COVID-19
អន្តរជាតិ
ឡេសូតូ ជាប្រទេសអាហ្វ្រិកចុងក្រោយដែលរកឃើញអ្នកឆ្លង COVID-19 ប្រភពរូប៖ AFP
× ប្រទេស ឡេសូតូ ភាគខាងត្បូងនៃទ្វីបអាហ្វ្រិក បានរាយការណ៍ករណី COVID-19ដំបូងបង្អស់ខ្លួន ។ ក្រសួងសុខាភិបាលប្រទេសនេះ បញ្ជាក់បែបនេះ ដែលធ្វើឲ្យ ឡេសូតូ ក្លាយជាប្រជាជាតិចុងក្រោយលើទ្វីបមួយនេះដែលបញ្ជាក់ករណីឆ្លងCOVID-19 ។
ក្រសួងសុខាភិបាលឡេសូតូ នៅថ្ងៃទី១៣ ខែឧសភា បានបញ្ជាក់ថា ខ្លួនបានរៀបចំធ្វើតេស្តលើអ្នកដំណើរពីប្រទេសជិតខាងចំនួនពីរ រួមមាន ប្រទេសអាហ្វ្រិកខាងត្បូង និងអារ៉ាប៊ីសាអូឌីត ហើយក្នុងនោះ ម្នាក់មានលទ្ធផលតេស្តវិជ្ជមានសម្រាប់ COVID-19។ ចំណែកឯ លទ្ធផលតេស្តមនុស្ស៣០១នាក់ផ្សេងទៀត នៅរង់ចាំ។
តាមការចុះផ្សាយរបស់ទូរទស្សន៍កាតា Al Jazeera អគ្គនាយកនៃក្រសួងសុខាភិបាលប្រទេសនេះ វេជ្ជបណ្ឌិត Nyane Letsie អះអាងថា ៖ «ក្រសួងបានជូនដំណឹងដល់សាធារណជនថា ឥឡូវនេះ ប្រទេសពួកគេមានករណីឆ្លងCOVID-19ដំបូង។ អ្នកជំងឺរូបនេះ គឺជាពលរដ្ឋឡេសូតូ ដែលសិក្សានៅប្រទេសអារ៉ាប៊ីសាអូឌីត»។
ប្រទេសអាហ្វ្រិកដែលមានប្រជាជនសរុបជាង២លាននាក់នេះ ត្រូវបានស្ថិតក្រោមបទបញ្ជាបិទប្រទេសកាលពីថ្ងៃទី២៩ ខែមីនា ដើម្បីទប់ស្កាត់ករណីឆ្លងពីប្រទេសជិតខាងខ្លួន ជាពិសេស អារ៉ាប៊ីសាអូឌីត ដែលមានជាង១ម៉ឺនករណី។ នេះជាតួលេខឆ្លងខ្ពស់បំផុតក្នុងទ្វីបអាហ្វ្រិក។
នាយករដ្ឋមន្ត្រីឡូសូតូ លោក Thomas Thabane បានសម្រេចបន្ធូរបន្ថយការរឹតត្បិត COVID-19 កាលពីថ្ងៃទី៦ ខែឧសភា ដោយអនុញ្ញាតឲ្យសហគ្រាសនិងសេវាកម្មដែលពុំចាំបាច់ បើកដំណើរការបណ្ដោះអាសន្ន។
តំបន់អាហ្វ្រិកទាំងមូល មានករណីឆ្លងសរុប ៧ម៉ឺនករណី ក្នុងនោះ ២៤២១ស្លាប់ និង២៣ ៨៥៧នាក់ជាសះស្បើយ។ នេះបើយោងលើការតាមដានរបស់ទីភ្នាក់ងារព័ត៌មាន Rueters ផ្អែកលើទិន្នន័យផ្លូវការរដ្ឋាភិបាលនិងWHO ៕
Tag:
COVID-19
ឡេសូតូ
អាហ្វ្រិក
© រក្សាសិទ្ធិដោយ thmeythmey.com