អន្តរជាតិ
សភា​ហុងកុង​ត្រៀម​អនុម័ត​លើ​សំណើ​ច្បាប់​ចាត់ទុក​ការមិន​គោរព​ភ្លេងជាតិ​ចិន​ជា​បទឧក្រិដ្ឋ​
14, May 2020 , 1:39 pm        
រូបភាព
អ្នកស្រី Carrie Lam មេដឹកនាំ​ទីក្រុង​ហុងកុង កំពុង​អង្គុយ​ស្ដាប់​​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​ទីក្រុង​ ហុង កុង កាល​ពី​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២០។
អ្នកស្រី Carrie Lam មេដឹកនាំ​ទីក្រុង​ហុងកុង កំពុង​អង្គុយ​ស្ដាប់​​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​ទីក្រុង​ ហុង កុង កាល​ពី​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២០។
ដោយ: VOA
​មេដឹកនាំ​ទីក្រុង​ហុងកុង អ្នកស្រី Carrie Lam បាន​និយាយថា សភា​នឹង​ផ្ដល់​អាទិភាព​លើ​សំណើ​ច្បាប់​មួយ ដែល​នឹង​ចាត់ទុកថា​ជា​បទឧក្រិដ្ឋ​ចំពោះ​អ្នកណា​ដែល​មិន​គោរព​ភ្លេងជាតិ​របស់​ប្រទេស​ចិន​។​

 
​នៅក្រោម​សំណើ​ច្បាប់​នេះ អ្នកណា​ដែល​ប្រើ​ភ្លេង​ជាតិចិន​សម្រាប់​គោលបំណង​អាជីវកម្ម ឬក៏​ប្រមាថ​ដោយ​ចេតនា​លើ​ភ្លេង​ជាតិចិន អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​រហូត​ដល់ ៣ ឆ្នាំ និង​ការផាកពិន័យ​ជាង ៦ ពាន់​ដុល្លារ​អាមេរិក​។​
 
​សំណើ​ច្បាប់​នេះ​ត្រូវបាន​ស្នើឡើង​កាលពី​ឆ្នាំមុន ដើម្បី​ជាការ​ឆ្លើយតប​ចំពោះ​ក្រុមមនុស្ស​ដែល​តែងតែ​ស្រែក​ឌឺដង​ប្រឆាំងនឹង​ភ្លេងជាតិ​ចិន នៅក្នុង​អំឡុងពេល​ប្រកួត​បាត់​ទាល់​ម្ដងៗ​។​
 
​ឥឡូវនេះ សំណើ​ច្បាប់​នេះ​ត្រូវបាន​គេ​ផ្ដល់​អាទិភាព​ខ្ពស់ នៅពេលដែល​សមាជិករ​ដ្ឋ​សភា​ដែលមាន​ទំនោរ​ទៅរក​រដ្ឋាភិបាល​ក្រុង​ប៉េកាំង អ្នកស្រី Starry Lee បាន​ឡើង​ដឹកនាំ​គណៈកម្មាធិការ​សំខាន់​មួយ​របស់​រដ្ឋសភា ដែលមាន​តួនាទី​ពិនិត្យ​លើ​សំណើ​ច្បាប់ និង​មាន​សិទ្ធិ​សម្រេច​ថា​តើ​សំណើ​ច្បាប់​ណា​ដែល​អាចដាក់​ឲ្យ​បោះឆ្នោត​អនុម័ត​បាន​។​
 
​ប្រសិនបើ​សំណើ​ច្បាប់​នេះ​ត្រូវបាន​អនុម័ត នោះ​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ទ្រង់ទ្រាយ​ធំ​កាលពី​ឆ្នាំមុន ទំនងជា​នឹង​ផ្ទុះ​ឡើងវិញ​ជាមិនខាន​។ ការតវ៉ា​កន្លង​នេះ គឺ​ដំបូង​កើតឡើង​ដោយសារតែ​សំណើ​ច្បាប់​បត្យាប័ន​ដ៏​ប្រទាំង​ប្រទើស​មួយ ដែល​វិវត្តន៍​ទៅជា​ការតវ៉ា​ទាមទារ​ឲ្យ​ទីក្រុង​ហុងកុង​មាន​លទ្ធិប្រជាធិបតេយ្យ​ប្រសើរ​ជាង​មុន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com