កីឡាអន្តរជាតិ
អន្តរជាតិ
Newcastle ត្រៀម ៦៥​លាន​ដុល្លារ ដើម្បី​ទិញ Bale ពី Real Madrid
14, May 2020 , 9:19 am        
រូបភាព
Newcastle United បាន​ត្រៀមខ្លួន​រួចស្រេច​ក្នុង​ការចំណាយ​ទឹកប្រាក់ ៥៣ លាន​ផោន (៦៥​លាន​ដុល្លារ​អាមេរិក​) ដើម្បី​ទិញយក​ខ្សែប្រយុទ្ធ Gareth Bale ពី Real Madrid​។ នេះ​ជាការ​ត្រៀម​ចំណាយ​ដ៏​ច្រើន​មិន​ធ្លាប់មាន ស្របពេល​ក្លិប​នៅ Premier League មួយ​នេះ​ជិត​មាន​ម្ចាស់​ជា​កំពូល​មហាសេដ្ឋី​។​


Bale សមាជិក​ក្រុម​ជម្រើសជាតិ​វែ​ល៍ បានបង្ហាញ​ការមិនសប្បាយចិត្ត​ក្នុងការ​ស្នាក់នៅ​ជាមួយ​ក្រុម​រហស្សនាម​ស្តេច​ស ហើយ​ឥឡូវ​រូបគេ​រំពឹងថា​នឹង​ចាក​ចេញពី​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ​នៅពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើកទ្វារ​នា​រដូវ​កាល​ក្រោយ​។​
 
​បើតាម​ការចុះផ្សាយ​រប​ស់ FourFourTwo មាន​ក្លិប​ចំនួន​៣ ដែល​នាំមុខគេ​សម្រាប់​ការទិញ​យក​អតីត​កីឡាករ​របស់ Tottenham Hotspur រូបនេះ ហើយ​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​ក៏មាន Newcastle ផងដែរ​។​
 
​ក្នុងចំណោម​ក្លិប​ទាំង​៣ ដែល​ចង់បាន Bale រួមមាន Inter Miami ក្រុម​នៃ​លី​គ​កំពូល​អាមេរិក​ដែលមាន David Beckham ជា​ម្ចាស់ Newcastle រួមទាំង​ក្លិប Spurs ក៏ត្រូវ​បាន​គេ​រាយការណ៍​ថា​ចង់បាន​អតីត​កូនក្រុម​ចាស់​របស់គេ​យកទៅ​កាន់​ក្រុង​ឡុង​ដ៍​វិញ​ផងដែរ​។​
 
Newcastle រហូតមក​ដល់ពេល​ថ្មីៗ​នេះ​ប្រហែលជា​មិនមាន​លទ្ធភាព​ចរចា​យក Bale បាន​នោះទេ ប៉ុន្តែ​នៅពេល​ការកាន់កាប់​របស់​ម្ចាស់​ថ្មី​ដែលជា​រជ្ជទាយាទ​នៃ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ព្រះអង្គម្ចាស់ Mohammed Bin Salman នោះ ពួកគេ​នឹង​អាចមាន​កម្រិត​ហិរញ្ញវត្ថុ​ថ្មី​មួយទៀត​ដែល​អាច​និយាយ​គ្នា​បាន​។​
 
​ប្រសិនបើ​ព្រះអង្គម្ចាស់ Bin Salman អាច​ឡើង​កាន់កាប់​ក្រុម​រហស្សនាម​សារិកា​ព្រៃ​នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ មានន័យថា​ក្លិប​នឹង​ទទួលបាន​កញ្ចប់​លុយ​ដ៏​ច្រើន​ដើម្បី​ចំណាយ​នៅក្នុង​អំឡុងពេល​ទីផ្សារ​ដោះដូរ​កីឡាករ​ចាប់ផ្តើម​នៅ​រដូវ​កាល​ថ្មី ២០២០-២១​។​
 
​ស្របពេល​គ្នា​នេះដែរ ដោយសារ​វិបត្តិ COVID-19 បច្ចុប្បន្ន Real Madrid ហាក់ដូចជា​ព្យាយាម​បញ្ចេញ​កីឡាករ​មួយចំនួន​ក្នុងតម្លៃ​ថ្ងៃមួយ​ដើម្បី​សម្រួល​ដល់​ក្លិប ហើយ​កីឡាករ​ដែល​ត្រូវ​បញ្ចេញ​នោះ​អាចមាន Bale និង James Rodriguez ជាដើម​។​
 
Bale វ័យ​៣០​ឆ្នាំ បាន​ចាក​ចេញពី​ក្រុម​មាន់​ខ្នាយ​មាស Spurs ទៅកាន់​ក្លិប​យក្ស Real Madrid ក្នុង​ឆ្នាំ ២០១៣ ក្នុងតម្លៃ​កំណត់ត្រា​ក្លិប​ជិត​១០០​លាន​ដុល្លារ​។ រយៈពេល​ប៉ុន្មាន​រដូវ​កាល​ចុងក្រោយ​រូបគេ​ពិតជា​មាន​បញ្ហា​ជាមួយ​ក្រុម​ញឹកញាប់ ពិសេស​នៅពេល​ក្រុម​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​អ្នកចាត់ការ​ទូទៅ​លោក Zinedine Zidane៕ 

Tag:
 Newcastle United
  Real Madrid
  Mohammed Bin Salman
© រក្សាសិទ្ធិដោយ thmeythmey.com