ភ្នំពេញ៖ សមត្ថកិច្ចត្រូវធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋ ក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ នេះជាការរំឭករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលជំរុញឱ្យមន្ត្រីខ្លួនបំពេញតួនាទីឱ្យបានត្រឹមត្រូវ។
ស្នងការរាជធានីភ្នំពេញ បានណែនាំទៅកាន់មន្ត្រីខ្លួនថា សមត្ថកិច្ចទាំងអស់ ត្រូវតែពាក់មួកសុវត្ថិភាព និងពាក់ខ្សែក្រវ៉ាត់ រួមទាំងមិនត្រូវនិយាយទូរស័ព្ទក្នុងពេលបើកបររថយន្ត ឬម៉ូតូឡើយ លើកលែងតែការនិយាយទូរសព្ទនោះប្រើកាស។ ជាពិសេសយានជំនិះត្រូវតែមានស្លាកលេខតែម្ដង។
ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖« ក្នុងករណីដែលសមត្ថកិច្ច បើកបរល្មើសច្បាប់ចរាចរណ៍ នឹងត្រូវផាកពិន័យតាមច្បាប់ស្មើភាពជាមួយប្រជាពលរដ្ឋទូទៅ»។
សម្រាប់មន្ត្រីនគរបាលចរាចរណ៍ណា ដែលអនុវត្តលើសគោលការណ៍ណែនាំ ដូចជាការប្រើប្រាស់សម្តី និងអាកប្បកិរិយាមិនសមរម្យនោះ ពួកគេនឹងត្រូវរងការដាក់វិន័យ ឬទទួលការអប់រំផងដែរ។ នេះបើតាមលោក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកផ្នែកចរាចរណ៍កន្លងមក។
រយៈពេល១១ថ្ងៃ នៃការអនុវត្តអនុក្រឹត្យថ្មីស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកនេះ នគរបាលចរាចរណ៍ បានឃាត់យន្តយន្ត ប្រមាណជិត២ម៉ឺនគ្រឿង ដោយក្នុងនោះ ទោចក្រយានយន្តនិងត្រីចក្រយានយន្ត មានជាង១,៤ម៉ឺនគ្រឿង ហើយរថយន្ត មានជាង៤ពាន់គ្រឿង។ នេះបើតាមលោក ហ៊ឹម យ៉ាន ស្នងការរងនគរបាលជាតិ ដែលទទួលបន្ទុកផ្នែកចរាចរណ៍ផ្លូវគោក។
លោក ហ៊ឹម យ៉ាន់ បានបន្ថែមទៀតថា ចាប់តាំងពីអនុវត្តវិធានការរឹតបន្តឹងចរាចរណ៍មក ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ ក៏បានថយចុះជិត៦០ភាគរយ ខណៈអត្រាអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ថយចុះ៤០ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា នៃខែឧសភា ឆ្នាំ២០១៩។
នគរបាលចរាចរណ៍បានកំណត់យកបទល្មើសអាទិភាព ដើម្បីអនុវត្តលើបទល្មើសចរាចរណ៍ រួមមាន៖ ល្បឿន, មិនពាក់មួកសុវត្ថិភាព, ស្រវឹង, មិនគោរពភ្លើង និងស្លាកសញ្ញា, ល្មើសការបត់ និងវ៉ាជែង, ដឹកលើចំណុះ, គ្មានស្លាកលេខ, គ្មានបណ្ណបើកបរ, ប្រើប្រាស់ទូរស័ព្ទដោយគ្មានកាស និងនិយាយទូរស័ព្ទដោយគ្មានឧករណ៍ភ្ជាប់សំឡេង។
រីឯការផាកពិន័យអន្តរការណ៍នៃច្បាប់ចរាចរណ៍ ដែលរដ្ឋាភិបាលកំពុងអនុវត្តតាមអនុក្រឹត្យថ្មីនេះ វាមានទំហំទឹកប្រាក់ចាប់ពី៦ម៉ឺនរៀល រហូតទៅដល់ជាង២លានរៀល អាស្រ័យតាមប្រភេទបទល្មើសចរាចរណ៍។ ទំហំនៃការផាកពិន័យនេះ វាមានការកើនឡើងពី៣ ទៅ៥ដង បើធៀបនឹងទំហំទឹកប្រាក់ផាកពិន័យចាស់ នៃច្បាប់ចរាចរណ៍ផ្លូវគោក៕