ជាតិ
សង្គមជាតិ
ក្រសួង​លុប​អាជ្ញា​បណ្ណ​ស្ថានីយ​វិទ្យុ​FM៩៩.៧៥Mhz និង​គេហទំព័រ​រិ​ទ្ធិ​សែន ដែល​ផ្សាយ​ព័ត៌មាន​ញុះញង់​
13, May 2020 , 5:44 pm        
រូបភាព
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​
ដោយ:
​ភ្នំពេញ​៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានសម្រេច​លុប​អា​ជា្ញ​បណ្ណ​របស់​ស្ថានីយ​វិទ្យុ FM៩៩.៧៥Mhz  និង​គេហទំព័រ រិ​ទ្ធិ​សែន របស់លោក សុខ ឧ​ត្ត​ម ដែលជា​ចាងហ្វាង​នៃ​ស្ថាប័ន​ទាំងពីរ​នេះ​។ តាម​សេចក្តីប្រកាស​របស់​ក្រសួង​ព័ត៌មាន​នៅ​ថ្ងៃទី​១២ ខែឧសភា ការសម្រេច​លុប​អាជ្ញា​បណ្ណ​របស់​ស្ថាប័ន​លោក សុខ ឧ​ត្ត​ម ដោយសារ​ស្ថាប័ន​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ បំផ្លើសការពិត​ដែល​ញុះញង់​ឲ្យ​មាន​អំពើហិង្សា និង​ចលាចល​ដល់​សង្គមជាតិ​។


​លោក មាស សុ​ភ័​ណ្ឌ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ការ​ឈានដល់​ក្រសួង​សម្រេច​លុប​អាជ្ញា​បណ្ណ​ទាំងនេះ ដោយ​ក្រសួង​សង្កេតឃើញថា​កន្លងមក លោក សុខ ឧ​ត្ត​ម តែងតែ​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រាសចាក​ពី​ក្រមសីលធម៌ និង​វិជ្ជាជីវៈ និង​បំពាន​លើ​កិច្ចសន្យា​ដែល​លោក សុខ ឧ​ត្ត​ម​បាន​តម្កល់​នៅ​ក្រសួង​ព័ត៌មាន​។ ក្រៅពីនេះ ក៏​មានការ​ប្តឹងផ្តល់​ពី​ពលរដ្ឋ​មកលើ​លោក សុខ ឧ​ត្ត​ម ដែល​ផ្សាយ​ព័ត៌មាន​ពីបទ​បរិហារ​កេ​រិ៍្ត​ជា​សាធារណៈ​ផងដែរ​។ 
 
​លោក មាស សុភ័ណ្ណ ប្រាប់​ដូច្នេះ​ថា​៖«​កន្លងមក​ក៏មាន​ករណី​ប្តឹងផ្តល់​ពី​ពលរដ្ឋ​ទៅលើ​ស្ថាប័ន​ព័ត៌មាន​មួយ​ហ្នឹង​ដែរ  ពី​រឿង​ផ្សេងៗ​ច្រើន​។ ហើយ​យើង​ក៏បាន​ធ្វើការ​ណែនាំ ហើយ​មន្ទីរ​ព័ត៌មាន​ខេត្ត​ក៏បាន​ហៅ​មក​ធ្វើការ​ណែនាំ និង​អប់រំ​ច្រើនលើកច្រើនសារ​ហើយ ក៏ប៉ុន្តែ​អង្គភាព​សារព័ត៌មាន​មួយ​ហ្នឹង គាត់​នៅតែ​មិន​គោរព​ទៅតាម​អ្វីដែល​ជាការ​ណែនាំ​របស់​លិខិត​ដ្ឋា​ន​គតិយុត្តិ និង​ច្បាប់​ដែល​ស្តីពី​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​របស់​សារព័ត៌មាន និង​មិន​គោរព​ទៅតាម​កិច្ចសន្យា​ដែល​ខ្លួន​បាន​តម្កល់​នៅ​ក្រសួង​»​។​
 
​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ព័ត៌មាន កាលពី​ឆ្នាំ​២០១៤ ក្រសួង​ព័ត៌មាន​បានអនុញ្ញាត​ឲ្យ​លោក សុខ ឧ​ត្ត​ម​បើក​សា្ថ​នី​យ​វិទ្យុ FM៩៩.៧៥Mhz  រួចហើយ​ក្រសួង​ក៏​អនុញ្ញាត​ឲ្យ​លោក សុខ ឧ​ត្ត​ម បន្ត​បង្កើត​គេហទំព័រ រិទ្ធី​សែន​មួយទៀត​នៅ​ឆ្នាំ​២០១៨​។ 
 
​កាលពី​ថ្ងៃទី​២៧ ខែមេសា ក្រសួង​ព័ត៌មាន​បាន​លុបចោល​អាជ្ញា​បណ្ណ​គេហទំព័រ ចក្រ​វា​ឡ ធី​វី​អន​ឡាញ (CKV TV) ដែលមាន​លោក ចាន់ ឬ​ទ្ធី ជា​ចាងហ្វាង ដោយសារតែ​លោក ចាន់ ឬ​ទ្ធី បាន​រាយការណ៍​ព័ត៌មាន​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​ស​ង្គ​ម​។  ចំណែក​ស្ថាប័ន​ព័ត៌មាន TVFB និង​FBTV​ក៏​ក្រសួង​លុប​អាជ្ញា​បណ្ណ​ដែរ ដោយ​ក្រោម​ហេតុផល​ផ្សព្វផ្សាយ​ព័ត៌មាន​បែប​ញុះ​ញ៉​ង់ បង្ក​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គមជាតិ កាលពី​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២០៕

Tag:
 ​ក្រសួង​ព័ត៌មាន​
  អាជ្ញា​បណ្ណ​
 ​វិទ្យុ
© រក្សាសិទ្ធិដោយ thmeythmey.com