COVID-19
ជាតិ
រដ្ឋមន្រ្តីអប់រំ៖«ការបើកសាលាលឿនពេក ជាការប្រថុយនឹងរលកទីពីរ នៃជំងឺកូវីដ១៩»
13, May 2020 , 2:56 pm        
រូបភាព
មានការស្នើសុំឲ្យបើកសាលារៀនឡើងវិញ នៅកម្ពុជា។ តែរដ្ឋមន្រ្តីអប់រំ មិនទាន់ចង់បើកឡើយ ដោយនៅបារម្ភនឹងជំងឺកូវីដ១៩។ លោករដ្ឋមន្រ្តី លើកពីបទពិសោធនៅសិង្ហបុរីថា៖«កំហុសមួយនៃប្រទេសសិង្ហបុរី គឺការបណ្តោយឲ្យជំងឺនេះ ឆ្លងចូលសាលារៀន និងអន្តេវាសិកដ្ឋានកម្មករ ដែលធ្វើឲ្យសភាពការណ៍គ្រប់គ្រងលែងបាន»។



អន្តរក្រសួង និងស្ថាប័នអប់រំឯកជននានា បានបើកកិច្ចប្រជុំមួយ ហើយបានស្នើ ឲ្យក្រសួងអប់រំ បើកសាលារៀននៅទូទាំងប្រទេសឡើងវិញ នៅចុងខែឧសភា ឬដើមខែមិថុនា ឬក៏នៅពេលណាមួយខាងមុខ [ក្នុងឆ្នាំ២០២០នេះ]។ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ បានសរសេរលិខិតមួយច្បាប់ ដោយភ្ជាប់ជាមួយសំណើសុំបើកសាលានេះ ជូនទៅសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីសម្រេច។

លោក ហង់ជួន ណារ៉ុន បានឲ្យដឹងថា ក្រសួងអប់រំ បានតាមដានយ៉ាងយកចិត្តទុកដាក់ពីការវិវត្តនៃការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា ក្នុងតំបន់ និង លើសាកលលោក ជាពិសេសផលប៉ះពាល់នៃជំងឺនេះ ទៅលើវិស័យអប់រំកម្ពុជា។ សម្រាប់លោកផ្ទាល់ លោក មិនទាន់ចង់ឲ្យបើកសាលារៀនឡើងវិញឡើយ ដ្បិតលោក បារម្ភខ្លាំងពីរលកទីពីរនៃការផ្ទុះជំងឺកូវីដ១៩។

តាមរយៈលិខិត ដែលសរសេរឡើងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ លោក បានជម្រាបជូនសម្តេចនាយករដ្ឋមន្រ្តីថា៖«ខ្ញុំ យល់ថា គ្រឹះស្ថានសិក្សាគ្រប់កម្រិតគ្រប់ប្រភេទ គួរបន្តពន្យារពេលក្នុងការបើកដំណើរការឡើងវិញ ដើម្បីតាមដានស្ថានភាពជំងឺកូវីដ១៩ កុំឲ្យមានការចម្លងក្នុងសហគមន៍ ជាពិសេសបង្ការរលកទីពីរ»។

លោករដ្ឋមន្រ្តី លើកហេតុផលថា ការពន្យារពេលបើកសាលារៀន គឺផ្តោតលើទាំងទិដ្ឋភាពបច្ចេកទេសនិងទិដ្ឋភាពនយោបាយ។

លោក បកស្រាយជាលក្ខណបច្ចេកទេសថា ថ្នាក់រៀននៅកម្ពុជា ផ្ទុកសិស្សពី៥០ ទៅ ៦០នាក់ ដោយមិនអាចអនុវត្តស្តង់ដាវិធានការការពាររបស់អង្គការសុខភាពពិភពលោកឡើយ ដូចជា មិនអាចរក្សាគម្លាតនិងមិនអាចបង្រួមចំនួនសិស្សឲ្យនៅត្រឹម២០នាក់ ក្នុង១ថ្នាក់ ជាដើម។

លោក បង្ហាញក្តីបារម្ភទៅកាន់សម្តេចនាយករដ្ឋមន្រ្តីថា៖«ការបើកសាលារៀនឡើងវិញលឿនពេក ជាការប្រថុយទៅនឹងរលកទីពីរ នឹងធ្វើឲ្យសិស្សានុសិស្ស ប្រឈមនឹងហានិភ័យនៃការឆ្លង ហើយសាលារៀន អាចក្លាយជាប្រភពចម្លងនៃការឆ្លងចូលសហគមន៍ ក្នុងករណីមានការផ្ទុះឡើងដោយចៃដន្យណាមួយ ដោយសារព្រំដែនកម្ពុជា នៅបើកទាំងផ្លូវគោក និងផ្លូវអាកាស»។

លោក បន្តថា ប្រទេសដទៃ ដែលបើកសាលារៀនឡើងវិញ ត្រូវកាត់បន្ថយចំនួនសិស្ស ឲ្យមកនៅត្រឹម២០នាក់ គ្រូ ត្រូវបង្រៀនច្រើនវេន ត្រូវបង្រៀនក្នុងថ្នាក់ផងនិងតាមអនឡាញផង ហើយបើបង្រៀនពីរវេន គ្រូ នឹងសុំប្រាក់ឧបត្ថម្ភបន្ថែម។ លោក បន្ថែមថា ក្នុងចំណោមប្រទេស១៨៦ លើពិភពលោក ដែលបានបិទសាលារៀន មានប្រទេសតែ៩ប៉ុណ្ណោះ ដែលប្រកាសបើកឡើងវិញ។

ចំណែកក្នុងទិដ្ឋភាពនយោបាយវិញ បច្ចុប្បន្ន កម្ពុជា គ្រប់គ្រង [ស្ថានភាពជំងឺកូវីដ១៩] បានល្អលើសប្រទេសឯទៀត។ ការបើកសាលារៀនឡើងវិញ នឹងបង្កើតការប្រឈមថ្មី ជាពិសេសបើមានការផ្ទុះការឆ្លងចូលសហគមន៍ នឹងជះឥទ្ធិពលអវិជ្ជមានដល់ការបោះឆ្នោតឆ្នាំ២០២៣។ ទាំងនេះជាការអត្ថាធិប្បាយបន្ថែមរបស់រដ្ឋមន្រ្តីអប់រំ ទៅកាន់សម្តេចនាយករដ្ឋមន្រ្តី។

លោក មានប្រសាសន៍ថា៖«ក្នុងស្ថានភាពដ៏ស្រួចស្រាល់នេះ ក្រសួងអប់រំ យល់ឃើញថា អាយុជីវិត សុខភាព សុវត្ថិភាព និង សុខុមាលភាពរបស់សិស្ស និស្សិត បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ដែលមានប្រមាណជាង៣លាននាក់ នៅទូទាំងប្រទេស គឺជាអាទិភាពចម្បង ដែលត្រូវយកចិត្តទុកដាក់នៅក្នុងអំឡុងពេលនេះ»។

លោក អះអាងថា ក្នុងរយៈពេលនេះ ក្រសួងអប់រំ នឹងបន្តពង្រឹងការសិក្សាពីចម្ងាយ ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច និង រៀបចំសេចក្តីណែនាំស្តីពីការគ្រប់គ្រងសាលារៀនប្រកបដោយសុវត្ថិភាព ដើម្បីត្រៀមទុកជាមុន សម្រាប់ការបើកដំណើរសាលារៀនឡើងវិញ នៅមុនបវេសនកាលថ្មី។

លោក បង្ហាញការយកចិត្តទុកថា ក្រសួងអប់រំ មិនព្រងើយកន្តើយចំពោះបញ្ហាសេដ្ឋកិច្ច និងបញ្ហាបើកសាលារៀនឡើងវិញឡើយ ដោយបានដាក់ចេញជម្រើសនៃការបើកជាដំណាក់កាលៗ ដោយផ្តោតលើគ្រឹះស្ថានឧត្តមសិក្សា សិក្សថ្នាក់ទី១២ និងសិស្សថ្នាក់ទី៩ ដែលត្រូវត្រៀមប្រឡងនៅពេលណាមួយសមស្រប។

លោក និយាយទៀតថា ក្រសួងបានណែនាំឲ្យគណៈគ្រប់គ្រងសាលា និងគ្រូបង្រៀន បែងចែកវេន ចុះទៅចងក្រងសិស្សជាក្រុមតូចៗ មិនឲ្យលើសពី១០នាក់ ហើយជំរុញសិស្ស ឲ្យធ្វើស្វ័យសិក្សា និងសិក្សាពីចម្ងាយ ដោយប្រើទូរទស្សន៍ និង ប្រព័ន្ធអេឡិចត្រូនិច។

លោក ផ្តល់ព័ត៌មានថា ក្រសួង កំពុងរៀបចំសេចក្តីណែនាំស្តីពីវិធានការអនាម័យ ដើម្បីបើកសាលារៀនឡើងវិញ។ លោក ប្រាប់សម្តេចនាយករដ្ឋមន្រ្តីថា ក្រសួង នឹងពិចារណាបន្ថែមទៀត លើការបើកសាលារៀនឡើងវិញ ឲ្យបានមុនថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី។

លោក សង្កត់ធ្ងន់ថា៖«ខ្ញុំ យល់ឃើញថា យើង មិនគួរប្រថុយប្រថានខ្លាំងពេកឡើយ។ កំហុសមួយនៃប្រទេសសិង្ហបុរី គឺការបណ្តោយឲ្យជំងឺនេះ ឆ្លងចូលសាលារៀន និងអន្តេវាសិកដ្ឋានកម្មករ ដែលធ្វើឲ្យសភាពការណ៍គ្រប់គ្រងលែងបាន។ យើង គួររង់ចាំមើលសភាពការណ៍វិវត្តបន្តទៀត ហើយសម្រេចបើកសាលារៀននៅចុងឆ្នាំ២០២០ ក៏មិនយឺតពេលដែរ...»។

រដ្ឋមន្រ្តីអប់រំ នៅមានហេតុផលផ្សេងទៀត ដែលលោក យល់ថា កម្ពុជា គួរតែបន្តពន្យារពេលបើកសាលារៀន។ លោក មើលឃើញថា ជំងឺកូវីដ១៩ បន្តរីករាលដាលខ្លាំងឡើងៗ នៅលើពិភពលោក ដោយមិនទាន់អាចគ្រប់គ្រងបាន ព្រោះមិនទាន់មានថ្នាំព្យាបាលនិងវ៉ាក់សាំង ខណៈ ប្រទេសទាំងអស់ក្នុងសាកលលោក នៅតែបន្តអនុវត្តការរឹតបន្តឹងសកម្មភាពប្រមូលផ្តុំតាមទីសាធារណៈ រួមទាំងបន្តបិទសាលារៀន។ មានប្រទេសចំនួនតូចប៉ុណ្ណោះ ដែលបានបើកសាលារៀនដោយផ្នែកខ្លះ តែស្ថិតក្រោមលក្ខខណ្ឌការពារយ៉ាងតឹងតែងបំផុត។

រដ្ឋមន្រ្តីអប់រំ បានលើកអនុសាសន៍របស់ក្រសួងសុខាភិបាលថា  ទោះកម្ពុជា អាចគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩បាន ដោយមិនមានករណីឆ្លងថ្មី ហើយអ្នកជំងឺស្ទើរទាំងអស់ បានជាសះស្បើយក្តី ក៏កម្ពុជា នៅតែប្រឈមនឹងហានិភ័យខ្ពស់ បើមិនបន្តអនុវត្តតាមវិធានការដែលរដ្ឋាភិបាល ក្រសួងសុខាភិបាល និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ បានដាក់ចេញកន្លងមក។

រដ្ឋមន្រ្តីរូបនេះ បរិយាយក្នុងលិខិត ដែលផ្ញើជូនសម្តេចនាយករដ្ឋមន្រ្តីទៀតថា ដើម្បីការពារអាយុជីវិតសិស្ស-និស្សិត និង ដើម្បីបន្តនិរន្តភាពនៃការសិក្សា ក្រសួងអប់រំ បានដាក់ចេញយន្តការនៃការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិចជាច្រើនទម្រង់ ហើយលើសពីនេះ ក្រសួងអប់រំ បានអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជន បើកការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញនិងប្រឡងតាមអនឡាញ ដើម្បីបញ្ចៀសបច្ច័យអវិជ្ជមាន ដែលអាចធ្វើឲ្យគ្រឹះស្ថានសិក្សាឯកជន ប្រឈមនឹងការបិទទ្វារ។

យ៉ាងណា គេ មិនឃើញព័ត៌មាន ទាក់ទងនឹងការឆ្លើយតបនិងការសម្រេចចិត្តរបស់សម្តេចនាយករដ្ឋមន្រ្តីនៅឡើយទេ។

គិតមកពេលនេះ វា មានរយៈពេលប្រមាណជាពីរខែហើយ ដែលកម្ពុជា បិទសាលារៀនទូទាំងប្រទេស។

ចំពោះស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា គេ វាយតម្លៃថា មានភាពធូរស្រាលវិញហើយ ក្រោយអ្នកជំងឺទាំង១២២នាក់ បានជាសះស្បើយ១២១នាក់ ដោយនៅសល់តែម្នាក់ប៉ុណ្ណោះ កំពុងសម្រាកព្យាបាល។ តែរដ្ឋាភិបាល និងក្រសួងសុខាភិបាល នៅតែទទូចឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺនេះ៕

Tag:
 COVID-19
  បិទសាលា
  ហង់ជួន ណារ៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com