COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Serie A ត្រៀម​បើក​រដូវ​កាល​វិញ​ថ្ងៃទី​១៣ មិថុនា បើ​រដ្ឋាភិបាល​អនុញ្ញាត​
14, May 2020 , 11:19 am        
រូបភាព
 ក្របខណ្ឌ​អ៊ីតាលី Serie A គ្រោង​នឹង​បន្ត​រដូវ​កាល​របស់ខ្លួន​ឡើងវិញ​នៅ​ថ្ងៃទី​១៣ ខែមិថុនា ប្រសិនបើ​រដ្ឋាភិបាល​អ៊ីតាលី​យល់ព្រម​។​

​លី​គ​កីឡាបាល់ទាត់​កំពូល​អ៊ីតាលី​បាន​ជួបប្រជុំគ្នា​នៅ​ថ្ងៃទី​១៣ ខែឧសភា តាមរយៈ​វីដេអូ​អន​ឡាញ និង​បានអនុម័ត​កាលបរិច្ឆេទ​នៃ​ការបន្ត​ការប្រកួត​លី​គ​ឡើងវិញ​ស្របតាម​ការសម្រេច​រប​ស់​រដ្ឋាភិបាល​អ៊ីតាលី និង​ពិធីសារ​វេជ្ជសាស្ត្រ​។​
 
​ក្លិប​នៅ Serie A មួយចំនួនធំ​បាន​វិលត្រឡប់​ទៅកាន់​ការហ្វឹកហាត់​វិញ​នៅ​ដើមខែ​ឧសភា ប៉ុន្តែ​កីឡាករ​អាច​ហ្វឹកហាត់​ដោយឡែក​តែឯងៗ​ប៉ុណ្ណោះ ដើម្បី​គោរព​តាម​គោល​ការ​គម្លាត​សុ​វត្តិភាព ខណៈ​ជំងឺ​រាតត្បាត COVID-19 នៅមាន​ឥទ្ធិ​ផ​ពល​នៅឡើយ​។ ប៉ុន្តែ​យ៉ាងណា ការហ្វឹកហាត់​រួមគ្នា​សម្រាប់​កីឡាករ​នៅ​អ៊ីតាលី​នឹង​អាចធ្វើ​ទៅបាន​ចាប់ពី​ថ្ងៃទី​២៥ ខែឧសភា​តទៅ​។​
 
​លី​គ​ភាគច្រើន​នៅ​អឺរ៉ុប រួមទាំង​អ៊ីតាលី​ផង​ត្រូវបាន​ផ្អាក​បណ្តោះអាសន្ន​ដោយ​គ្មាន​កាលកំណត់​តាំងពី​ពាក់កណ្តាល​ខែមីនា​ដោយសារ​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី ប៉ុន្តែ​ក៏​នៅតែមាន​លី​គ​ខ្លះ​បន្ត​លេង​ផងដែរ​។ 
 
​ថ្មីៗ​នេះ មាន​កីឡាករ​របស់ Torino និង Fiorentina បានធ្វើ​តេស្ត​ចេញ​លទ្ធផល​វិជ្ជមាន​ជំងឺ COVID-19 ។ ប៉ុន្តែ​ពួកគេ​ត្រូវ​បានទទួល​ការព្យាបាល និង​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ពី​គេ​រួចរាល់​ហើយ​។​
 
​ក្រៅពី Serie A លី​គ​នៅ​អង់គ្លេស Premier League និង La Liga របស់​អេ​ស្ប៉ា​ញ ក៏​គ្រោង​នឹង​ចាប់ផ្តើម​លេង​ដោយ​បិទទ្វារ​កីឡដ្ឋាន​នៅក្នុង​ខែមិថុនា​ផងដែរ​។ ដោយឡែក​លី​គ​កំពូល​អាល្លឺម៉ង់ Bundesliga បាន​ត្រៀមខ្លួន​រួចហើយ​ដើម្បី​ចាប់ផ្តើម​នៅ​ចុង​សប្តាហ៍​នេះ​៕

Tag:
 Serie A
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com