COVID-19
ជាតិ
COVID-19៖ ពលរដ្ឋ​ជាង​១១​ម៉ឺន​នាក់ ទទួលបាន​ឥណទាន​រៀបចំ​ឡើងវិញ ក្នុង​ទំហំ​ជិត​៥០០​លាន​ដុល្លារ​
14, May 2020 , 8:59 am        
រូបភាព
រូប​ពីហ្វេសប៊ុកសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា
រូប​ពីហ្វេសប៊ុកសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា
ដោយ:
​ភ្នំពេញ​៖ ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា បាន​ដោះស្រាយ​បញ្ហា​អតិថិជន ១១៨,១៨២​នាក់ ក្នុងចំណោម ១៣៧,១៥៨​នាក់ ក្នុងការ​រៀបចំ​ឥណទាន​ឡើងវិញ​សម្រាប់​ពួកគេ ដែល​ជួប​បញ្ហា​សេដ្ឋកិច្ច​ក្នុង​វិបត្តិ​កូ​វីដ​-១៩​។ គិត​ត្រឹម​ថ្ងៃទី​១០ ឧសភា ទំហំ​ឥណទាន​រៀបចំ​ឡើងវិញ មាន​ជាង​៤៨៨ លាន​ដុល្លា​។ នេះ​បើតាម​សេចក្ដីប្រកាស​ របស់​សមា​គម​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ដែល​សារព័ត៌មាន​ថ្មីៗ​ទទួលបាន​។​

 
​សមាគម​មីក្រូហិរញ្ញវត្ថុ បាន​អះអាងថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អាច​រៀបចំ​ឥណទាន​ឡើងវិញ​ជូន​អតិថិជន​បាន លុះត្រាតែ​មានការ​ស្នើសុំ​ពី​អតិថិជន ដោយយោង​តាម​កិច្ចសន្យា ​រវាង​គ្រឹះស្ថាន​និង​អតិថិជន​, គោលការណ៍​ការពារ​អតិថិជន ក៏ដូចជា​លក្ខខណ្ឌ​ផ្លូវច្បាប់​មួយចំនួនទៀត​។​
 
​សេចក្តីប្រកាស​របស់​ស​មា​គម​មីក្រូហិរញ្ញវត្ថុ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ក្នុង​កាលៈទេសៈ​ដ៏​លំបាក ​ដែល​បណ្តាលមកពី​ជំងឺ​កូ​វីដ​-១៩ សមាគម​បាន និងកំពុង​ធ្វើកា​រយ៉ា​ង​សកម្ម​ ជាមួយ​សមាជិក និង​ដៃគូ​ពាក់ព័ន្ធ​នានា ជាពិសេសធនាគារជាតិ​នៃ​កម្ពុជា  ក្នុង​ការជួយ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​នេះ​។  សមាគមស្វាគមន៍​នូវ​រាល់​កិច្ចសហការ​នានា ជាមួយ​ភាគី​ទាំងឡាយណា​ ដែលមាន​សុច្ឆន្ទៈ​ពិតប្រាកដ​ ក្នុងការ​ចូលរួម​ជួយ​ដោះស្រាយ​បញ្ហា​របស់​អតិថិជន​ នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​»​។​
 
​សមាគម​មីក្រូហិរញ្ញវត្ថុ ក៏​អំពាវនាវ​ឱ្យ​អតិថិជន​ ដែល​រង​ផលប៉ះពាល់​ពិតប្រាកដ​ពី​ជំងឺ​កូ​វីដ​-១៩ ទំនាក់ទំនង​ទៅកាន់​គ្រឹះស្ថាន​ដែល​ខ្លួន​បានទទួល​ប្រាក់កម្ចី ឬ​តាមរយៈ​មន្ត្រី​ឥណទាន​ផ្ទាល់ ដើម្បី​ទទួលបាន​នូវ​ដំណោះស្រាយ​សមស្រប​។ 
 
«​សមាគម​មានជំនឿថា មានតែ​កិច្ចសហការ​ប្រកបដោយ​សុច្ឆន្ទៈ និង​ដំណោះស្រាយ​ប្រកបដោយ​វិជ្ជាជីវៈ​ទេ ទើប​អាចជួយ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពិតប្រាកដ​ ប្រកបដោយ​ប្រសិទ្ធភាព និង​រក្សាបាន​នូវ​សុខុមាលភាព​វិស័យ​មីក្រូហិរញ្ញវត្ថុ​ទាំងមូល ដែល​បាន និងកំពុង​ដើរតួនាទី​ចាំបាច់មិនអាច​ខ្វះ​បាន ​ក្នុង​ការរក្សា​ស្ថេរភាព​សេដ្ឋកិច្ចជាតិ និង​កាត់បន្ថយ​ភាពក្រីក្រ​។ ហើយ​ប្រសិនបើ​មិនមាន​ដំណោះស្រាយ​សមស្រប ​តា​មល​ក្ខ​ខណ្ឌ​បច្ចេកទេស​នោះទេ នឹង​អាច​បង្កឱ្យមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ ដល់​សេដ្ឋ​ជាតិ​ទាំងមូល​»​។ នេះ​ជាការ​លើកឡើង​របស់​ស​មា​គម​មីក្រូហិរញ្ញវត្ថុ​។​
 
​គិត​ត្រឹម​ត្រីមាស​ទីមួយ ឆ្នាំ​២០២០ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ នៃ​សមាជិក​របស់​សមាគម បាន​បញ្ចេញ​ប្រាក់កម្ចី​ដល់​ប្រជាជន​កម្ពុជា ជាង​២,២​លាន​នាក់ ដែលមាន​ទំហំ​ឥណទាន​សរុប ជាង​៣០​ទ្រី​លាន​រៀល (៧,៤​ប៊ី​លាន​ដុល្លា​) ខណៈ​អតិថិជន​បញ្ញើ​សរុប​មាន​​ជាង​២,៨​លាន​នាក់ និង​មាន​ប្រាក់​បញ្ញើ​សរុប ជាង​១៤​ទ្រី​លាន​រៀល (៣,៦​ប៊ី​លាន​ដុល្លា​) ៕
 
 

Tag:
 សេដ្ឋកិច្ច​
  បំណុល
© រក្សាសិទ្ធិដោយ thmeythmey.com