កីឡាអន្តរជាតិ
អន្តរជាតិ
Klopp៖ ទោះ Ronaldo ល្អឥតខ្ចោះ តែខ្ញុំពេញចិត្ត Messi ជាង
× លោក Jurgen Klopp អ្នកចាត់ការទូទៅក្រុម Liverpool សារភាពថាលោកចូលចិត្ត Lionel Messi ជាង Cristiano Ronaldo ទោះបីលោកធ្លាប់អះអាងថាខ្សែប្រយុទ្ធឆ្នើមក្រុម Juventus រូបនេះស្ទើរតែជាកីឡាករបាល់ទាត់ល្អឥតខ្ចោះក៏ដោយ។
Messi តារាឆ្នើមរបស់ Barcelona និងប្រធានក្រុមម្រើសជាតិព័រទុយហ្គាល់ Ronaldo ត្រូវបានគេចាត់ទុកជាកីឡាករបាល់ទាត់ដ៏អស្ចារ្យនាសម័យកាលនេះ ប៉ុន្តែក៏មិនទាន់មានអ្នកជំនាញរូបណាអាចវាយតម្លៃបានថាអ្នកទាំងពីរនរណាល្អជាងនណានៅឡើយនោះទេ។
ស្របពេលគ្នានេះលោក Klopp បានបង្ហាញការចាប់អារម្មណ៍លើកីឡាករទាំងពីរដោយសរសើរពួកគេសម្រាប់យុគសម័យនៃភាពលេចធ្លោដោយអាចគ្រងពានកីឡាករឆ្នើមបំផុតរបស់ពិភពលោក Ballons d'Or ចំនួន១១លើក ក្នុងចំណោមការប្រកាសពានរយៈពេល១២ឆ្នាំចុងក្រោយ។ Messi ឈ្នះ Ballons d'Or ៦សម័យ ឯ Ronaldo ទទួលបាន៥ដង។
អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ដែលជួយ Liverpool ឈ្នះ Champions League រូបនេះ បានកោតសរសើរចំពោះការកសាងរាងកាយរបស់ Ronaldo ប៉ុន្តែបាននិយាយថា Messi ប្រធានក្រុមអាហ្សង់ទីនវ័យ៣២ឆ្នាំ អាចបង្កើតវេទមន្តនៅលើទីលានដែលមើលទៅពិតជាមានភាពងាយស្រួលក្នុងការគ្រប់គ្រងបាល់ និងបង្កើតឱកាសជាដើម។
Klopp បានប្រាប់បណ្តាញ Youtube ឈ្មោះ Freekickerz ថា៖«សម្រាប់ខ្ញុំគឺ Messi ប៉ុន្តែខ្ញុំមិនអាចសរសើរ Ronaldo ច្រើនជាងអ្វីដែលខ្ញុំធ្លាប់បានធ្វើនោះទេ»។
លោកបានពន្យល់ពីហេតុផលខាងលើថា៖«យើងធ្លាប់បានប្រកួតជាមួយក្រុមដែលមានអ្នកទាំងពីររួចហើយ ហើយស្ទើរតែមិនអាចការពារបាន។ Messi មានរាងកាយតូចទាបតាំងពីកំណើត។ ប្រសិនបើអ្នកគិតថាកីឡាករល្អឥតខ្ចោះនោះគឺ Ronaldo ដែលមានកម្ពស់ខ្ពស់ គាត់អាចលោតបានខ្ពស់ រត់បានលឿន និងសម្រេចទីបានល្អ សរុបទៅគាត់ពិតជាល្អឥតខ្ចោះ។ Messi តូចមែនតែរូបគេបានធ្វើឲ្យអ្វីៗលើទីលានមានភាពសាមញ្ញបំផុត ដូច្នេះហើយខ្ញុំចូលចិត្តគាត់ជាង Ronaldo បន្តិចក្នុងនាមជាកីឡាករបាល់ទាត់»។
Klopp ក៏បានលើកឡើងដែលថា សព្វថ្ងៃមានកីឡាករវ័យក្មេងមួយចំនួនដែលមានសក្តានុពលប្រហាក់ប្រហែលនឹង Messi និង Ronaldo ដែរ ប៉ុន្តែនៅមិនទាន់ដល់វេនរបស់ពួកគេនៅឡើយ ទេ៕
Tag:
Jurgen Klopp
Lionel Messi
Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com