ជាតិ
គណៈកម្មការ​ថ្មី​របស់​ក្រសួងយុត្តិធម៌​ចាប់ផ្តើម​ពិភាក្សា​ដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង​ក្នុង​តុលាការ​
13, May 2020 , 7:59 pm        
រូបភាព
​លោក​គឹម សន្តិភាព ​រដ្ឋ​លេខាធិការ​ម្នាក់​នៃ​ក្រសួង​យុត្តិធម៌ ថ្លែងនៅក្នុងកិច្ចប្រជុំអំពីបញ្ហាកកស្ទះសំណុំរឿងក្តីនៅតុលាការ នៅក្រសួងយុត្តិធម៌កម្ពុជា រាជធានីភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០។ (រូបថតដោយក្រសួងយុត្តិធម៌)
​លោក​គឹម សន្តិភាព ​រដ្ឋ​លេខាធិការ​ម្នាក់​នៃ​ក្រសួង​យុត្តិធម៌ ថ្លែងនៅក្នុងកិច្ចប្រជុំអំពីបញ្ហាកកស្ទះសំណុំរឿងក្តីនៅតុលាការ នៅក្រសួងយុត្តិធម៌កម្ពុជា រាជធានីភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០។ (រូបថតដោយក្រសួងយុត្តិធម៌)
ដោយ: VOA
​គណៈកម្មការ​ដែល​ទើប​បង្កើត​ថ្មី​របស់​ក្រសួងយុត្តិធម៌​បានចាប់ផ្តើម​បំពេញការងារ​ដំបូង​របស់ខ្លួន​នៅ​ថ្ងៃ​អង្គារ​ទី​១២​ខែឧសភា​នេះ ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​របស់​រដ្ឋាភិបាល​ក្នុងការ​ព្យាយាម​ដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំ​រឿងក្តី​ក្នុង​សាលាជំនុំ​ជម្រះ​នៅតាម​រាជធានី​និង​បណ្តា​ខេត្ត​នានា​ក្នុងប្រទេស​កម្ពុជា​។​

 
​ការចាប់ផ្តើម​កិច្ចប្រជុំ​នៅថ្ងៃនេះ​ដែល​ដឹកនាំ​ដោយ​លោក​គឹម សន្តិភាព រដ្ឋលេខាធិការ​ម្នាក់​នៃ​ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន​ក្រុមទី​១​នៃ​គណៈកម្មការ​ថ្មី​នេះ ធ្វើឡើង​ក្រោយពី​ក្រសួងយុត្តិធម៌ កាលពី​ថ្ងៃ​ច័ន្ទ បានសម្រេច​បង្កើត​គណៈ​កម្ម​ការ​ថ្មី​នេះ​។​
 
​គណៈកម្មការ​ដឹកនាំ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី​-​ខេត្ត នេះ មាន​លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ កើត រិ​ទ្ធ ជា​ប្រធាន និង​អនុប្រធាន​២​រូប សមាជិក​៥​រូប​ព្រមទាំង​ក្រុមការងារ​ចំនួន​៤​ក្រុម​។​
 
​ការបង្កើត​គណៈកម្មកា​រ​ថ្មី​នេះ​កើតឡើង បន្ទាប់ពី​មាន​របាយការណ៍​ជាច្រើន​អំពី​បញ្ហា​កកស្ទះ​សំណុំ​រឿងក្តី​នៅតាម​តុលាការ និង​ភាព​ចង្អៀត​ណែនណាន់តាន់តាប់​នៅក្នុង​ពន្ធនាគារ​នៅ​ទូទាំងប្រទេស​។​
 
​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បានបញ្ជាក់​ក្នុង​សេចក្តីសម្រេច​របស់ខ្លួន​ថា​គណៈកម្មការ​ថ្មី​នេះ​មាន​គោលដៅ​បម្រើសេវា​យុត្តិធម៌​ឲ្យ​បានល្អ​ប្រសើរ​និង​រួមចំណែក​កាត់បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com