COVID-19
អន្តរជាតិ
WHO ព្រមាន​ថា COVID-19 ប្រហែល​ពុំ​ទៅណា​ឆ្ងាយ​ឡើយ ហើយ​ពិភពលោក​ត្រូវ​រៀន​សម្រប​ខ្លួន​
14, May 2020 , 7:19 pm        
រូបភាព
លោក Michael Ryan នាយកទទួលបន្ទុកកម្មវិធីអាសន្នរបស់WHO (ឆ្វេង) និងអគ្គនាយកWHO លោក Tedros Adhanom Ghebreyesus
លោក Michael Ryan នាយកទទួលបន្ទុកកម្មវិធីអាសន្នរបស់WHO (ឆ្វេង) និងអគ្គនាយកWHO លោក Tedros Adhanom Ghebreyesus
ដោយ:
​កូ​រ៉ូ​ណា​វីរុស​ថ្មី ដែល​បង្ក​ជា​ជំងឺ COVID-19 ប្រហែល​ពុំ​អាច​ទៅណា​ឆ្ងាយ​នោះឡើយ ហើយ​ប្រជាជន​នៅ​ជុំវិញ​ពិភពលោក នឹងត្រូវ​រៀន​រស់​ជាមួយ​វា​។ អង្គការ​សុខភាព​ពិភពលោក (WHO) ព្រមាន​បែបនេះ នៅ​ថ្ងៃទី​១៣ ខែឧសភា ។​

 
​ខណៈ​បណ្ដា​ប្រទេស​ខ្លះ​នៅ​ជុំវិញ​ពិភពលោក ចាប់ផ្ដើម​បន្ធូរបន្ថយ​បទបញ្ជា​បិទ​ប្រទេស​ជា​បណ្ដើរៗ ដែល​បាន​ដាកចេញ់​ក្នុង​គោលដៅ​ទប់ស្កាត់​ការរីក​រាលដាល​COVID-19 អង្គការ WHO អះអាងថា ជំងឺ​រាតត្បាត​សកល​នេះ ប្រហែល​ពុំ​អាច​កម្ចាត់​ចោល​ទាំងស្រុង​ឡើយ​។ 
 
​វីរុស​នេះ បាន​ផ្ទុះ​រាលដាល​ដំបូង​ក្នុង​ទីក្រុង វូ​ហាន ភាគ​កណ្ដាល​នៃ​ប្រទេស​ចិន​កាលពី​ចុងឆ្នាំ​២០១៩ ហើយ​មកដល់ពេលនេះ បាន​ចម្លង​មនុស្ស​ជាង​៤,២​លាន​នាក់ និង​សម្លាប់​ជិត​៣០​ម៉ឺន​នាក់​នៅ​ទូទាំង​ពិភពលោក​។ 
 
«​យើង​មាន​វីរុស​ថ្មី ចូល​អុកឡុក​ប្រជាជន​ពិភពលោក​ជា​លើកដំបូង ដូច្នេះហើយ​វា​ពិតជា​ពិបាក​ខ្លាំង​ក្នុងការ​ព្យាករ​ថា​ពេលណា​ដែល​យើង​នឹង​យកឈ្នះ​លើ​វា​»​។ នេះ​ជាការ​លើកឡើង​របស់លោក Michael Ryan នាយក​ទទួលបន្ទុក​ក​ម្ម​វិធី​អាសន្ន​របស់​អង្គការ​សុខភាព​ពិភពលោក​។ 
 
​ក្នុង​សន្និសីទ​ព័ត៌មាន​តាម​វីដេអូ​អន​ឡាញ​ពី​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស លោក Ryan បន្តថា វីរុស​នេះ ប្រហែល​ក្លាយជា​វីរុស​ដែល​នៅ​ត្រាំត្រែង (endemic) ក្នុង​សហគមន៍ ហើយ​វីរុស​នេះ ប្រហែល​ពុំ​អាច​ទៅណា​ឆ្ងាយ​ឡើយ​។ លោក​សង្កត់ធ្ងន់ថា វីរុស​ហ៊ី​វ (HIV) ពុំទាន់​រលាយបាត់​ពីលើ​ភពផែនដី​នេះឡើយ តែ​ពិភពលោក​ត្រូវ​ព្រម​ទទួលស្គាល់​ការពិត​មួយ​នេះ​។ 
 
​ជាង​ពាក់កណ្ដាល​ប្រជាជន​ពិភពលោក ត្រូវដាក់​ក្រោម​បទបញ្ជា​បិទ​ប្រទេស  ចាប់តាំងពី​វិបត្តិ COVID-19 នេះ​បាន​ផ្ទុះឡើង​។ ក៏ប៉ុន្តែ WHO ព្រមាន​ថា វា​គ្មាន​វិធីសាស្ត្រ​ណា​ធានាថា ការបន្ធូរបន្ថយ​ការ​រឹតបន្ដឹង COVID-19 នឹង​ពុំ​បង្ក​ជា​រលក​ឆ្លង​ទី​២​ឡើយ​។ 
 
​ត្រង់ចំណុច​នេះ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus អះអាងថា ប្រទេស​ជាច្រើន នឹងមាន​បំណង​ដកហូត​ចំណាត់ការ​ទប់ស្កាត់ COVID-19 ទាំងនេះ ក៏ប៉ុន្តែ​អង្គការ​លោក នៅ​បន្ត​ប្រាប់​ឲ្យ​ពួកគេ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​។ 
 
​ទាក់ទិន​នឹង​កង្វល់​នេះ លោក Ryan លើកឡើង​បន្ថែមថា វា​នៅសល់​ផ្លូវ​វែងឆ្ងាយ​ណាស់ ដែល​ពិភពលោក​អាច​វិល​ត្រលប់​ទៅកាន់​សភាព​ធម្មតា​តាមបែប​គន្លង​ថ្មី (New Normal Life) ហើយ បណ្ដា​ប្រទេស​ទាំងអស់ នឹងត្រូវ​ឆ្លងកាត់​រឿងនេះ​។ យ៉ាងណាមិញ លោក​នៅតែ​បង្ហាញ​ក្តី​សង្ឃឹមលើ​ការស្វែងរក​វ៉ាក់សាំង​សម្រាប់ COVID-19 ហើយ​ត្រូវ​ធានាថា គ្រប់គ្នា​អាច​ទទួលបាន​វា​។​
 
​សូមបញ្ជាក់ថា ជីវិត​ធម្មតា​ថ្មី ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ COVID-19 សំដៅលើ ការប្រកាន់យក​នូវ​ការអនុវត្ត​អនាម័យ​ដៃ​ស្អាត ពាក់​ម៉ាស់​(​ក្នុងករណី​ចាំបាច់​) ប្រើ​ក្រ​ម៉ា កន្សែង ឬ​ក្រដាស​ជូត​មាត់ ខ្ទប់មាត់​ពេល​មាន​ក្អក​កណ្ដាស់ បន្ដ​អនុវត្ត​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល មិនត្រូវ​មានការ​ជួប​ជុំ ឬ​រៀបចំ​ពិធី​ណាមួយ​ដែលមាន​គ្នា​កុះករ​ពេក ដូចជា​ការជួបជុំ​ស៊ីផឹក​ដែលមាន​គ្នាច្រើន ឬ​ការជួបជុំ​តាមបែប​សាសនា ជាដើម​។  
 

Tag:
 WHO
  COVID-19
  New Normal
© រក្សាសិទ្ធិដោយ thmeythmey.com