ប្រជា​នេសាទ​បារម្ភ​អំពី​ការអភិវឌ្ឍ​នៅ​បឹង​តា​មោក ខណៈ​ត្អូញត្អែរ​ផល​នេសាទ​ធ្លាក់ចុះ​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ប្រជា​នេសាទ​បារម្ភ​អំពី​ការអភិវឌ្ឍ​នៅ​បឹង​តា​មោក ខណៈ​ត្អូញត្អែរ​ផល​នេសាទ​ធ្លាក់ចុះ​
14, May 2020 , 7:59 pm        
រូបភាព
ស៊ងត្រី​ដែល​ត្រូវ​បាន​គេ​ពង្រាយ​ក្នុង​បឹង​តាមោក។ (ហ៊ុល រស្មី/VOA)
ស៊ងត្រី​ដែល​ត្រូវ​បាន​គេ​ពង្រាយ​ក្នុង​បឹង​តាមោក។ (ហ៊ុល រស្មី/VOA)
ដោយ: VOA
​ភ្នំពេញ ៖ ប្រជា​នេសាទ​ក្នុង​បឹង​តា​មោក ដែល​ស្ថិតនៅ​ជាយ​រាជធានី​ភ្នំពេញ និយាយថា ពួកគាត់​មិនបាន​ដឹង​អំពី​គម្រោង​អភិវឌ្ឍន៍​ថ្មីៗ​នៅក្នុង​បឹង​នេះ​ឬក៏​កាត់​ចំណែក​ណាមួយ​នៃ​ផ្ទៃ​បឹង​នេះ​ឲ្យ​ទៅ​បុគ្គល​ណា​ឡើយ​។ ប៉ុន្តែ​អ្វីដែល​ពួកគាត់​បារម្ភ​កាន់តែខ្លាំង​គឺ​ការធ្លាក់ចុះ​ផល​នេសាទ​នៅក្នុង​បឹង​ទំហំ​ជាង​៣​ពាន់​ហិកតា​នេះ ខណៈ​មាន​កំណើន​នៃ​ចំនួន​ស៊ង ឬ​ទីកន្លែង​បង្ខាំង​ត្រី ឬ​ហៅ​ម្យ៉ាង​ទៀតថា ទី​ដែល​ហ៊ុម​ព្រួល​បញ្ចូល​ត្រី​។​

 
​បឹង​តា​មោក ឬ​បឹង​ទំនប់​កប់​ស្រូវ ដែលមាន​ផ្ទៃដី​ចំនួន​៣២៣៩​ហិកតា ត្រូវបាន​រដ្ឋាភិបាល​ដាក់​ជា​ទ្រព្យសម្បតិ្ត​សាធារណៈ​របស់​រដ្ឋ តាមរយៈ​អនុក្រឹត្យ​មួយ​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៦​។ ក្រោយមក ផ្ទៃ​បឹង​ចំនួន​៧៥​ហិកតា​ត្រូវបាន​កាត់​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​បង្កើត​សួន និង​ឧទ្យាន​ធម្មជាតិ​សាធារណៈ​។ នេះ​បើតាម​លិខិត​មួយ​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ចុះ​ថ្ងៃទី​១៣​ខែមីនា​ឆ្នាំ​២០២០​។​
 
 
​បន្ទាប់មកទៀត នៅ​ថ្ងៃទី​២៧ ខែមេសា ទីស្តីការគណៈរដ្ឋមន្ត្រី​បានសម្រេច​ប្រគល់​ផ្ទៃ​បឹង​តា​មោក​ទំហំ​៣០​ហិកតា ឲ្យ​ទៅ​លោកស្រី គឹម ហ៊ាង ដែល​គេ​ស្គាល់​ថា​ជា​ភរិយា​លោក លី យ៉ុង​ផាត់ សមាជិក​ព្រឹទ្ធសភា​គណបក្សកាន់អំណាច​និង​ជា​អ្នកជំនួញ​ដ៏​មាន​ឥទ្ធិពល​មួយរូប​។ លិខិត​របស់​រដ្ឋាភិបាល​មិនបាន​បញ្ជាក់​ឲ្យ​ច្បាស់លាស់​អំពី​ការ​កាត់​ដី​នេះ​ទេ ដោយ​គ្រាន់តែ​បញ្ជាក់ថា នេះ​ជាការ​ដោះដូរ​ដី​ដែល​លោកស្រី គឹម ហ៊ាង ប្រគល់​ដី​ជិត​១០​ហិកតា​ស្ថិតនៅ​ភាគ​ខាងកើត​វិមាន​ឈ្នះ​-​ឈ្នះ នៅ​តំបន់​ទីក្រុង​រណប​មួយ​ក្នុង​សង្កាត់​ព្រែក​ព្នៅ និង​នៅ​អតីត​ទីលាន​ចាក់សំរាម​ស្ទឹងមានជ័យ​ក្នុង​ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​។​
 
VOA បាន​ចុះទៅ​សាកសួរ​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹង​តា​មោក​កាលពី​ថ្ងៃ​អង្គារ ដោយបាន​សាកសួរ​ប្រជា​នេសាទ​មួយចំនួន​។ ប៉ុន្តែ​ពួកគេ​មិនដឹង​ច្រើន​អំពី​គម្រោង​អភិវឌ្ឍន៍​នៅ​ទីនោះ​ទេ​។​
 
​លោក អ៊ុត អាន អាយុ​៥៧​ឆ្នាំ ប្រជា​នេសាទ​មួយរូប​មកពី​ស្រុក​ស្អាង​ខេត្តកណ្តាល ប្រាប់​វី​អូ​អេ នៅ​កន្លែង​ស្នាក់នៅ​បណ្តោះអាសន្ន​សម្រាប់​ការនេសាទ​ក្នុង​បឹង​តា​មោក​ថា លោក​មិន​បានដឹង​ពី​ការដោះដូរ​ផ្ទៃ​បឹង​ទេ តែ​អ្វីដែល​លោក​បានឃើញ​នៅក្នុង​បឹង​គឺ​កំណើន​ស៊ង​ត្រី​។​


លោក​ អ៊ុត អាន អ្នកនេសាទអង្គុយ​នៅកន្លែងស្នាក់​បណ្តោះអាសន្ន​ក្នុងបឹងតាមោក ថ្ងៃទី​១២ ខែឧសភា​ ឆ្នាំ​២០២០។​ (ហ៊ុល រស្មី/VOA)​
 
​លោក​និយាយថា​៖«​បឹង​កាលពីមុន​វាល​ល្វឹង​។ ប្រជាពលរដ្ឋ​យើង​រក​ខាង​នេសាទ​ហ្នឹង​រុញ​កំ​ពិស រុញ​ត្រី​នាយអាយ បាន​ត្រឹម​ម៉ា​ហូបចុក​អី ម៉ា​រស់ ដល់​ឥឡូវ​។ បច្ចុប្បន្ន​ឥឡូវនេះ យួន​វា​បោះ​យក​អស់ហើយ​។​ដី មាន​កន្លែង​ណា​រុញ​ទៀត ណែន​ពេញ​បឹង​ទាំងអស់​។​បង​ឯង​ជិះទូក​ទៅ​មើល​ហើយ បើ​ថា​ពេញ​បឹង មិន​ពេញ​បឹង​ចាំ​មក​សួរ​ប្រជាជន​ប្រជាពលរដ្ឋ​»​។​
 
​អ្នកនេសាទ​រូបនេះ​បន្តថា រដ្ឋាភិបាល​គួរតែ​ថែរក្សា​ឲ្យ​បាន​នូវ​ទំហំ​ផ្ទៃ​បឹង​នេះ​ឲ្យ​នៅ​ធំ​ដែល​នឹង​ផ្តល់ឱកាស​ឲ្យ​ប្រជា​នេសាទ ឬ​ពលរដ្ឋ​ផ្សេងទៀត ទាញ​ផលប្រយោជន៍​ពី​បឹង​នេះ​។ លោក​បន្ថែមថា ប្រសិនបើ​ចាក់ដី​លុប​បឹង​នេះ វា​នឹង​កាន់តែ​រួញ​ទៅ ហើយ​អ្នកនេសាទ​នឹង​លែងមាន​ឱកាស​រក​ផល​នេសាទ​ទៅ​ថ្ងៃ​ខាងមុខ​។​
 
«​មានតែ​ចាក​ចេញទៅ​! ដូច​ខ្ញុំ​និយាយ​អ៊ីចឹង មានតែ​ចំណាកស្រុក ហើយ​ទៅធ្វើ​យួរ​កំបោរ​ឲ្យ​គេ​ទេ​។ បើ​រក​ខ្លួនឯង​អត់​បាន​ហើយ មានតែ​ស៊ីឈ្នួល​គេ​»​។​


លោក​ ហ៊ន​ ចាន់ កំពុង​បញ្ជាទូកនេសាទ​ក្នុង​បឹង​តាមោក ថ្ងៃទី​១២ ខែ​ឧសភា​ ឆ្នាំ​២០២០​។ (ហ៊ុល រស្មី/VOA)
 
​អ្នកនេសាទ​មួយរូប​ទៀត លោក ហ៊​ន ចាន់ និយាយថា លោក​មិនដឹង​ប្រាកដថា ស៊ង​ទាំងនោះ​សុទ្ធតែជា​របស់​ជនជាតិ​វៀតណាម ឬ​យ៉ាងណា​នោះទេ ប៉ុន្តែ​លោក​បានកត់សម្គាល់​នូវ​ការថយចុះ​ប្រាក់ចំណូល ដោយសារតែ​កំណើន​នៃ​ស៊ង​ដែល​កើនឡើង​ខ្លាំង​ក្នុង​រយៈពេល​មួយឆ្នាំ​ចុងក្រោយ​នេះ​។ 
 
«​មុន​[​រកបាន​]១០​ម៉ឺន​រៀល​។ ឥឡូវ​[​រកបាន​]​តែ​បួន​ម៉ឺន​ប្រាំ​ម៉ឺន ពីរម៉ឺន​រៀល​អី​អស់ហើយ​... រួច​តែ​លុយ​សាំង​ឥឡូវ ព្រោះ​មាន​កន្លែង​ណា​រកស៊ី​?»
 
​បើតាម​ការសង្កេត​តាមរយៈ​ការធ្វើដំណើរ​ដោយ​ទូក​នៅក្នុង​បឹង​តា​មោក​នេះ ស៊ង​ដែល​មិនអាច​រាប់​ចំនួន​អស់នោះ ត្រូវបាន​គេ​ដាក់ពង្រាយ​នៅក្នុង​ផ្ទៃ​បឹង​។ ប្រជា​នេសាទ​ខ្មែរ​រាប់សិប​គ្រួសារ​កំពុង​រស់នៅក្នុង​បឹង​និង​នៅតាម​ព្រំប្រទល់​នៃ​បឹង​នេះ​។​
 
​បើ​យោងតាម​របាយការណ៍រ​បស់​សមាគម​ធាងត្នោត​ដែលមាន​ដាក់​ចំណងជើង​ថា​៖«​បឹង​ចុងក្រោយ​ក្នុង​រាជធានី​ភ្នំពេញ​» បឹង​តា​មោក ឬ​បឹង​ទំនប់​កប់​ស្រូវ គឺជា​បឹង​ដែល​ធំជាងគេ​បំផុត​នៅក្នុង​រាជធានី​ភ្នំពេញ​។ បឹង​នេះ​ស្ថិតក្នុង​សង្កាត់​ចំនួន​៥​នៃ​ខណ្ឌ​ព្រែក​ព្នៅ និង​ខណ្ឌ​កំបូល​។​
 
​បើតាម​របាយការណ៍​នេះ បឹង​តា​មោក​មាន​ប្រជាពលរដ្ឋ​ចំនួន​៣១៩​គ្រួសារ​កំពុង​រស់នៅ ដែល​ភាគច្រើន​រស់នៅក្នុង​ព្រំប្រទល់​នៃ​បឹង ឬ​រស់​នៅតាម​ព្រំប្រទល់​បឹង​។ ភាគច្រើន​នៃ​គ្រួសារ​ទាំងនោះ​ជា​អ្នកនេសាទ និង​ស្ត្រី​ដែល​ប្រក​បរបរ​ដាំ​ដំណាំ​លើ​ផ្ទៃ​បឹង​និង​បោកគក់​ខោអាវ លាងចាន ហើយ​និង​ប្រើប្រាស់​បឹង​សម្រាប់​ធ្វើជា​បង្គន់​អនាម័យ​ផងដែរ​។ មិនមាន​គ្រួសារ​ណាមួយ​មាន​ប្លង់​កម្មសិទ្ធិ​ដីធ្លី​នោះទេ ដែល​ធ្វើ​ឲ្យ​ពួកគេ​ងាយ​រងគ្រោះ​ពី​ការបណ្តេញចេញ​ដោយ​បង្ខំ​។​


សហគមន៍​អ្នកនេសាទក្នុងបឹង​តាមោក។ (ហ៊ុល រស្មី/VOA)​
 
​សមាគម​ធាងត្នោត​ឲ្យ​ដឹងថា គម្រោង​រៀបចំ​បឹង​តា​មោក​នៅមាន​ភាពស្រពិចស្រពិល​។ ខ្នង​ទំនប់​នៃ​បឹង ត្រូវបាន​អភិវឌ្ឍ​ឲ្យ​ទៅជា​មហាវិថី​ឈ្នះ​-​ឈ្នះ ហើយ​ផ្ទៃ​បឹង​ចំនួន​២០​ហិកតា បច្ចុប្បន្នកំពុង​ត្រូវបាន​ចាក់​លុប ដើម្បី​បង្កើតជា​ផ្សារ​បន្លែ​ធំ​មួយ​សម្រាប់​ផ្គត់ផ្គង់​នៅក្នុង​រាជធានី​ភ្នំពេញ​។ 
 
​ប្រជា​នេសាទ​ក្នុង​បឹង​តា​មោក​មួយចំនួនទៀត​បានបង្ហាញ​ការបារម្ភ​ចំពោះ​ការ​កាត់ និង​បែងចែក​ផ្ទៃ​បឹង​តា​មោក​ដែល​បានធ្វើ​ឡើងជា​ហូរហែ​មកនេះ​។ ពួកគាត់​និយាយថា ទីក្រុង​ភ្នំពេញ​អាច​ប្រឈម​នឹង​ការ​ជន់​លិច ប្រសិនបើ​ផ្ទៃ​បឹង​នេះ កាន់តែ​រួម​តូច​ទៅនោះ​។​
 
​អ្នកស្រី ហ៊ រ៉ាវី វ័យ​២៨​ឆ្នាំ ជា​ពលរដ្ឋ​ម្នាក់​រស់នៅ​ទីនោះ និយាយថា​៖ «​ផលប្រយោជន៍​ដូច​ថា លូ​អី មិន​មក​បង្ហូរ​ពី​ហ្នឹង​? ហើយ​បើ​បិទ​ពី​ហ្នឹង​ទៅ លូ​ក្នុង​ក្រុងភ្នំពេញ​មាន​ទៅណា​? ត្រូវ​បង្ហូរ​ទៅណា​វិញ​? ចង់​សួរ​ចឹ​ង​។ ដល់​ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​គឺ​ច្រើនណាស់​រកស៊ី​នៅ​ហ្នឹង​ច្រើនណាស់​»​។​
 
​ស្ត្រី​ដែលជា​ម្តាយ​មានកូន​ពីរ​នាក់​រូបនេះ​បន្ថែមថា គ្មាន​ប្រជា​នេសាទ​ណា​ម្នាក់​ហ៊ាន​ប្រឆាំងនឹង​ការអភិវឌ្ឍ​ក្នុង​តំបន់​បឹង​តា​មោក​នោះទេ ប៉ុន្តែ​ការរក​ផល​នេសាទ​កាន់តែ​ប្រឈម​នឹង​ការលំបាក​រួចទៅហើយ នៅពេល​មានការ​ដាក់ពង្រាយ​ស៊ង​នៅក្នុង​បឹង​ដែលជា​ការបារម្ភ​មួយ​បន្ថែម​លើ​ការចាក់ដី​លុប​បឹង​នេះ​។ 
 
«​ប៉ុន្តែ​សុំ​សំណូមពរ​ខ្លាំងជាងគេ គឺ​ស៊ង​ហ្នឹង​តា​ហ្មង​! បើ​អត់​ស៊ង​ហ្នឹងរ​កអី​ក៏​ស្រួល​ដែរ​។ ប្រជាជន តែបើ​មាន​ស៊ង​ចប់​ហើយ ដាច់បាយ​រកតែ​លុយ​បង់​ឲ្យ​រដ្ឋ​លែងមាន​ហើយ​»​។​


អ្នកស្រី ហ៊ រ៉ាវី​ ភរិយា​អ្នកនេសាទ​ម្នាក់​នៅ​បឹងតាមោក។ (ហ៊ុល រស្មី/VOA)​
 
​បើតាម​របាយការណ៍រ​បស់​សមាគម​ធាងត្នោត​ចេញផ្សាយ​កាលពី​ចុងឆ្នាំ​២០១៩ បឹង​តា​មោក​គឺជា​អ្នកការពារ​ទឹកជំនន់ ទប់​ទល់នឹង​លំហូរ​ទឹក​មកពី​ភាគ​ខាងជើង​។ ទំនប់​បឹង​តា​មោក​ជួយ​បង្វែរ​លំហូរ​ទឹក​ពី​ភាគ​ខាងជើង​ឲ្យ​ទៅ​ភាគ​ខាងកើត​វិញ​ឬ​រក្សា​ផ្ទុក​ទឹក​ទំហំ​ធំ​។ ទំនប់​ដែល​លាតសន្ធឹង​ពី​កើ​តទៅ​លិច​តាម​បណ្តោយ​ភាគខាងត្បូង​នៃ​បឹង​នេះ​បង្ការ​ទឹកជំនន់​មកពី​ខាងជើង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ដោយ​មិន​ឲ្យ​ទឹក​ហូរ​ចូលមក​ទីក្រុង ហើយ​ជន់​លិច​មួយផ្នែកធំ​នៃ​ទីក្រុង​។​
 
​ជា​ផ្នែក​មួយ​នៃ​ការបង្ការ​ការកើតមាន​ឡើង​នៃ​គ្រោះមហន្តរាយ​ជំនន់​ទឹកភ្លៀង រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម លោក លឹម គានហោ កាលពីពេល​ថ្មីៗ​នេះ បាន​ជំរុញ​អភិបាល​រាជធានី​ភ្នំពេញ និង​អភិបាលខេត្ត​ទាំងអស់​ឲ្យ​ជួយ​ទប់ស្កាត់​ការរំលោភ ចាក់ដី​លុប​ចំណី​មាត់​ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក និង​បឹងបួ​។ លោក​បញ្ជាក់ថា សេដ្ឋកិច្ច​រីកចម្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​បាន​នាំ​ឲ្យ​មាន​កំណើន​សាងសង់​គួរ​ឲ្យ​កត់សម្គាល់​។​
 
​អភិបាលខណ្ឌ​ព្រែក​ព្នៅ លោក សុខ សម្បត្តិ​បដិសេធ​មិន​ផ្តល់​ការអត្ថាធិប្បាយ​នៅ​ថ្ងៃ​ពុធ​នេះ ដោយ​លោក​ជាប់​ប្រជុំ​។ អភិបាលរង​រាជធានី​ភ្នំពេញ លោក មាន ចាន់​យ៉ា​ដា ក៏បាន​បដិសេធ​មិន​ផ្តល់​ការអត្ថាធិប្បាយ ដោយបាន​បង្វែរ​សំណួរ​ទៅ​លោក មាស ម៉េ​ត​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ប៉ុន្តែ​អ្នកនាំពាក្យ​រូបនេះ​មិន​លើក​ទូរស័ព្ទ​។​វី​អូ​អេ​ក៏បាន​ព្យាយាម​ទាក់ទង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ តែ​នៅ​មិនអាច​សុំ​ការអត្ថាធិប្បាយ​បានទេ​។​
 
​ប្រជាពលរដ្ឋ​មួយចំនួន ដែល​រស់នៅ​ក្បែរ​បឹង​តា​មោក ក្នុង​ខណ្ឌ​ព្រែក​ព្នៅ និយាយថា ពួកគាត់​មិនបាន​ដឹង​បញ្ហា​នៃ​ការដាក់​ស៊ង​ក្នុង​បឹង​តា​មោក ឬ​បឹង​កប់​ស្រូវ​នេះ​ទេ​។ ពួកគាត់​ក៏​មិនបាន​ដឹង​អំពី​គម្រោង​អភិវឌ្ឍន៍​នានា​ក្នុង​តំបន់​បឹង​តា​មោក​នេះដែរ​។ ប៉ុន្តែ​អ្វីដែល​ពួកគាត់ បានលើកឡើង​នោះ​គឺ​ជំនន់​ទឹកភ្លៀង ដែល​អាច​កើតមាន ប្រសិនបើ​បឹង​ដ៏​ធំ​នេះ ត្រូវបាន​គេ​ចាក់ដី​លុប​បំពេញ​សម្រាប់​ការអភិវឌ្ឍ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com