កីឡាជាតិ
ជាតិ
អាងហែលទឹកតម្លៃជិត២លានដុល្លារនៅខេត្តបាត់ដំបង សាងសង់បាន៦០ភាគរយហើយ អាងហែលទឹកខេត្តបាត់ដំបងសាងសង់បាន៦០ភាគរយហើយ
× អាងហែលទឺកស្តង់ដាអន្តរជាតិនៅខេត្តបាត់ដំបង នឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងនេះ ខណៈបច្ចុប្បន្នការសាងសង់សម្រេចបានប្រមាណ៦០ភាគរយ។ នេះបើតាមការវាយតម្លៃរបស់លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក ដែលបានចុះទៅត្រួតពិនិត្យដំណើរការសាងសង់ផ្ទាល់នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នេះ។ អាងហែលទឹកនេះ នឹងបញ្ចប់ការសាងសង់តាមការគ្រោងទុក។
គ្រោងអាងហែលទឹក អាងលោតទឹក និងអាងសម្រាប់កម្តៅសាច់ដុំ រួមជាមួយគ្រោងអគារនៃអាងហែលទឹកខេត្តបាត់ដំបង បានបញ្ចប់ស្ទើរ១០០ភាគរយហើយ។ នេះបើតាមការបញ្ជាក់របស់លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក ដែលបានវាយតម្លៃថា ការសាងសង់ទាំងមូលសម្រេចបានប្រមាណ៦០ភាគរយ។
«ការងារដែលសម្រេចរួមទាំងអស់ យើងអាចវាយតម្លៃបានថា សម្រេចបាន៦០ភាគរយហើយ។ ការរំពឹងទុករបស់ក្រុមហ៊ុនសាងសង់ គឺថា ការទាំងអស់ពុំមានបញ្ហាចោទ ឬឧបសគ្គនោះទេ ហើយការសាងសង់អាចបញ្ចប់ជាស្ថាពរទៅតាមពេលវេលាកំណត់ ឬមុន បើសិនគ្មានបញ្ហារាំងស្ទះ»។ នេះជាការលើកឡើងរបស់លោក ហែម គីរី ដែលអះអាងថា រាល់ទុយោដែលបានបង្កប់ក្នុងអាងហែលទឹក មានគុណភាពស្របតាមស្តង់ដាអន្តរជាតិ។
ពាក់ព័ន្ធការចំណាយលោក ហែម គីរី បានបញ្ជាក់ថា ការសាងសង់អាងហែលទឹកនៅខេត្តបាត់ដំបងនេះ គ្រោងចំណាយថវិកាប្រមាណ២លានដុល្លារ ដែលជាថវិកាបដិភាគរបស់លោក ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ដែលទទួលបានពីសប្បុរសជននានា។ លោកបានបន្ថែមថា ការសាងសង់គ្រោងចំណាយពេលវេលា២៤ខែ។
អាងហែលទឹកនេះបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ដោយស្ថិតនៅទីរួមខេត្តបាត់ដំបងក្នុងបរិវេណសាកលវិទ្យាល័យខេត្តបាត់ដំបង៕
Tag:
ហែលទឹក
ហែម គីរី
បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com