COVID-19
អន្តរជាតិ
ថៃ គ្មាន​ករណី​ឆ្លង COVID-19 ជា​លើកដំបូង ចាប់តាំងពី​ថ្ងៃទី​៩ ខែមីនា​
13, May 2020 , 5:13 pm        
រូបភាព
ប្រជាជនថៃតម្រង់ជួរចាំទទួលជំនួយហិរញ្ញវត្ថុពីរដ្ឋាភិបាល។ រូបភាព៖ Reuters
ប្រជាជនថៃតម្រង់ជួរចាំទទួលជំនួយហិរញ្ញវត្ថុពីរដ្ឋាភិបាល។ រូបភាព៖ Reuters
ថៃ បាន​រាយការណ៍​ថា ខ្លួន​មិនមាន​ករណី​ឆ្លង COVID-19 ថ្មី​ឡើយនា​ថ្ងៃទី​១៣ ខែឧសភា​។ នេះ គឺជា​លើកដំបូង​បង្អស់ ដែល​ថៃ​មិន​ករណី​ឆ្លង COVID-19 ចាប់តាំងពី​ថ្ងៃទី​៩ ខែមីនា​មក​។



 តាម​ការអះអាង​របស់​អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍​COVID-19 ថៃ (CCSA) លោក Taweesilp Visanuyothin ថៃ​មិនមាន​ករណី​ឆ្លង COVID-19 ថ្មី​ឡើយ​នៅក្នុង​ប្រទេស​។

គិត​ត្រឹម​ពេលនេះ ថៃ​មាន​ករណី COVID-19 សរុប​ចំនួន ៣០១៧​ករណី អ្នកស្លាប់​ចំនួន ៥៦​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ២៨៤៤​នាក់​។ ចំណែក​អ្នកជំងឺ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​សល់ ត្រឹមតែ ១១៧​ករណី​ប៉ុណ្ណោះ​។ 
 
​ទាក់ទិន​នឹង​បញ្ហា​គ្មាន​ករណី​ឆ្លង​នេះ លោក Taweesilp បាន​ពន្យល់ថា បើទោះបីជា​ថៃ គ្មាន​ករណី​ឆ្លង​ក៏ដោយ មិនមែន​មានន័យថា ថៃ​មិនបាន​ធ្វើតេស្ត ឬ​ស្រាវជ្រាវ​រក COVID-19 នោះឡើយ​។ បើតាម​ការពន្យល់​រប​ស់​អ្នកនាំពាក្យ​រូបនេះ មន្ត្រី​សុខាភិបាល​ថា បាន​ពង្រីក​ការធ្វើ​តេស្ត​ជាច្រើន ចាប់តាំងពី​ថ្ងៃទី​១ ខែឧសភា កន្លងមក ហើយ​ក្នុង​ខែឧសភា​នេះ ថៃ​បានធ្វើ​តេស្ត​លើ​មនុស្ស​រហូតដល់ ៣៤៤៤៤​ករណី​ឯណោះ​។ ក្នុង​ចំនួន​នេះ មានតែ​អត្រា ០,១៨​ភាគរយ​ប៉ុណ្ណោះ ដែល​គេ​រកឃើញថា​មាន​លទ្ធផល​វិជ្ជមាន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត បាងកក​ប៉ុស្តិ៍​។ 
 
​ដោយសារតែ​មិនមាន​ករណី​ឆ្លង​ជា​លើកដំបូង​នៅក្នុង​ប្រទេស  លោក Taweesilp បាន​បាន​សាទរ​ចំពោះ​លទ្ធផល​មួយ​នេះ និង​អះអាងថា គឺ​កើតចេញពី​កិច្ចខិតខំ​របស់​ប្រជាជន ដែល​ចូលរួម​ទប់ស្កាត់​ករណី​ឆ្លង COVID-19 មួយ​នេះ​។ បើទោះបីជា​គ្មាន​ករណី​ឆ្លង​ក៏ដោយ អ្នកគ្រប់គ្រង​លើ​កិច្ចការ​COVID-19 រូបនេះ នៅតែ​ទទូច​ឲ្យ​ប្រជាជន​កុំ​មានការ​ធ្វេសប្រហែស និង​ថែរក្សា​អនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ​៕ 

Tag:
 ​ថៃ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com