COVID-19
ជាតិ
សេដ្ឋកិច្ច
SME ស្នើ​ធនាគារ​អភិវឌ្ឍន៍ជនបទ បញ្ចុះ​ការប្រាក់​ត្រឹម​៥​ភាគរយ និង​ពន្យារពេល​សង​៦​ឆ្នាំ​ឡើងទៅ​
13, May 2020 , 4:35 pm        
រូបភាព
ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា បាន​ទម្លាក់​កញ្ចប់​ថវិកា​ចំនួន​៥០​លាន​ដុល្លារ សម្រាប់​ជួយ​ដោះស្រាយ​បញ្ហា​វិនិយោគ​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​(SME) ដែល​ធ្វើការ​លើ​វិស័យ​កសិកម្ម ក្នុង​គ្រា​ដែល​កម្ពុជា​កំពុង​ជួប​វិបត្តិ​កូ​វីដ​-១៩(COVID-19) កាលពី​ថ្ងៃទី​១៦​មីនា ឆ្នាំ​២០២០ មក​។ ថវិកា​៥០​លាន​ដុល្លារ​នេះ គឺ​ផ្តល់តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ ដោយ​ម្ចាស់​សហគ្រាស​អាច​ខ្ចី​បាន ​រយៈពេល​២​ឆ្នាំ សម្រាប់​យក​ធ្វើជា​ទុន​បង្វិល និង​ទុនវិនិយោគ មាន​រយៈពេល​៥​ឆ្នាំ ក្នុង​អត្រា​ការប្រាក់​៦​ភាគរយ​។ ប៉ុន្តែ​សហគ្រិន​ក្នុង​វិស័យនេះ កំពុង​សិក្សា​ពី​លទ្ធភាព​ខ្ចីប្រាក់ និង​ស្នើ​រដ្ឋាភិបាល ​ឱ្យ​ទម្លាក់​អត្រា​ការ​នៅត្រឹម​៥​ភាគរយ និង​ពន្យារពេល​សង​ត្រឡប់​ទៅវិញ ​ចាប់ពី​៦​ទៅ​៨​ឆ្នាំ​ឡើងទៅ​។




​ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យម យល់ឃើញថា ឥណទាន​ដែល​ធនាគារ​អភិវឌ្ឍន៍ជនបទ ​ផ្តល់ឱ្យ​ពួកគេ ក្នុង​អត្រា​ការប្រាក់​៦​ភាគរយ​ក្នុង​មួយឆ្នាំ សម្រាប់​ដោះស្រាយ​បញ្ហា​នានា​ក្នុង​ចង្វាក់​ផលិតកម្ម​នោះ គឺ​នៅតែមាន​អត្រា​ខ្ពស់​។ ម្ចាស់​សហគ្រាស​ដែល​ធ្វើការ​ក្នុង​វិស័យ​កសិកម្ម បាន​សង្កត់ធ្ងន់ថា លក្ខខណ្ឌ​ឬ​បែបបទ​នៃ​ការដាក់​ទ្រព្យ​បញ្ចាំ ដើម្បី​ខ្ចីប្រាក់​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ​គឺ​ពិបាក ខណៈពេល​វេលា​នៃ​ការសង​ប្រាក់​ត្រឡប់​ទៅវិញ មាន​រយៈពេល​ខ្លី សម្រាប់​លទ្ធភាព​យកទៅ​ប្រើប្រាស់​ព​ង្រី​ក​អាជីវកម្ម​ឱ្យ​រីកចម្រើន​។​
 
​ជា​ម្ចាស់​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​មួយកន្លែង នៅ​ខេត្តកំពង់ធំ អ្នកស្រី អ៊ិន ឡៃ​ហួត ទទួលស្គាល់ថា អត្រា​ការប្រាក់​៦​ភាគរយ​ក្នុង​មួយឆ្នាំ របស់​ធនាគារ​អភិវឌ្ឍន៍ជនបទ​នេះ គឺ​ទាប​ជាង​ទីផ្សារ​នៃ​ធនាគារឯកជន​។ ប៉ុន្តែ​ដោយសារ​កម្ពុជា កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ព្រោះតែ​កូ​វីដ​-១៩​នោះ វា​ធ្វើឱ្យ​អ្នកស្រី អ៊ិន ឡៃ​ហួត ពិបាក​សម្រេច​ដាក់ពាក្យ​ស្នើសុំ​ខ្ចីប្រាក់​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ ​យក​មកប្រើប្រាស់​ដែរ ។ នោះ​ក៏​ព្រោះតែ​អ្នកស្រី ឡៃ​ហួត យល់ឃើញថា អត្រា​ការប្រាក់​៦​ភាគរយ ក្នុង​បរិបទ​កូ​វីដ​១៩​នេះ គឺ​នៅតែ​ខ្ពស់។ ម្ចាស់​សិប្បកម្ម​រូបនេះ កំពុង​សិក្សា​ពី​លទ្ធភាព​នៃ​អាវ​ជី​កម្ម​របស់ខ្លួន ដើម្បី​ស្នើសុំ​កម្ចី​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ ​ក្នុង​ទំហំ​ទឹកប្រាក់​២០​ម៉ឺន​ដុល្លារ ដើម្បី​ដោះស្រាយ​ការកកស្ទះ​ផលិតផល និង​ពង្រីក​អាជីវកម្ម​ខ្លួន​បន្ថែម​។ 
«​ការប្រាក់​៦​ភាគរយ​ក្នុង​មួយឆ្នាំ សម្រាប់​អាជីវកម្ម​យើង​រាល់ថ្ងៃនេះ គឺ​នៅតែ​ខ្ពស់​ដែរ​។ ចំណូល​នៃ​ការលក់​រាល់ថ្ងៃ​របស់​យើង​ គឺ​វា​អត់​បាន ហើយ​ផលិតផល​យើង​ គឺមាន​តម្លៃថោក​ជាង​ឆ្នាំមុនៗ​»​។ នេះ​បើតាម​អ្នកស្រី ឡៃ​ហួត ដែល​បាន​បន្ថែមថា ការប្រាក់​៦​ភាគរយ​ក្នុង​មួយឆ្នាំ គឺ​នៅតែ​ច្រើន​សម្រាប់​អាជីវកម្ម​មួយ ដែល​បាត់​ចំណូល​ស្ទើ​ទាំងស្រុង​។​


 
​ម្ចាស់​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​រូបនេះ បាន​បន្តថា  តាំង​ដើមឆ្នាំ​២០២០​មក ពិភពលោក និង​កម្ពុជា ជួប​នូវ​ជំងឺ​កូ​វីដ​-១៩ ទើប​ធ្វើឱ្យ​គ្រាប់ស្វាយចន្ទី​ដែល​កែច្នៃ​រួច គឺ​បោះ​ដុំ​លក់​បានតែ​តម្លៃ​១៣​ដុល្លារ ​ក្នុង​មួយ​គីឡូក្រាម  ពោលគឺ​ធ្លាក់ចុះ​២​ដុល្លារ បើ​ធៀប​នឹង​ឆ្នាំ​២០១៩ ដែលមាន​តម្លៃ​១៥​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​។ អ្នកស្រី​បាន​បន្តថា គ្រាប់ស្វាយចន្ទី​ក្នុងឆ្នាំនេះ លក់​ចេញ​បាន​តម្លៃ​ទាប​ហើយ ថែមទាំង​ចំណាយ​លើ​បុគ្គលិក​កើនឡើង  ដោយសារ​ថ្លៃឈ្នួល​បុគ្គលិក​ម្នាក់​ កើន​ពី​២០,០០០ ទៅ​២៥,០០០​រៀល ​ក្នុង​មួយថ្ងៃ​។ រីឯ​ការចំណាយ​ថ្លៃ​លើ​វត្ថុធាតុដើម​ពី​កសិករ គឺ​នៅ​រក្សា​ដដែល​។  
 
​មិន​ត្រឹមតែ​អត្រា​ការប្រាក់​នៅ​ខ្ពស់​ទេ សូម្បីតែ​រយៈពេល​សង​ត្រឡប់ ​ចន្លោះ​ពី​២​ ទៅ​៥​ឆ្នាំ នៅក្នុង​លក្ខខណ្ឌ​របស់​ធនាគារ​អភិវឌ្ឍន៍ជនបទ​នោះ ក៏​ធ្វើឱ្យ​លោកស្រី អ៊ិន ឡៃ​ហួត យល់ថា ពិបាក​ប្រើប្រាស់ ​ដោះស្រាយ​អាជីវកម្ម​ដែរ​។ ម្ចាស់​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​វ័យ​៤៤​ឆ្នាំ​រូបនេះ និយាយថា​៖«​គម្រោង​សង​ប្រាក់​ត្រឡប់​វិញ​ ២​ទៅ​៥​ឆ្នាំ​នោះ គឺ​រយៈពេល​ខ្លី​ណាស់​សម្រាប់​ខ្ញុំ​។ ពេលវេលា​នេះ ខ្ញុំ​រកប្រាក់​បាន ​គឺ​គ្រាន់​សម្រាប់តែ​សង​ធនាគារ​អភិវឌ្ឍន៍ជនបទ​វិញ​ប៉ុណ្ណោះ ប៉ុន្តែ​ខ្ញុំ​អត់​មាន​អ្វី​សល់​ សម្រាប់​ពង្រីក​អាជីវកម្ម​ឱ្យ​រីក​ធំ​ទៅមុខ​បានទេ​»​។​
 
​ម្ចាស់​សិប្បកម្ម «​ម្នាស់​ទឹកឃ្មុំ​»  នៅ​ខេត្តស្ទឹងត្រែង លោក  សាយ ពន្លឺ​ចិត្ត​ករុណា ក៏​យល់ឃើញ​ពី​បញ្ហា​អត្រា​ការប្រាក់ និង​រយៈពេល​សង​ត្រឡប់​ទៅវិញ ក្នុង​បរិបទ​សេដ្ឋកិច្ចកម្ពុជា ប្រឈមមុខ​នឹង​ជំងឺ​កូ​វីដ​១៩​ដែរ​។ ទាំង​លោកស្រី អ៊ិន ឡៃ​ហួត និង​លោក សាយ ពន្លឺ​ចិត្ត​ករុណា សុទ្ធ​ស្នើ​សុំឱ្យ​ធនាគារ​អភិវឌ្ឍន៍ជនបទ​ ទម្លាក់​ការប្រាក់​មក​ត្រឹម​៥​ភាគរយ ​ក្នុង​មួយឆ្នាំ ហើយ​ពន្យារពេល​សង​ត្រឡប់​វិញ ចាប់ពី​៦​ទៅដល់​៨​ឆ្នាំ ដើម្បី​ងាយស្រួល​ដល់​លទ្ធភាព​សង​ប្រាក់​វិញ ហើយ​ថែមទាំង​អាច​ពង្រីក​អាជីវកម្ម​បានល្អ​ប្រសើរ​ទៀតផង​។​
 
​លោក  សាយ ពន្លឺ​ចិត្ត​ករុណា ម្ចាស់​សិប្បកម្ម «​ម្នាស់​ទឹកឃ្មុំ​»  នៅ​ខេត្តស្ទឹងត្រែង បាន​ពន្យល់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​(ThmeyThmey)​តាម​ទូរ​សព្ទ​ថា៖«​ខ្ញុំ​សុំ​ពេល​សងប្រាក់​ត្រឡប់​វិញ​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ ឱ្យបាន​៦​ឆ្នាំ​ឡើងវិញ គឺ​ល្អ​។ ក្នុង​រយៈពេល​៦​ឆ្នាំ​ នៃ​ការសង់​ប្រាក់​ត្រឡប់​ទៅវិញ​នេះ បើ​ការប្រាក់​អាច​ចុះ​នៅត្រឹម​៥​ភាគរយ គឺ​កាន់តែ​ប្រសើរ សម្រាប់​ខ្ញុំ​ដែល​ធ្វើ​សិប្បកម្ម នៅ​តំបន់​ដាច់ស្រយាល​»​។ 
 
​មូលហេតុ​ដែល​លោក ពន្លឺ​ចិត្ត​ករុណា លើកឡើង​បែបនេះ ដោយ​សម្អាងថា ការដាំ​ម្នា​ស់ គឺ​ខុសពី​ដំណាំ​ផ្សេងៗ។ បើតាម​លោក ករុណា ស្វាយ​មួយឆ្នាំ​ឱ្យ​ផល​បាន​២​ដង ប៉ុន្តែ​ម្នាស់​ដាំ​រហូត​១​ឆ្នាំ​៤​ខែ ទើប​អាច​ប្រមូល​ផល​។ ដូច្នេះ​ពេលវេលា​ដែល​ធនាគារ​អភិវឌ្ឍន៍ជនបទ បានកំណត់​ក្នុង​គម្រោង​សង់​ប្រាក់​ត្រឡប់​ទៅវិញ ​ក្នុង​រយៈពេល​២​ទៅ​៥​ឆ្នាំ គឺ​ខ្លី​ណាស់​សម្រាប់​សិប្បកម្ម​ម្នាស់​ទឹកឃ្មុំ​នេះ​។​
 
​ពាក់ព័ន្ធ​នឹង​អត្រា​ការប្រាក់​៦​ភាគរយ​ក្នុង​មួយឆ្នាំ​ របស់​ធនាគារ​អភិវឌ្ឍន៍ជនបទ គឺជា​កញ្ចប់​ថវិកា​ឧបត្ថម្ភ​ធន​របស់​រដ្ឋាភិបាល ដែល​ជួយ​ចេញ​ខាត​ពី​៣​ ទៅ​៤​ភាគរយ​ទៅហើយ ក្នុងស្ថានភាព​ដែល​សេដ្ឋកិច្ច​កំពុង​ជួប​វិបត្តិ​ដោ​យ​សារ​កូ​វីដ​-១៩ ។ នេះ​ជា​លើកឡើង​របស់ លោក កៅ ថាច  អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ ដោយ​បញ្ជាក់ថា រវាង​ការប្រាក់​៥​ភាគរយ និង​៦​ភាគរយ​ក្នុង​មួយឆ្នាំ គឺ​មិនជា​គម្លាត​ខុសគ្នា​ធំ​នោះទេ សម្រាប់​ម្ចាស់​សហគ្រាស​ ប៉ុន្តែ​អ្វីដែល​សំខាន់​ គឺនៅត្រង់​ម្ចាស់​សហគ្រាស អាចមាន​លទ្ធភាព​ទទួល​បាន​កម្ចី​របស់​រដ្ឋាភិបាល​នេះដែរ ឬ​អត់​។​
 
​លោក កៅ ថាច បាន​និយាយ​ដូច្នេះ​៖« បើ​ខ្ញុំ​ទម្លាក់​អត្រា​ការប្រាក់​នៅត្រឹម​៥​ភាគរយ ​ក្នុង​មួយឆ្នាំ តើ​ពួកគាត់​មាន​សមត្ថភាព​មក​ខ្ចី ឬ អត់​។ អ្នក​ដែល​មក​ខ្ចី​ហ្នឹង​ភាគច្រើន គឺ​ពួគគាត់​គ្មាន​ទ្រព្យ​បញ្ចាំ និង​គ្មាន​របាយការណ៍​ហិរញ្ញវត្ថុ និង​គ្មាន​ផែនការ​​​អាជីវកម្ម​បានច្បាស់លាស់​ឡើយ​។ ដូច្នេះហើយ​ ទោះ​ធនាគារ​អភិវឌ្ឍន៍ជនបទ​ ទម្លាក់​ការប្រាក់​នៅត្រឹម​៤​ ឬ​៥​ភាគរយ ក៏​ម្ចាស់​សហគ្រាស​ទាំងនោះ គ្មាន​សមត្ថភាព​ទទួល​បាន​កម្ចី​នេះដែរ​»​។   
 


​ម្ចាស់​សិប្បកម្ម​ម្នាស់​ទឹកឃ្មុំ ដែលមាន​ផ្ទៃដី​ដាំ​ដុះ​ជាង​១០​ហិកតា ក្នុង​ឃុំ​អូរឫស្សី ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង ​លោក ​ពន្លឺ​ចិត្ត​ករុណា មានបំណង​ស្នើសុំ​កម្ចី​ថវិកា​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ ចំនួន​១៥​ម៉ឺន​ដុល្លារ ដើម្បី​បង្វិលទុន និង​ពង្រីក​អាជីវកម្ម​បន្ថែម​។ ប៉ុន្តែ​លោក មាន​បញ្ហា​មួយ​ដែល​ពាក់ព័ន្ធ​នឹង​ទ្រព្យ​បញ្ចាំ។ នោះ​ក៏​ព្រោះតែ​ដី​១០​ហិកតា ដែល​លោក ករុណា បង្កើន​ផល​កសិកម្ម​នេះ គឺជា​ប្លង់​ទន់ និង​មិនមាន​រៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ​ នៃ​អាជីវ​កម្មបាន ទើប​ពិបាក​ទទួលបាន ​កម្ចី​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ​។ 
 
​បើតាម​លោក សាយ ពន្លឺ​ចិត្ត​ករុណា សព្វថ្ងៃ​សហគ្រាស​កែច្នៃ​ទឹក​ម្នាស់ ​មានតម្លៃ​ត្រឹម​៧​ម៉ឺន​ដុល្លារ និង​ដី​១០​ហិកតា សម្រាប់​ធ្វើជា​ទ្រព្យ​បញ្ចាំ តែ​ខាង​ធនាគារ​អភិវឌ្ឍន៍ជនបទ ហាក់ដូចជា​ឱ្យ​តម្លៃ​ទ្រព្យ​បញ្ចាំ​លោក​ទាប ពោលគឺ​ស្ទាក់ស្ទើរ​ក្នុងការ​ផ្ដល់​ទំហំ​ប្រាក់កម្ចី​១៥​ម៉ឺន​ដុល្លារ សម្រាប់​សហគ្រាស​ម្នាស់​ទឹកឃ្មុំ​របស់លោក​។ លោក ពន្លឺ​ចិត្ត​ករុណា ដាំ​ម្នាស់​ទឹកឃ្មុំ​នេះ បាន​អះអាងថា ដំណើរការ​សិប្បកម្ម​កែច្នៃ​ម្នាស់​ខ្លួន ១១​ឆ្នាំ​មកនេះ ប្រើប្រាស់​កម្ចី​ហិរញ្ញវត្ថុ​ពី​ធនាគារឯកជន​មួយចំនួន ​ក្នុង​ខេត្តស្ទឹងត្រែង ហើយ​មិនដែល​ជួប​បញ្ហា ឬ​លក្ខខណ្ឌ​ស្មុគស្មាញ ក្នុងការ​ខ្ចី​ពី​ធនាគារឯកជន​ទាំង​នោះឡើយ​។​
 
​ថ្វី​ដ្បិតថា សហគ្រាស​មានទ្រព្យ​បញ្ចាំ​នៅ​ធនាគារឯកជន​មួយចំនួន និង​មាន​ប្លង់ដី ឬ​ប្លង់​ផ្ទះ​ជា​ប្លង់​ទន់ ក៏ដោយ ក៏​ធនាគារ​អភិវឌ្ឍន៍ជនបទ ផ្ដល់ឱកាស​ឱ្យ​ខ្ចី ទៅតាម​ទិដ្ឋភាព​ជាក់ស្តែងដែរ​។ នេះ​បើតាម​លោក កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ។​

 
លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ

​ឆ្លើយតប​នឹង​បញ្ហា​ទ្រព្យ​បញ្ចាំ​នោះ លោក កៅ ថាច បាន​បកស្រាយ​ដូច្នេះ​៖«​យើង​មាន​ភាពបត់បែន ក្នុង​ការទទួល​ទ្រព្យ​បញ្ចាំ ដែលមាន​លក្ខណៈ​ខុសពី​ធនាគារឯកជន​។ ពេលខ្លះ ប្លង់​ទន់​ខ្លះ ក៏​យើង​ទទួលយក​បានដែរ ប្រសិនបើ​ប្លង់​ហ្នឹង មាន​បង់ពន្ធ និង​នៅ​ទីតាំង​ណាមួយ​ដែល​ល្អ​»​។  
 
​ចាប់តាំងពី ១៦​មីនា ឆ្នាំ​២០២០មក ដែល​រដ្ឋាភិបាល​បាន​ទម្លាក់​ក​ញ្ច​ប់ថ​វិកា​៥០​លាន​ដុល្លារ សម្រាប់​ជួយ​ដោះស្រាយ​បញ្ហា​របស់ SME ដែល​ធ្វើការ​លើ​វិស័យ​កសិកម្ម គឺមាន​ជិត​៣០​សហគ្រាសមកហើយ ដែល​បានដាក់​ស្នើសុំ​កម្ចី​ក្នុង​កញ្ចប់​៥០​លាន​ដុល្លារ​នោះ​។ នេះ​ជា​លើកឡើង​របស់ លោក កៅ ថាច ដោយបាន​បញ្ជាក់ថា ម្ចាស់​សហគ្រាស​ទាំងនោះ មក​ខ្ចីប្រាក់​ក្នុង​ទំហំ​តូចៗ​ប៉ុណ្ណោះ ដែលមាន​ត្រឹម​ចន្លោះ​ពី​៥​ ទៅ​១០​ម៉ឺន​ដុល្លារ ពោលគឺ​មិនទាន់មាន​អ្នក​មក​ខ្ចីប្រាក់ ​ដែល​ធនាគារ​អភិវឌ្ឍន៍​ផ្តល់ឱ្យ​ខ្ពស់បំផុត ក្នុង​ទំហំ​៣០​ម៉ឺន​ដុល្លារ​នៅឡើយ​៕ 
 

Tag:
 COVID-19
  កសិកម្ម​
  សហគ្រាស​
  ធនាគារ​អភិវឌ្ឍន៍ជនបទ​
  ស្ទឹងត្រែង​
  កំពង់ធំ​
© រក្សាសិទ្ធិដោយ thmeythmey.com