ជាតិ
បុរស​សម្លាប់សត្វ​កេងកង ផ្តាំ​ពលរដ្ឋ​៖ សូមកុំ​យក​គំរូ​តាម​ខ្ញុំ​!
14, May 2020 , 2:14 pm        
រូបភាព
លោក គ្រុយ ចំរើន ដែលសម្លាប់សត្វកេងកង ចូលទៅសូមទោសនៅមុខមន្រ្តីក្រសួងបរិស្ថាន (រូបពីក្រសួងបរិស្ថាន)
លោក គ្រុយ ចំរើន ដែលសម្លាប់សត្វកេងកង ចូលទៅសូមទោសនៅមុខមន្រ្តីក្រសួងបរិស្ថាន (រូបពីក្រសួងបរិស្ថាន)
​ភ្នំពេញ​៖ លោក គ្រុយ ចំរើន ដែល​សម្លាប់សត្វ​កេងកង រួច​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម ត្រូវបាន​ចូលខ្លួន​ទៅសុំ​ទោស និង​ធ្វើ​កិច្ចសន្យា​ឈប់​សម្លាប់​សត្វព្រៃ នៅ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២០​។   


 
​លោក គ្រុយ ចំរើន សរសេរ​ក្នុង​កិច្ច​សន្យាថា​៖«[​ខ្ញុំ​] សូម​ទទួលស្គាល់​ការពិត ដែល​បាន​បាញ់សម្លាប់​សត្វ​កេងកង​មួយ​ក្បាល នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​៩​ជាន់ នៅ​ភូមិ​តេ​ជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្តកំពត​។ ខ្ញុំបាទ សូម​ទៅ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ សូម​អភ័យទោស​ដល់​រូបខ្ញុំ​។ ខ្ញុំបាទ នឹង​ឈប់​ប្រព្រឹត្ត​កំហុស​បែបនេះ​ទៀតហើយ​។ សូម​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​យក​គំរូ​តាម​រូបខ្ញុំ​។ ខ្ញុំ​សន្យា នឹង​យក​អាវុធ​ដែល​យកទៅ​បាញ់សម្លាប់​សត្វ​កេងកង​នោះ មក​ឲ្យ​ក្រសួងបរិស្ថាន​»​។ 
 
​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លើកឡើងថា លោក គ្រុយ ចំរើន បានសម្លាប់​សត្វ​កេងកង​ធំ​មួយ​ក្បាល ពេល​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​អន្លង់​ទឹកជ្រោះ​៩​ជាន់ ក្នុង​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ខេត្តកំពត​។​
 
​លោក បាន​បញ្ជាក់ថា ការទទួលស្គាល់​កំហុស និង​ការសុំ​ទោស​របស់​បុរស​នេះ គឺ​ក្រសួងបរិស្ថាន​ទទួលយក និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការប្រព្រឹត្ត​ទង្វើ​បែបនេះ​រហូត​ទៅ​។ លើសពីនេះ លោក ក៏បាន អំពាវនាវ​ដល់​ពលរ​ដ្ឋ​គ្រប់រូប ឲ្យ​ជៀសវាង​ការ​បរបាញ់ និង​បរិភោគ​សត្វព្រៃ ព្រោះ​វា ជាការ​ប្រព្រឹត្ត​ទង្វើ​ខុសច្បាប់​។ 
 
​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បន្តថា ពលរដ្ឋ​គ្រប់រូប គប្បី​ចូលរួម​អភិរក្ស​សត្វព្រៃ ការពារ​សម្បត្តិ​ធម្មជាតិ ជីវៈចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​កម្ពុជា​ឲ្យ​បាន​គង់វង្ស​។ លោក មានប្រសាសន៍ថា សត្វ​កេងកង​ជា​ប្រភេទ​សត្វ​កម្រ​ជិត​ផុត​ពូជ ដែលមាន​នៅក្នុង​តំបន់​មួយចំនួន​តូច​ប៉ុណ្ណោះ ដូចជា​នៅ​ភ្នំ​បូកគោ តំបន់​ជួរ​ភ្នំក្រវាញ និង​តំបន់​ភាគ​ខាងកើត នៃ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​៕

Tag:
 សត្វ​កេងកង​
© រក្សាសិទ្ធិដោយ thmeythmey.com