COVID-19
អន្តរជាតិ
COVID-19៖ ចិន ប្រឆាំង​ការស្នើ​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ដែល​ចង់​ធ្វើ​ច្បាប់​ដាក់ទណ្ឌកម្ម​
14, May 2020 , 2:39 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន Zhao Lijian ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៤ ខែឧសភា។ រូបភាពពីក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន Zhao Lijian ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៤ ខែឧសភា។ រូបភាពពីក្រសួងការបរទេសចិន
ទីក្រុង​ប៉េកាំង បង្ហាញ​ជំហរ​បដិសេធ​ទៅនឹង​ការធ្វើ​ច្បាប់​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ដែល​បើកផ្លូវ​ដល់​ការដាក់ទណ្ឌកម្ម​លើ​ចិន​ជុំវិញ​ការផ្ទុះ​ឡើង​ជំងឺ COVID-19 ។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​នៅ​ថ្ងៃទី​១៣ ខែឧសភា បាន​ប្រាប់​អ្នកនយោបាយ​អាមេរិក​ឲ្យ​គិតគូរ​ពី​វិបត្តិ COVID-19 ក្នុងស្រុក ជាជាង​ទម្លាក់កំហុស​លើ​ប្រទេស​ផ្សេង​ខុសពី​ការពិត និង​ស៊ើបអង្កេត​រក​ប្រភព​ជំងឺ ហើយ​ថា ចិន​តែងមាន​ប្រកាន់ខ្ជាប់​តម្លាភាព​តាំងពី​ជំងឺ​នេះ​ផ្ទុះឡើង​ពីដំបូង​។​

 
«​សេចក្ដីព្រាងច្បាប់​ដែល​គាំទ្រ​ដោយ​សមាជិក​ព្រឹទ្ធសភា​អាមេរិក​មួយចំនួន មិនបាន​គោរព​ការពិត​ឡើយ​។​» នេះ​ជា​លើកឡើង​របស់លោក Zhao Lijian អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ដែល​ឆ្លើយតប​ទៅនឹង​សំណើ​មួយ​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក Linsay Graham ដែល​ចង់​បង្កើត​ច្បាប់​ដាក់ទណ្ឌកម្ម​លើ​ចិន​ទាក់ទង​ការឆ្លើយតប​របស់​ចិន​លើ​ការ​រាលដាល​ជំងឺ COVID-19 ។​
 
 
​សេចក្តីព្រាងច្បាប់​ដែលមាន​ឈ្មោះ ច្បាប់​គណនេយ្យភាព COVID-19 (COVID-19 Accountability Act) ដែល​ស្នើ​ដោយ​លោក Graham ត្រូវបាន​សមាជិក​ព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ​ខ្លះ​គាំទ្រ​ផងដែរ​។ លោក Graham ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និយាយថា ប្រសិនបើ​គ្មាន​ការបោកប្រាស់​ពី​ចិន​ទេនោះ ម្ល៉ោះ​ជំងឺ COVID-19 ក៏​មិន​រាលដាល​ដល់​ទឹកដី​អាមេរិក​ដែរ ដោយពេល​នេះ​វា​បានសម្លាប់​ប្រជាជន​អាមេរិក​ជាង​៨​ម៉ឺន​នាក់​ហើយ​។​
 
​សមាជិក​ព្រឹទ្ធសភា​រូបនេះ ក៏​ចង់​ឲ្យ​មានការ​ស៊ើបអង្កេត​រក​ប្រភព​ជំងឺ​នេះ​ឲ្យ​ច្បាស់លាស់ ដែល​តម្រូវ​ឲ្យ​ចិន​បើកចំហរ​ទទួលយក​រា​ល់​ការស៊ើបអង្កេត​នានា​ផងដែរ​។ សេចក្តីព្រាងច្បាប់​នេះ ក៏​តម្រូវ​ឲ្យ​ចិន​បញ្ជាក់ថា ខ្លួន​ពិតជា​បាន​បិទ​ផ្សារ​សើម​ទាំងអស់ ដែលមាន​លទ្ធភាព​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​។​
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​១៣ ខែឧសភា លោក Zhao បាន​ទាត់ចោល​ម្ដងទៀត​ការទាមទារ​ឲ្យ​ស៊ើបអង្កេត​រក​មូលហេតុ​នៅពេលនេះ​។ មន្ត្រី​ក្រសួងការបរទេស​ចិន​រូបនេះ ក៏​បដិសេធ​ការចោទប្រកាន់​លើ​វត្តមាន​ទីផ្សារ​សើម​លក់​សត្វព្រៃ​មានជីវិត​ផងដែរ​។ លោក Zhao បញ្ជាក់ថា ចិន​គ្មាន​ផ្សារ​សើម​លក់​សត្វ​អ្វី​ឡើយ ក្រៅពី​ផ្សារ​សម្រាប់​កសិករ​ខ្លួន​លក់​សត្វ​ក្នុងស្រុក និង​គ្រឿង​សមុទ្រ​ដូចដែល​មាន​ក្នុងប្រទេស​ដទៃទៀត​។ 
 
​ចំពោះមុខ​អ្នកសារព័ត៌មាន​ជាច្រើន អ្នកនាំពាក្យ​រូបនេះ ក៏​ឆ្លៀត​និយាយ​ដល់កំណត់​ហេតុ​៥៧​ទំព័រ​របស់​គណៈកម្មាធិកា​រ​ព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ​ដែល​បាន​លើកទឹកចិត្ត​ឲ្យ​មានការ​វាយប្រហារ​លើ​ចិន និង​ផ្សព្វផ្សាយ​ព័ត៌មាន​ថា ចិន​លាក់បាំង COVID-19 ។ បើតាម​អ្នកនាំពាក្យ​ដដែល​នេះ អ្វីដែល​អាមេរិក​ធ្វើ គឺជា​ការ​រុញ​ការទទួល​ខុស​លើ​ចិន​ប៉ុណ្ណោះ​។​
 
 

Tag:
 ចិន​
  អាមេរិក​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com