ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទូត​បារាំង សង្ឃឹមថា ជំនួប​រវាង​សម្ដេច ហ៊ុន សែន និង​លោក កឹម សុខា ជា​ជំហាន​ល្អ​
13, May 2020 , 10:01 am        
រូបភាព
លោកស្រី Eva Nguyen BINH ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជួបសួរសុខទុក្ខលោក កឹម សុខា នៅគេហដ្ឋាន កាលពីថ្ងៃទី១២ ឧសភា ឆ្នាំ២០២០
លោកស្រី Eva Nguyen BINH ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជួបសួរសុខទុក្ខលោក កឹម សុខា នៅគេហដ្ឋាន កាលពីថ្ងៃទី១២ ឧសភា ឆ្នាំ២០២០
​ភ្នំពេញ​៖ លោកស្រី Eva Nguyen BINH ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​បារាំង ប្រចាំ​កម្ពុជា បាន​ទៅ​ជួប​សួរសុខទុក្ខ​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​គេហដ្ឋាន កាលពី​ថ្ងៃទី​១២ ឧសភា​។ បញ្ហានយោបាយ និង​ស្ថានភាព​កូ​វីដ​១៩ គឺជា​ប្រធានបទ ដែល​ភាគី​ទាំងពីរ បាន​លើក​យកមក​ជជែក​ពិភាក្សាគ្នា​។​


​ឯកអគ្គរដ្ឋទូត​បារាំ​ង បានកត់សម្គាល់​ជំនួប​រវាង​សម្តេច ហ៊ុន សែន និង​លោក កឹម សុខា នៅក្នុង​ពិធី​បុណ្យសព​ម្ដាយក្មេក​សម្ដេច កាលពី​ថ្ងៃទី​៥ ឧសភា គឺជា​សញ្ញា​វិជ្ជមាន​មួយ​។ លោកស្រី Eva Nguyen BINH ក៏​សង្ឃឹមថា វា​ជា​«​ជំហាន​ល្អ​មួយ​» ទៀត សម្រាប់​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​។ នេះ​បើតាម​លោក មុត ចន្ថា មនុស្ស​ជំនិត​លោក កឹម សុខា ដែល​បាន​ស្រង់​សម្តី​ឯកអគ្គរដ្ឋទូត​បារាំង មក​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​។​
 
​បើតាម​លោក មុត ចន្ថា ឯកអគ្គរដ្ឋទូត​បារាំ​ង និង​លោក កឹម សុខា ក៏បាន​ពិភាក្សាគ្នា អំពី​បញ្ហា​សង្គម និង​សេដ្ឋកិច្ច​(social and economic issues) ក្នុងស្ថានភាព​កូ​វីដ​-១៩ ផងដែរ​។ ជាពិសេស​ស្ថានភាព​អនាគត​ទៀត​។​
 
​ក្រៅពី​ជួប​ទូត​បារាំង លោក កឹម សុខា ក៏បាន​ជួប​ទូត​សហភាព​អឺរ៉ុប និង​ទូត​អាល្លឺម៉ង​ដែរ រយៈពេល​ពីរ​ថ្ងៃ​មកនេះ​។ លោក កឹម សុខា បាន​អះអាងថា លោក​នឹង​ជួប​អង្គទូត​នានា ដែលមាន​ស្នាក់ការ​នៅ​កម្ពុជា និង​ក្រៅប្រទេស​ផងដែរ​។ 
 

Tag:
 ហ៊ុន សែន​
  កឹម សុខា​
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com