
 
 

Tag:
 ម៉ាឡេស៊ី​
  COVID-19
  សុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com