អន្តរជាតិ
COVID-19៖ ករណីឆ្លងចេញពីក្លិបកម្សាន្តកាន់តែរាលដាលនៅកូរ៉េខាងត្បូង ជាពិសេសក្រុមអ្នកស្រឡាញ់ភេទដូចគ្នា បុរស និងស្រ្តីពាក់ម៉ាស់ ដើរនៅក្នុងតំបន់ពហុវប្បធម៌ Itaewon។ រូបភាព៖ AFP
× កូរ៉េខាងត្បូង នាថ្ងៃទី១៣ ខែឧសភា បានរាយការណ៍ថា មានករណីឆ្លង COVID-19 ថ្មីចំនួន ២៦ករណីបន្ថែមទៀត។ ក្នុងចំណោមករណីឆ្លងថ្មីនេះ មានករណីមួយចំនួន គឺមានពាក់ព័ន្ធទៅនឹងតំបន់ពហុវប្បធម៌ Itaewon។ ការណ៍នេះ បានទាមទារឲ្យរដ្ឋាភិបាលកូរ៉េខាងត្បូង ចេញចំណាត់ការជាថ្មី ដើម្បីទប់ស្កាត់ និងបង្ការការរីកសាយភាយកូរ៉ូណាវីរុសជាថ្មីនៅក្នុងប្រទេស។
តាមតួលេខរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងកូរ៉េខាងត្បូង នាថ្ងៃទី១៣ ខែឧសភា បានប្រកាសថា កូរ៉េខាងត្បូងមានករណីឆ្លងថ្មីនៃCOVID-19 ចំនួន ២៤ករណី ដោយ២២ករណី គឺជាអ្នកឆ្លងនៅក្នុងស្រុក។ តួលេខសរុបរបស់កូរ៉េខាងត្បូងមានចំនួន ១០៩៦២ករណី អ្នកស្លាប់ចំនួន ២៥៩នាក់ និងអ្នកជាសះស្បើយមានចំនួន ៩៦៩៥នាក់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។
ជាមួយគ្នាដែរ ក្នុងចំណោមករណីឆ្លងថ្មីនេះ មានករណីមួយចំនួនពាក់ព័ន្ធនឹងតំបន់ Itaewon ផងដែរ។ ពេលនេះ តួលេខនៅតំបន់ពហុវប្បធម៌មួយនេះ បានកើនដល់ចំនួន ១០២ករណីហើយ។
ចំនួនរកឃើញអ្នកឆ្លងថ្មីកាន់តែកើនឡើង អាជ្ញាធរកូរ៉េខាងត្បូងកាន់តែបារម្ភរលកថ្មីនៃកូរ៉ូណាវីរុស ដែលអាចផ្ទុះឡើងជាថ្មីនៅកូរ៉េខាងត្បូង។ ទាក់ទិននឹងបញ្ហានេះ អាជ្ញាធរកូរ៉េខាងត្បូង បានដាក់គោលដៅធ្វើតេស្តលើអ្នក ដែលបានទៅកម្សាន្តនៅតំបន់ Itaewon ប្រមាណជាង ៥ពាន់នាក់ ក្នុងរយៈពេល ១សប្តាហ៍។ បើតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Chung Sye-kyun៖ «រដ្ឋាភិបាល មានគោលដៅស្វែងរកអ្នកទៅលេងក្នុងក្លឹបកម្សាន្តទាំងអស់ ក្នុងសប្តាហ៍នេះ ដើម្បីធ្វើតេស្ត»។
ទន្ទឹមនឹងការប្តេជ្ញារបស់រដ្ឋាភិបាលកូរ៉េខាងត្បូង លោក Chung ក៏បានអំពាវនាវឲ្យអ្នកដែលពាក់ព័ន្ធទាំងអស់ ស្ម័គ្រចិត្តចូលរួមធ្វើតេស្តស្វែងរកកូរ៉ូណាវីរុសផងដែរ។ ប្រសិនបើមនុស្សទាំងនោះ ធ្វើតេស្តរកឃើញវិជ្ជមាន រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងលុបចោលព័ត៌មានផ្ទាល់ខ្លួនទាំងនោះ ដោយបង្ហើបតែព័ត៌មានបន្តិចបន្តួចប៉ុណ្ណោះ។
ការលើកឡើងរបស់នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងបែបនេះ គឺគ្មានអ្វីចម្លែកទេ ព្រោះអ្នកទៅលេងនៅក្លឹបកម្សាន្តមួយចំនួន គឺក្រុមស្រលាញ់ភេទដូចគ្នា ដែលមិនចង់បញ្ចេញព័ត៌មានរបស់ខ្លួនឲ្យគេដឹង។ ការណ៍នេះ គឺវាពិបាកណាស់សម្រាប់អាជ្ញាធរសុខាភិបាលក្នុងការស្វែងរកអ្នកផ្ទុក COVID-19 ថ្មី។
សូមបញ្ជាក់ថា ដោយសារតែមានករណីឆ្លងនៅក្នុងក្លឹបបែបនេះ អាជ្ញាធរក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង បានបញ្ជាឲ្យបិទក្លិបកម្សាន្ត និងរង្គសាលទាំងអស់ ដោយព្រួយបារម្ភពីការឆ្លងCOVID-19 ដ៏គំហុកកើតមានសារជាថ្មីម្តងទៀត៕
Tag:
កូរ៉េខាងត្បូង
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com