COVID-19
អន្តរជាតិ
សមាជិកព្រឹទ្ធសភា​អាមេរិក ស្នើ​សេចក្តីព្រាងច្បាប់​ដាក់ទណ្ឌកម្ម​ចិន​រឿង​COVID-19
13, May 2020 , 12:19 pm        
រូបភាព
ព្រឹទ្ធសមាជិកLindsey Graham។​រូបភាពAFP
ព្រឹទ្ធសមាជិកLindsey Graham។​រូបភាពAFP
ដោយ:
សមាជិកព្រឹទ្ធសភា​អាមេរិក នៅ​ថ្ងៃទី​១២ ខែឧសភា បានដាក់​ស្នើ​សេចក្តីព្រាងច្បាប់ ដែល​នឹង​អនុញ្ញាត​ឲ្យ​ប្រធានាធិបតី​ដាក់ទណ្ឌកម្ម​ប្រឆាំង​ចិន ក្នុងករណី​ដែល​ចិន​មិន​បង្ហាញ​គណនេយ្យភាព​ចំពោះ​ព្រឹត្តិការណ៍​ដែល​បណ្តាល​ឲ្យ​ផ្ទុះ​ជំងឺ COVID-19​។


​សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​ដាក់​ស្នើ​ដោយ​សមាជិកព្រឹទ្ធសភា Lindsey Graham មកពី​បក្ស​សាធារណរដ្ឋ​ដែលជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​នឹង​លោក ​ដូ​ណា​ល់ ត្រាំ ​។ តាម​ទីភ្នាក់ងារសារព័ត៌មាន Reuters លោក Graham លើកឡើង ប្រសិនបើ​គ្មាន​ការបោកប្រាស់​ពី​ចិន​ទេនោះ ម្ល៉ោះ​ជំងឺ COVID-19 ក៏​មិន​រាលដាល​ដល់​ទឹកដី​អាមេរិក​ដែរ ដោយពេល​នេះ​វា​បានសម្លាប់​ប្រជាជន​អាមេរិក​ជាង​៨​ម៉ឺន​នាក់​ហើយ​។

លោក Graham បាន​អះអាងថា ចិន​មិនបាន​អនុញ្ញាត​ឲ្យ​អ្នកស៊ើប​អង្កេត​ទៅ​សិក្សា​ពី​ការ ផ្ទុះ​នៃ​ជំងឺ​នេះឡើយ ហើយ​លោក​បាន​បន្ថែម​ក្នុង​សេចក្តី​ថ្លែង​ការ​ថា ខ្ញុំ​ជឿជាក់ថា​ចិន​នឹងមិន​ព្រម​សហការ​ឲ្យ​បាន​ហ្មត់ចត់​ទេ ដរាបណា​ចិន​តម្រូវ​ឲ្យ​ធ្វើ​។​
 
​សេចក្តីព្រាងច្បាប់​ដែលមាន​ឈ្មោះ ច្បាប់​គណនេយ្យភាព COVID-19 (COVID-19 Accountability Act) នេះ​នឹង​តម្រូវ​ឲ្យ​ប្រធានាធិបតី​អាមេរិក ធ្វើ​សេចក្តីបញ្ជាក់​ទៅកាន់​សភា​អាមេរិក​ក្នុង​រយៈពេល​៦០​ថ្ងៃ ដែល​ចិន​បានផ្តល់​គណនេយ្យភាព​គ្រប់គ្រាន់ និង​ពេញលេញ ចំពោះ​ការស៊ើបអង្កេត​ទាក់ទង​នឹង ​COVID-19 ។ ការស៊ើបអង្កេត​នេះ​ទៀតសោត ត្រូវ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក សម្ព័ន្ធមិត្ត​របស់ខ្លួន ឫ​ទីភ្នាក់ងារ​ចំណុះ​របស់​អង្គការសហប្រជាជាតិ ដូចជា​អង្គការ​សុខភាព​ពិភពលោក (WHO) ជាដើម​។ 
 
​សេចក្តីព្រៀងច្បាប់​ខាងលើនេះ​ទទួលបាន​ការគាំទ្រ​ពី​សមាជិកព្រឹទ្ធសភា​មកពី​គណបក្ស​សាធារណរដ្ឋ​ចំនួន​៨​រូប​ទៀត​។ ​បន្ថែម​ពីនេះ សេចក្តីព្រាងច្បាប់​នេះ ក៏​តម្រូវ​ផងដែរ​ឲ្យ​មានការ​បញ្ជាក់ថា ចិន​បាន​បិទ​ផ្សារ​សើម​ទាំងអស់ ដែលមាន​លទ្ធភាព​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស និង​ដោះលែង​អ្នកតស៊ូ​ប្រជាធិបតេយ្យ​និយម​ដែល​បាន​ចាប់ខ្លួន​នៅ​ហុងកុង ក្រោយពេល​មានការ​ផ្ទុះ​ជំងឺឆ្លង​។​
 
​ចំពោះ​ទណ្ឌកម្ម​វិញ សេចក្តីព្រាងច្បាប់​នេះ នឹង​អនុញ្ញាត​ឲ្យ​ប្រធានាធិបតី​ដាក់ទណ្ឌកម្ម​ជាច្រើន​ដូចជា បង្កក​ទ្រព្យសម្បត្តិ ហាមឃាត់​ការធ្វើដំណើរ និង​ដកហូត​ទិដ្ឋាការ ការ​រឹតត្បិត​កម្ចី​ដែល​ផ្តល់​ដោយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​អាមេរិក​ទៅកាន់​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ចិន និង​ការហាម​មិន​ឲ្យ​ចុះឈ្មោះ​ក្រុមហ៊ុន​ចិន​ក្នុង​ផ្សារ​ហ៊ុន​អាមេរិក​។ គួរបញ្ជាក់​ផងដែរ​ថា ក្នុង​រយៈពេល​ចុងក្រោយ​នេះ​លោក​ប្រធានាធិបតី​ ត្រាំ និង​អ្នកគាំទ្រ​លោក​មកពី​បក្ស​សាធារណរដ្ឋ​បាន​បើក​ការវាយប្រហារ​ទៅលើ​ចិន​ជា​ញឹកញយ​ទាំង​ទង​នឹង​ប្រភព​នៃ​ជំងឺ​ COVID-19 ៕

© រក្សាសិទ្ធិដោយ thmeythmey.com