COVID-19
កីឡាជាតិ
ជាតិ
លោក តែម ម៉ឺន ព្រមានណែនាំស្ថានីយទូរទស្សន៍ និងកីឡាករ ដែលវាយមិនអស់ពីសមត្ថភាព ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ព្រមានណែនាំស្ថានីយទូរទស្សន៍ ដែលរៀបចំការប្រកួតមិនសមរម្យ និងកីឡាករវាយមិនអស់ពីសមត្ថភាព។ ការព្រមាននេះ ធ្វើឡើងក្រោយមានអ្នកស្នេហាវិស័យកីឡាប្រដាល់មួយចំនួន បានរិះគន់ពាក់ព័ន្ធបញ្ហានេះ។ តែយ៉ាងណា សហព័ន្ធស្នើឲ្យមានការយោគយល់ផងដែរចំពោះបញ្ហានេះ។
× ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ព្រមានណែនាំស្ថានីយទូរទស្សន៍ ដែលរៀបចំការប្រកួតមិនសមរម្យ និងកីឡាករវាយមិនអស់ពីសមត្ថភាព។ ការព្រមាននេះ ធ្វើឡើងក្រោយមានអ្នកស្នេហាវិស័យកីឡាប្រដាល់មួយចំនួន បានរិះគន់ពាក់ព័ន្ធបញ្ហានេះ។ តែយ៉ាងណា សហព័ន្ធស្នើឲ្យមានការយោគយល់ផងដែរចំពោះបញ្ហានេះ។
ក្រោយមានមតិមួយចំនួនបានរិះគន់ពាក់ព័ន្ធការវាយមិនអស់សមត្ថភាពរបស់កីឡាករក្នុងកម្មវិធីប្រដាល់របស់ស្ថានីយទូរទស្សន៍មួយចំនួន លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានចេញមកអះអាងថា លោកនឹងចាត់វិធានការពាក់ព័ន្ធបញ្ហានេះ។ ប្រធានសហព័ន្ធរូបនេះ អាចនឹងហៅអ្នកគ្រប់គ្រងកម្មវិធីប្រដាល់តាមស្ថានីយទូរទស្សន៍ រួមជាមួយកីឡាករ ដែលវាយមិនអស់ពីសមត្ថភាព ដើម្បីណែនាំ។
លោក តែម ម៉ឺន បានបង្ហាញជំហរគាំទ្រចំពោះការរិះគន់របស់មហាជន តែ លោក ក៏ស្នើឲ្យមានការយោគយល់ពីមហាជនផងដែរលើបញ្ហានេះ។ ដ្បិតបច្ចុប្បន្នការរៀបចំកម្មវិធីប្រដាល់តាមស្ថានីយទូរទស្សន៍ទាំងអស់ ស្ថិតក្រោមការរឹតត្បិតនៅឡើយ។ ពោលគឺរាល់ការប្រកួតនីមួយៗ ពុំអនុញ្ញាតឲ្យមានការចូលទស្សនាផ្ទាល់នោះទេ ដោយសារបារម្ភពីការរីករាលដាលនៃជំងឺកូវីដ-១៩។
«អ្វីដែលជាការរិះគន់ យើងត្រូវតែស្តាប់គេ បើមិនស័ក្តិសមកុំធ្វើ តែបើស័ក្តិសមចាំធ្វើ។ យើងត្រូវមានការយោគយល់ក្នុងកាលៈទេសៈនេះ តែបើមានផ្នែកណាមួយរួមគ្នាធ្វើមិនសម គឺយើងត្រូវតែមានការនិយាយគ្នា ហើយបើមិនស័ក្តិសមយើងនៅតែបន្តធ្វើគេរិះគន់មិនខុសទេ ខ្ញុំនឹងមានការណែនាំត្រង់ចំណុចនឹង»។ នេះជាការបញ្ជាក់របស់លោក តែម ម៉ឺន។
ការព្រមានចាត់វិធានការណែនាំករបស់លោក តែម ម៉ឺន ធ្វើឡើងក្រោយ លោក បារម្ភពីការធ្លាក់ចុះប្រជាប្រិយភាពរបស់ប្រដាល់គុនខ្មែរ។ ម្យ៉ាងទៀត លោក ខ្លាចជះឥទ្ធិពលមិនល្អដល់ដំណើរការអភិវឌ្ឍន៍ធនធានកីឡាករលើវិស័យនេះ ខណៈដែលកម្ពុជាកំពុងត្រៀមខ្លួនឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣៕
Tag:
ប្រដាល់គុនខ្មែរ
តែម ម៉ឺន
© រក្សាសិទ្ធិដោយ thmeythmey.com