COVID-19
អន្តរជាតិ
គ្មាន COVID-19 ច្រើន​សប្តាហ៍ ឡាវ​នៅតែ​បន្តឹង​លក្ខខណ្ឌ​ពេលចេញ​-​ចូល​ប្រទេស
14, May 2020 , 8:19 pm        
រូបភាព
នាយករដ្ឋមន្ត្រីឡាវ Thongloun Sisoulith (AFP)
នាយករដ្ឋមន្ត្រីឡាវ Thongloun Sisoulith (AFP)
ដោយ:
​មនុស្ស​ទាំងអស់​ដែល​ចូលទៅ​កាន់​ប្រទេស​ឡាវ នឹងត្រូវ​ឆ្លងកាត់​ការត្រួតពិនិត្យ​សុខភាព និង​ធ្វើតេស្ត​រកមើល COVID-19 ហើយ​ត្រូវដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​។ ក្រសួងការបរទេស​ឡា​វ ប្រកាស​បែបនេះ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ ខណៈដែល​ឡាវ​គ្មាន​ករណី​ឆ្លង​ថ្មី​ច្រើន​សប្ដាហ៍​មកហើយ​។

 
​អ្នកដំណើរ​ទាំងអស់ នឹងត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​សណ្ឋាគារ ឬ​មណ្ឌល​ដែល​រៀបចំឡើង​ដោយ​អាជ្ញាធរ​។ ក្រសួងការបរទេស​ឡា​វ បញ្ជាក់​នេះ​ក្នុង​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃទី​៧​ខែឧសភា ដែល​ទើប​ចុះផ្សាយ​ដោយសារ​ព័ត៌មាន Vientiane Times នៅ​ថ្ងៃទី​១១ ខែឧសភា​។ អ្នក​ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សណ្ឋាគារ នឹង​ទទួលខុសត្រូវ​លើ​ការចំណាយ​ដោយ​ខ្លួនឯង ដូចជា ថ្លៃ​បន្ទប់ ចំណីអាហារ និង​សេវាកម្ម​ដទៃទៀត ជាដើម​។ 
 
​ក្រោយ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​រួចរាល់ មនុស្ស​ដែល​គ្មាន​រោគសញ្ញា នឹងត្រូវ​អាជ្ញាធរ​សុខាភិបាល​ផ្ដល់ជូន​លិខិត​បញ្ញា​ក់សុខ​ភាព ហើយ​នេះ​នឹង​អនុញ្ញាត​ឲ្យ​ពួកគេ​ទៅផ្ទះ និង​ធ្វើការ​។ ចំណែក អ្នក​ដែល​ចូលទៅ​កាន់​ប្រទេស​ឡាវ ដោយមាន​រោគសញ្ញា​ផ្ដាសាយ ឬ​ស្រដៀង COVID-19 នឹងត្រូវ​ដឹកបញ្ជូន​និង​ដាក់​នៅ​ដាច់ដោយឡែក​នៅ​មន្ទីរពេទ្យ ហើយ​យក​សំណាក​ទៅធ្វើ​តេស្ត​រក​COVID-19 ។​
 
​ដើម្បី​ចូលក្នុង​ប្រទេស​ឡាវ អ្នកដំណើរ ត្រូវការ​ដាក់​ស្នើ​ពាក្យសុំ ដោយ​បង្ហាញ​ពី​ព័ត៌មាន​លម្អិត​ជុំវិញ​កាលបរិច្ឆេទ ច្រកចូល និង​មធ្យោបាយ​ដែល​ពួកគេ​ធ្វើដំណើរ​។ ទន្ទឹមនេះ អ្នកដំណើរ ក៏​តម្រូវ​ឲ្យ​បញ្ជាក់​ប្រទេស​ដែល​ពួកគេ​នឹង​ដូរ​ជើងហោះហើរ​តាមផ្លូវ​ពួកគេ និង​ប្រាប់​ពី​គោលបំណង​នៃ​ការចូល​ប្រទេស​ឡាវ​ផងដែរ​។ 
 
​ការជូនដំណឹង​ចុងក្រោយ​នេះ ធ្វើឡើង​ខណៈ​រដ្ឋាភិបាល​ឡាវ ផ្ដើម​បន្ធូរបន្ថយ​ចំណាត់​ការបិទ​ប្រទេស​ដែល​ដាក់ចេញ​កាលពី​ថ្ងៃទី​១ ខែមេសា ដែល​អនុញ្ញាត​ឲ្យ​មនុស្ស​ឆ្លងកាត់​ព្រំដែន​សម្រាប់តែ​សកម្មភាព​ដែល​ចាំបាច់​មានការ​ដឹកជញ្ជូន​ទំនិញ​ជាដើម​។ 
 
​ពាក្យសុំ​សម្រាប់​ចូល​ប្រទេស​ឡាវ ក្រោម​សេចក្តីប្រកាស​ថ្មី​នេះ ត្រូវតែ​បញ្ជូន​ទៅកាន់​គណៈកម្មាធិកា​រ​ប្រយុទ្ធប្រឆាំង COVID-19 របស់​ក្រសួងការបរទេស​ឡាវ តាមរយៈ​ភ្នាក់ងារ​ពាក់ព័ន្ធ​។ ក្រោយ​ទទួលបាន​ការអនុញ្ញាត​សម្រាប់​ចូល​ប្រទេស បុគ្គល​រូបនោះ​ដែល​ពុំទាន់​មាន​ទិដ្ឋាការ ត្រូវដាក់​ពាក្យសុំ​វាពី​ស្ថានទូត​ឡាវ ឬ​ស្ថាន​កុងស៊ុល​ក្នុងប្រទេស​ដែល​ខ្លួន​បានដាក់​ពាក្យ​សុំចូល​ប្រទេស​ខាងលើ​។ ចំណែក​អ្នក​ដែលមាន​ទិដ្ឋាការ​មាន​សុពលភាព អាច​ប្រើ​ទិដ្ឋាការ​នោះ​តែម្ដង​។​
 
​ដើម្បី​ចូល​ប្រទេស​ឡាវ អ្នកដាក់ពាក្យ​សុំចូល ត្រូវមាន​ការបញ្ជា​ក់ថា​ពិតជា​គ្មាន​ជំងឺ COVID-19 ហើយ​លិខិតបញ្ជាក់​ការធ្វើ​តេស្ត ត្រូវ​ចេញ​ដោយ​អាជ្ញាធរ​សុខាភិបាល ដោយ​ពុំ​ឲ្យ​យូរ​ជាង​៧២​ម៉ោង​ឡើយ​។  ដោយឡែក ពលរដ្ឋ​ឡាវ​ដែល​នៅក្រៅ​ប្រទេស ហើយ​ចង់​ត្រលប់​ទៅកាន់​ប្រទេស​កំណើត​វិញ ត្រូវការ​ចុះឈ្មោះ​ជាមួយ​ស្ថានទូត​ឡាវ ឬ​ស្ថាន​កុងស៊ុល​ក្នុងប្រទេស​ពួកគេ​កំពុង​រស់នៅ​។​
 
​លើសពីនេះ ជនបរទេស​ដែលមាន​ស្ថានទូត​ប្រទេស​ពួកគេ​ក្នុង​វៀងចន្ទន៍ និង​ចង់​ចាក​ចេញពី​ប្រទេស​ឡាវ ត្រូវការ​ចុះឈ្មោះ និង​ប្រាប់​ពី​គោលបំណង​ធ្វើដំណើរ​ពួកគេ​ជាមួយ​ស្ថានទូត​ពួកគេ​ផងដែរ​។ ត្រង់ចំណុច​នេះ ស្ថានទូត​ទាំងនោះ តម្រូវ​ឲ្យ​ដាក់​លិខិត​សំណើ​ទៅកាន់​ក្រសួងការបរទេស​ឡាវ ជាមួយ​ឈ្មោះ​អ្នកដាក់ពាក្យ លេខ​លិខិតឆ្លងដែន ពេលវេលា​ធ្វើដំណើរ​ជាក់លាក់ ច្រកចេញ និង​មធ្យោបាយ​ដែល​ប្រើប្រាស់​។ ជនជាតិ​ឡាវ​ដែល​ចង់​ធ្វើដំណើរ​ទៅ​បរទេស​សម្រាប់​ហេតុផល​ចាំបាច់ អាចធ្វើ​ទៅបាន ប្រសិនបើ​ទទួល​ការអនុញ្ញាត​ពី​អាជ្ញាធរ​ក្នុងប្រទេស​ដែល​ពួកគេ​ចង់ទៅ​។​
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​១៣ ខែឧសភា ប្រទេស​ឡាវ រាយការណ៍​ករណី​ឆ្លង COVID-19 ថ្មី​ជាប់ៗ​គ្នា​សម្រាប់​ពេល​៣១​ថ្ងៃ​មកហើយ​។ ករណី​ឆ្លង COVID-19 សរុប​ក្នុងប្រទេស​នេះ មាន​ត្រឹម​១៩​ករណី ហើយ​ជាសះស្បើយ​មាន ១៤​នាក់​។ គ្មាន​ករណី​ស្លាប់​ដោយសារ COVID-1៩ កើតឡើង​ក្នុងប្រទេស​នេះឡើយ​។ ប្រទេស​ឡាវ បាន​រាយការណ៍​ករណី​ឆ្លង COVID-19 ២​ករណី​ដំបូង កាលពី​ថ្ងៃទី​២៤ ខែមីនា​៕ 

Tag:
 ឡាវ​
  COVID-19
  ក្រសួងការបរទេស
© រក្សាសិទ្ធិដោយ thmeythmey.com