ក្លិប Amiens ប្តឹងតវ៉ា​ចំពោះ​ការ​កាត់​ខ្លួន​ចេញពី Ligue 1 ទាំង​ពាក់កណ្តាល​ទី​
COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិប Amiens ប្តឹងតវ៉ា​ចំពោះ​ការ​កាត់​ខ្លួន​ចេញពី Ligue 1 ទាំង​ពាក់កណ្តាល​ទី​
13, May 2020 , 3:32 pm        
រូបភាព
Amiens
Amiens
ក្លិប Amiens បានចាប់ផ្តើម​នីតិវិធី​ផ្លូវច្បាប់​ ដើម្បី​ប្តឹងតវ៉ា​ចំពោះ​ការសម្រេច​កាត់ចោល​ក្រុម​ខ្លួន​ ទៅ​លី​គ​លំដាប់​ទី​ពីរ​ ក្រោយ​លី​គ​កំពូល​បារាំង Ligue 1 រំសាយ​រដូវ​កាល ២០១៩-២០ នេះ​ចោល​ពាក់​កណ្តាលផ្លូវ ដោយសារ​វិបត្តិ COVID-19​។​



​លី​គ​កីឡាបាល់ទាត់​អាជីព​បារាំង (LFP) សម្រេច​ឲ្យ​ក្របខណ្ឌ Ligue 1 និង Ligue 2 រដូវ​កាល ២០១៩-២០ ត្រូវ​បញ្ចប់​ក្រោយ​នាយករដ្ឋមន្ត្រី​បារាំង លោក Edouard Philippe បានប្រកាស​ពី​ផែនការ​ដើម្បី​ការពារ​ជំងឺឆ្លង COVID-19 ដោយ​បិទ​ប្រទេស​រហូតដល់​ថ្ងៃទី​១១ ខែឧសភា​។​
 
​ក្រោយ​សម្រេច​រំសាយ​លី​គ ក្រុម​ការពារ​ជើងឯក Paris Saint-Germain ដែលមាន​ពិន្ទុ​ច្រើនជាងគេ​ ត្រូវបាន​ប្រកាស​ឲ្យ​ក្លាយជា​ម្ចាស់​ពានរង្វាន់ Ligue 1 ខណៈ Amiens និង Toulouse ត្រូវ​ធ្លាក់​ទៅកាន់​លី​គ​កម្រិត​ទី​ពីរ​បារាំង​ នៅ​រដូវ​កាល​ក្រោយ​។ ការសម្រេច​នេះ ​ធ្វើ​ឲ្យ​ក្រុម​មួយចំនួន​ដូចជា Amiens ខកចិត្ត​ដ្បិត​ត្រូវ​កាត់ចោល និង​ខ្លះ​មិនបាន​លេង​ក្របខណ្ឌ​អឺរ៉ុប ហើយ​ពួកគេ​ពិចារណា​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។​
 
Amiens ឈរ​នៅ​លេខ​រៀង​ទី​១៩ ក្នុង​តារាង Ligue 1 ដោយ​រកបាន​២៣​ពិន្ទុ ​ពី​ការប្រកួត​២៨​លើក តាម​ពីក្រោយ​ក្រុម Nimes ដែល​នៅ​ចំណាត់ថ្នាក់​ទី​១៨ ចំនួន​៤​ពិន្ទុ និង​នាំមុខ​ក្រុម​បាត​តារាង Toulouse ដល់​ទៅ​១០​ពិន្ទុ ខណៈ​នៅសល់​១០​ប្រកួត​ទៀត​ឯណោះ ​ទើប​បញ្ចប់​រដូវ​កាល​នេះ​។​
 
​លោក Bernard Joannin ប្រធាន​ក្លិប Amiens អះអាងថា​ នឹង​ប្តឹងតវ៉ា​ប្រឆាំង​ការសម្រេចចិត្ត​ដ៏​អយុត្តិធម៌​នេះ​។ លោក​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា​៖«​យើង​ឃើញថា​ការសម្រេច​នេះ​ប្រឆាំងនឹង​ភាពយុត្តិធម៌​នៃ​កីឡា​។ ការសម្រេចចិត្ត​នេះ ​ជាការ​ដាក់ទណ្ឌកម្ម​ពី​លី​គ​។ វា​អយុត្តិធម៌​ណាស់​។ យើង​ត្រូវតែ​ចូលដល់​តុលាការ ​ដើម្បី​ប្រឆាំង​សេចក្តីសម្រេច​ដ៏​អយុត្តិធម៌​នេះ​»​។​
 
​កាលពីដើម​ខែឧសភា​នេះ ក្លិប Amiens បានដាក់​ញត្តិ​មួយ​ ដើម្បី​ស្នើ​ឲ្យ​គណៈ​គ្រប់គ្រង LFP ពិចារណា​ឡើងវិញ ​អំពី​ការសម្រេចចិត្ត​កាត់​ក្រុម​ចេញ ដោយ​ផ្តល់យោបល់​ថា ​គួរ​មាន​ក្រុម​ចំនួន​២២ ជំនួស​ឲ្យ​២០​ក្រុម ដើម្បី​ប្រជែង​គ្នា​នៅ​ក្របខណ្ឌ​កំពូល ​ក្នុង​រដូវ​កាល ២០២០-២១​។ នេះ​មានន័យថា Lorient និង Lens ក៏មាន​វត្ត​មាននៅ Ligue 1 ដែរ បន្ទាប់ពី​ឡើង​ពី​លី​គ​ទី​ពីរ​។ យ៉ាងណាក៏ដោយ សំណើនេះ​មិនមាន​ការឆ្លើយ​តប​ ពី​សំណាក់ LFP ឡើយ​៕

Tag:
 Amiens
  COVID-19
  Ligue 1
© រក្សាសិទ្ធិដោយ thmeythmey.com