COVID-19
អន្តរជាតិ
ភោជនីយដ្ឋានមួយនៅស៊ុយអែត ទទួលភ្ញៀវតែម្នាក់ប៉ុណ្ណោះក្នុង១លើក
× គម្លាតសុវត្ថិភាពក្នុងកាលៈទេសៈកូវីដ-១៩ បានធ្វើប្តីប្រពន្ធមួយគូនៅស៊ុយអែត កើតចេញគំនិតអាជីវកម្មដ៏ប្លែកមួយ។ កាលពីថ្ងៃទី១០ ខែឧសភា កន្លងមក ពួកគាត់បានចាប់ផ្តើមដំណើរការភោជនីយដ្ឋាន ដែលមានតែតុមួយនៅកណ្តាលវាល ដោយបម្រើតែភ្ញៀវម្នាក់ប៉ុណ្ណោះក្នុង១លើក។
ភោជនីយដ្ឋានឈ្មោះ «Bord for en» (តុមួយ កៅអីមួយ សម្រាប់មនុស្សម្នាក់) ស្ថិតក្រុង Varmland ប្រទេសស៊ុយអែត មានបញ្ជីម្ហូបអាហារសម្បូរបែប ប៉ុន្តែអាចទទួលបានត្រឹមតែភ្ញៀវម្នាក់ប៉ុណ្ណោះក្នុង១លើក។ អតិថិជនដែលអាចកក់កន្លែងនិងម្ហូបអាហារ បានតាមរយៈគេហទំព័រផ្លូវការរបស់ភោជនីយដ្ឋាន ដែលមានលោក Rasmus Persson និងលោកស្រី Linda Karlsson ជាម្ចាស់។
ក្រៅពីគ្មានភ្ញៀវដទៃ ភោជនីយដ្ឋានក៏មិនមានអ្នកបម្រើតុនោះដែរ ដោយតុអាហារដែលស្ថិតនៅកណ្តាលវាល ត្រូវបានភ្ជាប់ដោយខ្សែពួរ និងរ៉ក ទៅកាន់កន្លែងចម្អិនអាហារ។ ម្ហូបអាហារ និងភេសជ្ជៈ ត្រូវបានបញ្ជូនទៅកាន់អតិថិជន តាមខ្សែពួរនោះផងដែរ។
ដោយមិនបានបញ្ជាក់ពីតម្លៃច្បាស់លាស់ អ្នកស្រី Linda បានអះអាងប្រាប់ CNN ថា ភោជនីយដ្ឋានរបស់លោកស្រី ទទួលភ្ញៀវគ្រប់ស្រទាប់វណ្ណៈ ដោយមិនមានលក្ខខណ្ឌពិសេសអ្វីនោះដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ភោជនីយដ្ឋាននេះ នឹងមិនមានដំណើរការយូរឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com